(តាកែវ​)៖ វគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់គ្រឿងញៀន​ ត្រូវបានបិទបញ្ចប់ហើយ នៅល្ងាចថ្ងៃទី១៨​ ខែមករា​ ឆ្នាំ​២០២៣​ នៅសាលាខេត្តតាកែវ​ ក្រោមអធិបតី​ភាពនាយឧត្ដមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោក យង់​ សុវឌ្ឍនា​ អភិបាលរង​ និងជាប្រធានលេខាធិការគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ​។

ក្នុងរបាយការណ៍​របស់លោក យង់​ សុវឌ្ឍនា​ បានបង្ហាញពីការយកចិត្តទុកដាក់រៀនសូត្រ​ ស្តាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍របស់វាគ្មិនជំនាញ និងបានស្នើសុំឱ្យគ្រប់ក្រុងស្រុកទាំងអស់ទូទាំងខេត្តតាកែវ​ សូមរៀបចំធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ស្រង់ទិន្នន័យអ្នកញៀនគ្រឿងញៀ ​នៅក្នុងមូលដ្ឋានឃុំសង្កាត់ឱ្យបានហ្មត់ចត់ងាយស្រួលគ្រប់គ្រង និងសម្របសម្រួលពួកគាត់ឱ្យទៅទទួលបានសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះ​នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ បានថ្លែងសាទរនូវលទ្ធផលដែលអ្នកពាក់ព័ន្ធទាំងអស់ នៃវគ្គបណ្តុះបណ្តាលរួមគ្នាសម្រេចបាន ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់មន្រ្តីអនុវត្តច្បាប់សំដៅបង្ការ​ បង្រ្កាបបទល្មើស គ្រឿងញៀន​ និងជួយឱ្យអ្នកញៀនគ្រឿងញៀនទទួលបានសេវាព្យាបាល​ «ការគ្រប់គ្រងទិន្នន័យអ្នកញៀនគ្រឿងញៀនបានច្បាស់លាស់​ អាចឱ្យវាយតម្លៃបានពីសកម្មភាពជូញដូរគ្រឿងញៀន​»។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ អគ្គលេខាធិការ​ បានប្រាប់ពីស្ថានភាព នៃការបង្វែរសារធាតុគីមីផ្សំដែលបច្ចប្បន្នត្រូវបានឈ្មួញលូចបង្វែរពីការផលិតកែឆ្នៃពីគ្រឿងញៀនពាក់កណ្តាលសំយោគ ទៅជាគ្រឿងញៀន សំយោគសុទ្ធសាធ​ ហើយបង្កការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់កាន់តែធ្ងន់ធ្ងរជាងមុន​។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ មាស វីរិទ្ធ​ បានសំណូមពរដល់អ្នកសិក្ខាកាមទាំងអស់ ត្រូវយកចំណះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅប្រើប្រាស់ចាត់តាំង​ បញ្ជាអនុវត្តដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅមានរយ:កាលពីរថ្ងៃ១៧-១៨ ខែមករា ឆ្នាំ២០២៣ ជ័យលាភីជាមន្រ្តីអនុវត្តច្បាប់គ្រឿងញៀនមកពីអង្គភាពនិងក្រុង ស្រុក ទាំង១០ នៃខេត្តតាកែវ ចំនួន៨៣នាក់៕