(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី បានថ្លែងបញ្ជាក់ពីការប្តេជ្ញាចិត្តសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហន តម្លៃ៣០០លានដុល្លារ ឲ្យសម្រេចតាមផែនការមេ ដែលបានចុះហត្ថលេខានៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ។

អ្នកឧកញ៉ាបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនេះ ទទួលបានការជំរុញ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលស្របទៅនឹងគោលនយោបាយសន្តិភាព និងការអភិវឌ្ឍរបស់សម្តេច។

ព្រលានយន្តហោះអេកូទេសចរណ៍អន្តរជាតិកោះរ៉ុងនេះ គ្រោងនឹងសាងសង់នៅពេលឆាប់ៗខាងមុខ ដោយត្រូវចំណាយពេលវេលា៥ឆ្នាំ។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា ការសាងសង់នៅលើកោះមានការលំបាក និងចំណាយខ្ពស់ជាងការសាងសង់នៅលើគោកធម្មតា ពី២ទៅ៣ដង ដោយសារបញ្ហាដឹកជញ្ជូន។

អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសន្យាថាខ្ញុំនឹងធ្វើព្រលានយន្ដហោះនេះ ឲ្យបានតាមផែនការមេ តាមផែនការអ្វី ដែលយើងបានចុះកិច្ចសន្យាអនុស្សារណៈនៅថ្ងៃនេះ ដើម្បីគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន គឺថា សន្ដិភាព និងការអភិវឌ្ឍ»

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សម្តេចបានដាក់ចេញនូវគោលនយោបាយ បើកជើងមេឃ បើកទូលាយ ទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើតការងារ ឲ្យប្រជាពលរដ្ឋ និងលើកមុខមាត់ប្រទេសជាតិ ឲ្យស្មើមុខដូចប្រទេសនានា នៅក្នុងតំបន់អាស៊ាន និងសកលលោក។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងថា អាកាសយានដ្ឋានដែលបំរុងនឹងធ្វើការសាងសង់លើកោះរ៉ុងនេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ ដែលបានធ្វើការវិនិយោគ ដោយមានការចូលរួមពីវិស័យឯកជន បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា គម្រោងអភិវឌ្ឍនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួម សម្រាប់ក្រុងកោះរ៉ុងទាំងមូល ដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នា នឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន (UDG) នៅតំបន់តារាសាគរដែរ (ការវិនិយោគឯកជន ១០០% សម្រាប់ការអភិវឌ្ឍគម្រោងពហុបំណង)។ ម្យ៉ាងវិញទៀត គម្រោងនេះក៏មានសង្គតិភាពជាមួយនឹងចក្ខុវិស័យ ផែនការគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្នើឲ្យក្រុមហ៊ុន Royal Group សហការឲ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីទទួលបាននូវការអនុញ្ញាត ឬអាជ្ញាប័ណ្ណ/វិញ្ញាបនបត្រ ដែលពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍខាងលើនេះ។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ក្រោយចុះកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នឹងចាប់ផ្ដើមភ្លាមៗតែម្ដង ដោយមិនបង្អស់យូរនោះទេ ដោយរៀបចំធ្វើតាមដំណាក់កាលនីមួយៗ។

លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ការសាងសងព្រលានយន្ដហោះនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់វិស័យទេសចរណ៍ ហើយតាមសិក្សាស្រាវជ្រាវតំបន់ទេសចរណ៍ណា ដែលមានអាកាសយានដ្ឋាន គឺមានការអភិវឌ្ឍន៍ខ្លាំង ជាងតំបន់ទេសចរណ៍ណា ដែលមិនមានអាកាសយានដ្ឋាន។

សូមរំលឹកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានចុះហត្ថលេខាជួលកោះរ៉ុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍជាតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម រមណីយដ្ឋានទេសចរធម្មជាតិ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានផងដែរ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូអិលធីឌី បានធ្វើការ​វិនិយោគ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ រួមមាន៖

* ផ្លូវក្រួសក្រហម៖ ក្រុមហ៊ុនបានដឹកជញ្ជូនគ្រឿងចក្រមកសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ នៅកោះរ៉ុង តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩។

* សណ្ឋាគារលំដាប់ផ្កាយ៣៖ ក្រុមហ៊ុនបានសាងសង់សណ្ឋាគារ រ៉ូយ៉ាល់ សុខសាន លំដាប់ផ្កាយ៣ នៅឆ្នាំ២០១៣ មានចំនួន១៥៣បន្ទប់ ក្នុងទុនវិនិយោគចំនួន១៥លានដុល្លារអាមេរិក។

* សណ្ឋាគារលំដាប់ផ្កាយ៥៖ ក្រុមហ៊ុនបានសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ រ៉ូយ៉ាល់ស៊ន កោះរ៉ុង ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ដែលមានវីឡាភ្ជាប់ដោយអាងហែលទឹក ចំនួន៦៣ វីឡា ក្រោមទុនវិនិយោគចំនួន៤០លានដុល្លារអាមេរិក។ សណ្ឋាគារនេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

* ផ្លូវបេតុងអាមេ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខម ភេនី បានចុះកិច្ចព្រមព្រៀងសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ និងកម្រាស់
២៥០មីល្លីម៉ែត្រ នៅលើកោះរ៉ុង ចំណាយទុនវិនិយោគចំនួន ៣៥លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ផ្លូវបេតុងប្រមាណ ៥០គីឡូម៉ែត្រ ត្រូវបានសាងសង់រួច៊

* ខ្សែកាប្លីអគ្គិសនីក្រោមបាតសមុទ្រ៖ ចាប់ពីខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌី វេឡុបមេន ខមភេនី បានវិនិយោគជាមួយអគ្គិសនីកម្ពុជា ដើម្បីតខ្សែកាប្លីក្រោមបាតសមុទ្រ មកកាន់កោះរ៉ុង។ ខ្សែបញ្ចូនប្រមាណ ៦០គីឡូម៉ែត្រ ត្រូវបានសាងសង់នៅលើកោះរ៉ុង គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣ ដើម្បីអាចមានអគ្គិសនីចែកចាយ នៅក្រោយបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ៕