(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងថ្នាក់ដឹកនាំខណ្ឌមួយចំនួនទៀត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល ហើយឆ្លៀតឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកា សម្រាប់លើកទឹកចិត្តដល់កម្លាំងប្រជាការពារ និងបរិស្ថានចំនួន៧០នាក់ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅ លោកស្រី អាន ផល្លា សមាជិកាសាខាសមាគមនារីរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធ តំណាងឲ្យលោក ជា ពិសី ក៏បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ មានជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរាជួបការខ្វះខាត ក្នុងការជួយសម្រាលបន្ទុកជីវភាពរស់នៅផងដែរ។

សកម្មភាពសមធម៌របស់លោក ជា ពិសី និងលោកស្រី អាន ផល្លា បានធ្វើឡើងដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ កម្មវិធីទាំង២នេះ បានធ្វើឡើងនៅសង្កាត់ផ្សារដេប៉ូទី១ និងសង្កាត់ផ្សារដេប៉ូទី២ និងស្ថិតនៅសាលាខណ្ឌទួលគោក។

ទាំងលោក ជា ពិសី បានណែនាំបន្ថែម ទាំងការពង្រឹងក្រមសីលធម៌ វិន័យ ពិសេស សេចក្តីថ្លៃថ្នូររបស់កងកម្លាំង ក្នុងពេលបំពេញការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន និងការងារដទៃទៀត សម្រាប់បម្រើឲ្យបានល្អដល់ជូនប្រជាពលរដ្ឋ។

ដោយឡែកលោកស្រី អាន ផល្លា ពេលផ្តល់អំណោយជូនពួកគាត់កាលពីថ្ងៃទី១៦ ខែមករា នោះក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ចាស់ជរាជួបការខ្វះខាតឲ្យថែទាំសុខភាពឲ្យបានល្អប្រសើរ តាមរយៈការរក្សាអនាម័យជាប់ជានិច្ច និងការខិតខំប្រកបរបរទទួលទានចិញ្ចឹមជីវិត ស្ថិតក្នុងតំណាក់កាលដែលប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើមឥតឈប់ឈរគ្រប់វិស័យ និងទទួលបានសុខសន្តិភាព ពេញលេញ បរិបូរណ៍ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា៕