(កោះកុង)៖ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី អគ្គនាយករង តំណាងនាយឧត្តមសេនីយ៍ ចៅ ភារុណ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល មូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញក្នុងមិទ្ទេញលើកទី៤៤ នៃទិវាជ័យជំនះ ៧មករា ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុបប្រមាណជាង៥០០នាក់។
លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ បានលើកឡើងថា សន្តិភាព ស្ថេរភាព ប្រជាពលរដ្ឋមានសិទ្ធិពេញលេញថ្ងៃនេះ គឺដោយសារថ្ងៃ៧ មករា ១៩៧៩ ដែលកំណើតទី២ នៃប្រជាពលរដ្ឋទូទាំងប្រទេស ហើយប្រជាពលរដ្ឋទូទាំងប្រទេសចង់ចាំមិនអាចភ្លេចបានឡើយ។ ការប្រារព្ធកម្មវិធីនៅថ្ងៃនេះ គឺដើម្បីសម្តែងនូវមនោសញ្ជេតនា និងដឹងគុណ និងអបអរសាទរខួបលើកទី៤៤ នៃទិវាជ័យជំនះ៧មករា ដែលជាថ្ងៃទី២ របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
លោកអភិបាលស្រុក បានបន្តថា ខួបលើកទី៤៤ នៃទិវាជ័យជំនះ ៧មករានៅឆ្នាំនេះ បានប្រារព្ធឡើងក្នុងស្ថានភាពដែលកម្ពុជា កំពុងស្ថិតក្នុងការអភិវឌ្ឍយ៉ាងល្អប្រសើរ លើកគ្រប់វិស័យហើយកំពុងបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យឲ្យកាន់តែរីកចម្រើនដើម្បីធានា ដល់ការលើកកម្ពស់ក្នុងគោលដៅរស់នៅរបស់ប្រជាពលរដ្ឋ និងលិទ្ធិប្រជាធិតេយ្យនៅកម្ពុជា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាល ដែលធ្វើឲ្យពុកម៉ែ បងប្អូនចង់ចាំមិនភ្លេចខួបអនុស្សាវរីយ៍លើកកី៤៤ នៃជ័យជំនះ ៧មករា (១៩៧៩-២០២៣) ដើម្បីបង្ហាញឲ្យឃើញនៅស្មារតីចង់ចាំជានិច្ច។ ចំពោះគុណណូបការៈដ៍ឧត្តុងឧត្តមរបស់វីរៈកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
លោកបន្ដថា ស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិត នៅជាអមតៈក្រោម្លប់សុខសន្តិភាពជានិច្ចនិរន្តរ៍។ លោកថា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី៤៤ ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលដឹកនាំដោយប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ។
លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី បានមានមតិផ្តាំផ្ញើដល់បងប្អូនជនរួមជាតិថា ដើម្បីសន្តិភាព ស្ថេរភាពសុខសន្តិភាព សូមកុំជឿលើការញុះញ៉ុងរបស់គណបក្សផ្សេងឲ្យសោះជាពិសេសជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី និងបក្ខពួកបានតែងស្រែកក្តែងៗ ពីក្រៅប្រទេសដែលខ្លួនមិនអើតក្បាលចូលស្រុកនោះសោះ។ ប្រទេសជាតិមានសន្តិភាព មានស្ថេរភាពមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងបច្ចុប្បន្នភាព គឺមានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអ្នកដឹកនាំដ៏ឈ្លៀសវៃមានល្បីល្បាយនៅលើកពិភពលោក ដូច្នេះត្រូវអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យគ្រប់ៗគ្នា ដើម្បីអនាគតប្រជាជន និងប្រទេសជាតិយើង៕