(កោះកុង)៖ ក្រុមគ្រួសារសាច់ញាតិយុទ្ធជន យុទ្ធនារីពលីដោយសារសង្គ្រាមនៅខេត្តកោះកុង បានបង្ហាញការរីករាយ សប្បាយចិត្ត ចំពោះការសាង់សង់ទីលានផ្នូរយុទ្ធជនទុដាក់សពឱ្យបានសមរម្យនឹងគុណបំណាច់ដែលពួកគេលះបង់ចំពោះជាតិ។

រៀបរាប់ប្រាប់បណ្តាញព័ត៌មាន Fresh News ក្នុងឱកាសចូលរួមសម្ពោធទីលានផ្នូរយុទ្ធជន ខេត្តកោះកុង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក ពៅ ឆៃ ជាអតីតយុទ្ធជន ដែលមានអាយុជាង៥០ឆ្នាំ បច្ចប្បន្នរស់នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានឱ្យដឹងថា កាលពីអំឡុងសង្គ្រាមស៉ីវិល គាត់ និងប្អូនប្រុស១នាក់ ឈ្មោះ ពៅ ភៀន បានស្ម័គ្រចិត្តចូលបម្រើកងទ័ព ដើម្បីវាយទប់ស្កាត់របបខ្មែរក្រហមកុំឱ្យត្រឡប់មកវិញ នៅតាមតំប់ជាយដែនកម្ពុជា-ថៃ ក្នុងខេត្តកោះកុង។ ជាអកុសល ប្អូនប្រុសរបស់លោកបានពលីជីវិត លើសមរភូមិនៅអំឡុងឆ្នាំ១៩៨៦។

លោក ឆៃ បានគូសបញ្ជាក់ថា៖ «ការចូលរួមជាមួយរដ្ឋាភិបាល គឺដើម្បីប្រឆាំងនឹងការវិលត្រឡប់មកវិញរបស់ពួកខ្មែរក្រហម និងដើម្បីឱ្យប្រទេសកម្ពុជា បានសុខសាន្ត ព្រោះជំនាន់ ៣ឆ្នាំ វេទនាណាស់»។

លោក ពៅ ឆៃ បានរំឮកថា ក្នុងអំឡុងនោះគាត់ និងប្អូនប្រុសដែលបានពលីជីវិត រួមនឹងយុទ្ធជនផ្សេងៗទៀត គឺចូលរួមច្បាំងតទល់ជាមួយទាហានខ្មែរក្រហម នៅតំបន់នានាក្នុងមូលដ្ឋានខេត្តកោះកុង។

លោក ពៅ ឆៃ បានបង្ហាញអារម្មណ៍ថា៖ «ការបាត់បង់ជីវិតប្អូនប្រុស ពិតជាសោកស្តាយណាស់ ប៉ុន្តែនឹកក្នុងចិត្តថា ធ្វើយ៉ាងម៉េចដើម្បីការពារជាតិមាតុភូមិ ទឹកដី ត្រូវតែអ៊ឹចឹង ហើយខ្ញុំសូមអរគុណណាស់ដែលលើកសពធ្វើជាផ្នូរនេះ ខ្ញុំអរគុណណាស់បានសម្តេច គិតគូរដល់សពយុទ្ធជនដែលបានសាងសង់ទីលានបញ្ចុះសពស្អាត គឺល្អណាស់សម្រាប់សព ខ្ញុំពេញចិត្ត ខ្ញុំសប្បាយចិត្តពេលមើលឃើញនឹងភ្នែកអ៊ឹចឹង»

លោក ពៅ ឆៃ បានលើកឡើងថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសម្បូរសប្បាយ មានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ខុសឆ្ងាយពីអតីកាល។

រស់នៅជាមួយនឹងដំបូលសន្តិភាព ដែលរកមកយ៉ាងលំបាក, អតីតយុទ្ធឆ្លងកាត់សង្គ្រាមស៉ីសាច់ហូតឈាម រវាងខ្មែរ និងខ្មែររូបនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរជំនាន់ សូមធ្វើយ៉ាងចូលរួមការពារ រក្សាសន្តិភាព ស្ថិរភាពនយោបាយ ដែលមានសព្វថ្ងៃនេះឱ្យនៅគង់វង្ស កុំឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាមជាថ្មី។

ដោយឡែកបុរសម្នាក់ទៀត ដែលឪពុកពលីជីវិតដើម្បីជាតិទាំងគ្រាដែលគាត់ទើបនឹងមើលឃើញពន្លឺថ្ងៃប្រមាណ១០ថ្ងៃប៉ុណ្ណោះ បានរៀបរាប់ថា ការពលីជីវិតរបស់ឪពុករបស់គាត់ ពិតជាមានកិត្តិយសណាស់ ដែលបានរួមចំណែកធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព រហូតពេលបច្ចុប្បន្ននេះ។

លោកបានបញ្ជាក់ថា៖ «ពីមុនខ្ញុំស្រាវជ្រាវរកសពឪពុក ប៉ុន្តែ អត់ដឹងដល់ពេលនេះទើបនឹងដឹងដោយមេបញ្ជាការនៅទីនេះគាត់ទាក់ទងដោលកាលនោះពូនដីសម្គាល់ជាផ្នូរតូចៗ ប៉ុន្តែ ដល់អីឡូវខ្ញុំមកដល់ឃើញរដ្ឋាភិបាលរៀបចំផ្នូរមានភាពស្រស់ស្អាត ខ្ញុំសប្បាយរីករាយមែនទែន»

ជាមួយនឹងការរៀបចំទីលានផ្នូរដ៏ស្រស់ស្អាត ដែលស័ក្តិសមនឹងការលះបង់របស់យុទ្ធជនពលីជីវិតនេះ ក្រុមគ្រួងសារសាច់ញាតិយុទ្ធជន យុទ្ធនារី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ជាសេនាធិការ រួមនឹងអ្នកពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្តកោះកុង ដែលបានសាងសង់ ជួសជុលទីលានផ្នូរយុទ្ធនេះឱ្យមានសោភ័ណភាពស្រស់ស្អាត។ នេះគឺជាការផ្តល់កិត្តិយស និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុទ្ធពលីនាសម័យសង្គ្រាម។ ក្នុងបុព្វហេតុជាតិ មាតុភូមិ ការពារបូរណភាពទឹកដី ការពារសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាជន។

សូមជម្រាបថា ផ្នូរយុទ្ធជនខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៧ ខែមករា ម្សិលមិញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់។ ផ្នូរយុទ្ធជននេះ មានទំហំដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ផ្នូរយុទ្ធជននេះ បានបញ្ចប់ដំណើរការសាងសង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ដែលជាថ្ងៃខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧ មករា។

ក្នុងបរិវេណផ្នូរមានសពកម្មាភិបាល យុទ្ធជន យុទ្ធនារី មកពី១៨ រាជធានី-ខេត្ត ដែលបានពលីនៅក្នុងចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៨ ចំនួន ៤៤៨សព ដែលសព១ គឺជាមន្ត្រីសាលាខេត្តកោះកុង បម្រើការផ្នែកអគ្គិសនី ហើយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ បានរកឃើញនូវសពយុទ្ធជនចំនួន៥នាក់បន្ថែមទៀត ដោយមិនស្គាល់អត្ថសញ្ញាណ ដែលធ្វើឱ្យចំនួនសពបញ្ចុះនៅទីលាននេះមានចំនួន៤៥៣សព៕