(ភ្នំពេញ)៖ ថ្លែងទៅកាន់សមាជិក សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល នៅព្រឹកថ្ងៃតី១៨ ខែមករា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា «ភាពចំណេញពីការចូលរួមការងារស្ម័គ្រចិត្ត គឺជាឱកាសនៃការតេស្ដសមត្ថភាពខ្លួនឯង ការបណ្តុះភាពជាអ្នកដឹកនាំ និងការបង្ហាញភាពជាគំរូ»

ការលើកឡើងខាងលើនេះ ស្របពេលដែលលោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីភាពសំខាន់ នៃការចូលរួមការងារស្ម័គ្រចិត្ត ដែលមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់សង្គម តែដើម្បីអភិវឌ្ឍន៍ស្មារតី ចំណេះ ជំនាញរបស់បុគ្គលរៀងខ្លួនម្នាក់ៗ។

ប្រធានស.ស.យ.ក រូបនេះ បានពន្យល់បន្ថែមថា អំឡុងពេលបំពេញការងារស្ម័គ្រចិត្ត បុគ្គលម្នាក់ៗអាចសិក្សាអំពីកម្រិត នៃការអត់ធ្មត់ តស៊ូរបស់ខ្លួន ដោយសារការងារស្ម័គ្រចិត្តទាមទារការតាំងចិត្ត ការលះបង់ខ្ពស់ទាំងស្មារតី និងកម្លាំង ដើម្បីសម្រេចគោលដៅណាមួយ។

លោកថា ទន្ទឹមនេះ អ្នកស្ម័គ្រចិត្តទាំងអស់ អាចដកស្រង់ពិសោធន៍ និងអនុវត្តជាក់ស្តែងលើការងារទំនាក់ទំនង សម្របសម្រួល និងការសម្រេចចិត្តដែលសុទ្ធតែជាធាតុសំខាន់ ក្នុងការបណ្តុះ និងសម្រួចភាពជាអ្នកដឹកនាំសម្រាប់ខ្លួនឯងផ្ទាល់។ លើសពីនោះទៀតសោត ការចូលរួមរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ក៏នឹងក្លាយជាភាពជាគំរូដល់យុវជនដទៃទៀត ឲ្យបន្តស្មារតី និងសកម្មភាពវិជ្ជមានដែលជះឥទ្ធិពលទៅលើសង្គម និងប្រទេសជាតិ៕