(បាត់ដំបង)៖ អគាររង់ចាំមុន និងក្រោយសម្រាល នៃមណ្ឌលសុខភាព ស ខេង កំពីងពួយ ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលចំណាយថវិកា ២៩,៣៣៣ដុល្លារ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សុខភាពសាធារណ។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត មន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ មន្រ្តី រដ្ឋបាលស្រុកបាណន់ កងកម្លាំង និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។
អគាររង់ចាំមុន និងក្រោយសម្រាលនេះ មានទំហំ ៩៦ម៉ែត្រការ៉េ (១៦ម៉ែត្រ គុណ ៦ម៉ែត្រ) ចំណាយថវិកាសរុប ២៩,៣៣៣ដុល្លារ និងអគារលើកកម្ពស់សុខភាព មានទំហំ៧២ម៉ែត្រការ៉េ (១២ម៉ែត្រ គុណ ៦ម៉ែត្រ) កម្ពស់៥.៩០ម៉ែត្រ កម្ពស់១ជាន់ ប្រក់ក្បឿង ចំណាយថវិកាសរុប ២៥,១០៥ដុល្លារ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ។
លោក សុខ លូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ ដែលជាម្ចាស់ជំនួយតែងតែដែលបានជួយដល់ខេត្តបាត់ដំបងលើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល ដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅទីក្រុងនិងនៅតាមជនបទ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលយើងបានទទួលមណ្ឌលសុខភាពថ្មីសម្រាប់បម្រើសេវា ផ្នែកសុខមាលភាព ជូនប្រជាពលរដ្ឋ ឱ្យនៅជិតបំផុតងាយ កាត់បន្ថយការលំបាក និងងាយស្រួលដល់ពួកគាត់រត់ទៅរកសេវានៅមណ្ឌលសុខភាពដែលនៅឆ្ងាយជាងនេះបានជិត និងស្រួលជាងមុន។
លោក សុខ លូ ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ឱ្យទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តនូវដូសជំរុញ ឱ្យបានគ្រប់ៗគ្នាដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ព្រោះមេរោគនេះមិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ៕