(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានថ្លែងថា អគារតេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត បច្ចុប្បន្ននេះកំពុងពន្លឿនក្នុងការបំពាក់ឧបករណ៍បរិក្ខារពេទ្យ ខណៈផ្នែកនៃសំណង់មួយចំនួន នឹងត្រូវធ្វើឡើងនៅក្រោយការបំពាក់បរិក្ខារ ដើម្បីសម្រេចការសាងសង់ទាំងស្រុង នៅពេលឆាប់ៗខាងមុខនេះ។
ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា ក្នុងឱកាសសិក្ខាកាមជាន់ខ្ពស់លើកទី៤ នៃសាលាភូមិន្ទរដ្ឋបាល វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ បានអញ្ជើញទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ទាំងទ្រីស្តី និងការអនុវត្តជាក់ស្តែង ស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៅឯមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។
លោកសាស្ត្រាចារ្យបានគូសបញ្ជាក់ថា ក្នុងនាមជាថ្នាក់ដឹកនាំគ្រឹះស្ថានសុខាភិបាលសាធារណៈ បានចែករំលែកនូវបទពិសោធន៍ការងារ នៃភាពជាអ្នកដឹកនាំរបស់លោក ទៅកាន់សិក្ខាកាម។ ក្នុងនោះលោកបានចែករំលែកនូវទស្សនផ្ទាល់ខ្លួនថា «អ្នកដឹកនាំ គឺជាកត្តាកំណត់សម្រាប់ដំណើរការទាំងមូល នៃនិរន្តរភាព, ធ្វើជាអ្នកដឹកនាំ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ កុំមានការត្អូញត្អែ និងមានភាពក្លាហាន ក្នុងភាពត្រឹមត្រូវ»។
ជាមួយគ្នានោះ លោកស្រី ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខសាធារណៈ ដែលបានដឹកនាំសិក្ខាកាម ចុះទស្សនកិច្ចសិក្សា បានសម្ដែងនូវថ្លែងអំណរគុណចំពោះការចែករំលែកបទពិសោធន៍ ពិសេសគន្លឹះនៃភាពជាអ្នកដឹកនាំ របស់លោកសាស្ដ្រាចារ្យ។
លោកស្រីក៏បានឯកភាពចំពោះភាពក្លាហាននៃការដឹកនាំរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា ដែលធ្វើឲ្យក្រុមការងារមន្ទីរពេទ្យទាំងមូល មានការរីកចម្រើន ដោយមានការទទួលស្គាល់ និងគាំទ្រ ពីសំណាក់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។
គួររម្លឹកថា អគារតេជោអភិវឌ្ឍន៍ ដែលជាមជ្ឈមណ្ឌលពហុឯកទេស ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីដើមខែមីនា ឆ្នាំ២០១៨។ អគារទំនើបថ្មីមួយបន្ថែមទៀតនេះ មាន៤៦៥គ្រែ ដោយនឹងបំពាក់នូវបច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រ សំខាន់ៗទាំងអស់ រួមទាំង ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្ម ពហុឯកទេសទំនើប៕