(សៀមរាប)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២៣ របស់មន្ទីរបរិស្ថាន ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន និងអភិបាលរងខេត្តសៀមរាប បានក្រើនរំឮកដល់មន្ត្រី ត្រូវចូលរួមការពារជីវៈចម្រុះ ធនធានធម្មជាតិ និងបរិស្ថាន ដែលជាក្តីបារម្ភរបស់មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋាន។

កិច្ចប្រជុំនេះដឹកនាំដោយលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងលោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងលោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រតិភូក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា អាជ្ញាធរក្រុង ស្រុក និងតំណាងអង្គការ ក្រុមហ៊ុនដៃគូផងដែរ។

លោក ឃឹម ហ្វីណង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំប្រឹងប្រែងក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ត្រីមន្ទីរបរិស្ថានខេត្ត ហើយសកម្មភាពការងារ និងសមិទ្ធផលចម្បងៗទាំងនេះ បាននឹងកំពុងឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងគ្រប់ការិយាល័យជំនាញចំណុះមន្ទីរបរិស្ថាន ក្នុងការអនុវត្តការងារស្នូលរបស់ខ្លួន ក្នុងវិស័យកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ការអប់រំចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន ការលើកទឹកចិត្តសាធារណៈជនពីគ្រប់វិស័យក្នុងការចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ការគាំទ្រ និងផ្តល់បច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរ និងប្រតិភូកម្មជូនរដ្ឋបាលថា្នក់ក្រោមជាតិ ការអនុវត្តលើការផ្តល់សេវាសាធារណៈ ដើម្បីបង្កើនប្រាក់ចំណូលចូលជាតិ ការលើកកម្ពស់កិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ និងកិច្ចសហការជាមួយអង្គការដៃគូក្រៅរដ្ឋាភិបាល។

លោក ឃឹម ហ្វីណង់ ក៏បានជំរុញដល់មន្រ្តីរាជការចូលរួមការពារជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងកិច្ចគាំពារបរិស្ថាន (ការគ្រប់គ្រងសំណល់រឹង-រាវ សម្រាម ការបំពុលខ្យល់ ការគ្រប់គ្រងប្រព័ន្ធលូ និងទឹកសំអុយ) ដែលជាបញ្ហា និងជាក្តីបារម្ភរបស់មន្ទីរបរិស្ថាន និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ខណៈដែលរាជរដ្ឋភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបើកឱ្យដំណើរការឡើងវិញនូវគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយក្នុងចំណោមវិស័យចម្បងៗក្នុងខេត្តសៀមរាបផងដែរ។

លោក សៅ សុភាព បានសម្តែងការកោតសរសើរដល់មន្ទីរបរិស្ថានខេត្ត ដែលបាននឹងកំពុងជំនះរាល់ការលំបាក និងដោះស្រាយប្រកបដោយប្រសិទ្ធភាព ស្តែងចេញពីភាពជាអ្នកដឹកនាំ ការខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ផ្អែកលើបទពិសោធន៍ និងមេរៀនកន្លងមក រួមជាមួយនឹងការពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំខេត្ត និងក្រសួងបរិស្ថាន និងមានកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ។

លោក សៅ សុភាព បានបន្តថា មន្ទីរបរិស្ថានខេត្តជាអង្គភាពជំនាញក្រោមឱវាទបានគាំទ្រយ៉ាងសកម្មជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្ត ក្នុងការសម្របសម្រួលដំណើរការរៀបចំតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង សម្រាប់ចែកជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តក្នុងការរុះរើលំនៅដ្ឋានពីតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀត ក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល។ ក្នុងកាដំណើរការរៀបចំតំបន់ភូមិអភិវឌ្ឍន៍ធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង ក្រសួងបានផ្តល់ដើមឈើហូបផ្លែ និងជួយសម្របសម្រួលក្នុងការដាំដើមឈើហូបផ្លែក្នុងដីឡូតិ៍គំរូតំបន់១ និងការគ្រប់គ្រងសម្រាម សំណល់រឹង ដើម្បីឈានទៅសម្រេចបានជាតំបន់ភូមិអភិវឌ្ឍន៍ធម្មជាតិដែលមានលក្ខណៈបរិស្ថាន វប្បធម៌ និងសក្តានុពលសេដ្ឋកិច្ចមូលដ្ឋាន។

ជាមួយនេះលោកក៏បានបញ្ជាក់ថា ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ច លើវិស័យទេសចរណ៍ បន្ទាប់ពីរាជធានីភ្នំពេញ និងបានជំរុញដល់មន្ទីរបរិស្ថាន បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការពិភាក្សាក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងផលិតជីសរីរាង្គ ក្រោមជំនួយពីសាធារណៈរដ្ឋបារាំង និងអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដោយការពង្រឹងការអនុវត្តច្បាប់ក្នុងតំបន់ការពារធម្មជាតិ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រែក្លាយតំបន់ដែលមានសក្តានុពលជាតំបន់អេកូទេសចរណ៍ និងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាកម្មរបស់ប្រជាសហគម ក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងអនុវត្តគម្រោង «ជំរុញការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវភាពរស់នៅប្រកបដោយចីរភាពក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង» ក្នុងការគ្រប់គ្រង និងស្តារប្រព័ន្ធអេកូឡូស៊ីនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» និងផ្តល់កិច្ចការជាមួយវិស័យឯកជន ក្នុងការវិនិយោគគម្រោងទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្រោម ១០ហិកតា ដែលទទួលបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងបរិស្ថាន៕