(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានប្រគល់រថយន្តទេសចរណ៍ប្រភេទ ១៥កៅអី ចំនួន ១០គ្រឿង ពីគម្រោងពង្រឹងប្រព័ន្ធអប់រំ មុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល ជូនគ្រឹះស្ថានបណ្តុះបណ្តាលចំនួន៥ ដែលប្រព្រឹត្ដទៅនៅទីស្នាក់ការក្រសួងសុខាភិបាល។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ការប្រគល់រថយន្តប្រភេទទេសចរណ៍ ១៥កៅអី ចំនួន ១០គ្រឿង ដែលជាជំនួយថវិការបស់គម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល (Strengthening Pre-Service Education System for Health Professionals Project «SPESHP») ដើម្បីប្រើប្រាស់គាំទ្រសកម្មភាពនៅតាមគ្រឹះស្ថានបណ្តុះបណ្តាល។

គម្រោងបានអនុវត្តនីតិវិធីលទ្ធកម្មទិញរថយន្តប្រភេទទេសចរណ៍ ១៥កៅអី ចំនួន ១០គ្រឿងនេះ តាមរយៈអង្គការ UNDP ដែលបានប្រគល់ជូនគម្រោងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ ផ្តល់ជូនគ្រឹះស្ថានបណ្តុះបណ្តាល រួមមាន សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងសាលាមធ្យមសិក្សា សុខាភិបាលភូមិភាគទាំង៤ សម្រាប់បម្រើសកម្មភាពក្នុងវិស័យបណ្តុះបណ្តាល នឹងផ្តល់ភាពងាយស្រួលការ ដឹកជញ្ជូនសិស្ស-និស្សិតចុះធ្វើកម្មសិក្សាតាមគោលដៅ ជាពិសេសការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពនូវ លទ្ធផលរបស់គម្រោងពង្រឹងប្រព័ន្ធអប់រំ មុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល។

លោករដ្ឋមន្ដ្រីក៏បានរំលឹកដល់នាយកគ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ ត្រូវប្រើប្រាស់និងថែទាំរថយន្តទាំងអស់នេះ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ចំគោលដៅការងាររបស់គម្រោង និងធានាការប្រើប្រាស់ឱ្យបានយូរអង្វែង។

ក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា «វិស័យសុខាភិបាល បានអភិវឌ្ឍរីកចម្រើន ពិសេសលើធនធានមនុស្ស ក្រោមការយកចិត្ដទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលជាកត្ដាជំរុញឱ្យយើងអាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ដូច្នេះសូមលើកទឹកចិត្ដដល់វិជ្ជាជីវៈគ្រូពេទ្យរបស់យើង ត្រូវបន្ដពង្រឹងទាំងចំណេះដឹង គុណធម៌ និងការប្រតិបត្ដិផ្ទាល់ជាប់ជានិច្ចជាមួយអ្នកជំងឺ ដោយចាត់ទុកអ្នកជំងឺជាសមាជិកគ្រួសាររបស់យើងដូច្នេះដែរ»

ក្នុងឱកាសប្រគល់ និងទទួលនូវរថយន្ដខាងលើ លោករដ្ឋមន្ដ្រីសុខាភិបាល ក៏បានសម្ដែងនូវថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារពិភពលោក ដែលតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោង SPESHP នេះ ក៏ដូចជាគម្រោងផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពវិស័យសុខាភិបាល៕