(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់បល្ល័ងព្រះ សម្រាប់តម្កល់ព្រះពុទ្ធបដិមានៅវត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) ស្ថិតនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។

ព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា ព្រះចៅអធិការ វត្តសិលាគិរីរុក្ខារាម (វត្តភ្នំបេង) មានសង្ឃដីការឱ្យដឹងថា បល្ល័ងព្រះ ដែលត្រូវកសាងនាពេលនេះមានកម្ពស់ ៦ម៉ែត្រ ៩តឹក មានព្រះភ្នែន ៣ម៉ែត្រកន្លះ ដោយត្រូវតម្កល់ព្រះពុទ្ធបដិមាករកម្ពស់៤ម៉ែត្រ ១តឹក។

ក្នុងនាមគណៈកម្មការវត្តនិងពុទ្ធបរិស័ទព្រះគ្រូ ថិតវិរិយោ អៃ ចាន់ ដារ៉ា បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ព្រមទាំងលោក លោកស្រី និងមន្រ្តីអ្នកមុខអ្នកការដែលមានសុទ្ធាជ្រះថ្លា ក្នុងការចូលរួម ចំណែកយ៉ាងសកម្មក្នុងការជួយកសាង និងលើកស្ទួយនូវវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីតម្កល់ទុកជាស្រែបុណ្យឱ្យប្រជាពុទ្ធបរិស័ទ ពិសេសសម្រាប់យុវជនជំនាន់ក្រោយ គោរពបូជាទៅតាម ប្រពៃណី ទំនៀមទំលាប់ លើកផ្នែកព្រះពុទ្ធសាសនា ខ្មែរតរៀងទៅ។

នាឱកាសនេះលោក ញ៉ែម សំអឿន បានសម្តែងការចូលរួមសប្បាយរីករាយចំពោះសមិទ្ធផលថ្មី ដែលផ្តួចផ្តើមឡើងកើតចេញពីកម្លាំងសទ្ធាជ្រះថ្លារបស់លោក លោកស្រី សប្បុរសជន រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកកសាងបល្ល័ងព្រះក្នុងទីអារាមវត្តសិលាគិរីរុក្ខារាម នាពេលនេះ។

លោកអភិបាលខេត្ត បានការកោតសរសើរ ប្រគេនដល់ព្រះចៅអធិការវត្ត លោកអាចារ្យគណៈកម្មការវត្ត និងប្រជាពលរដ្ឋព្រមទាំងសប្បុរសជននានាដែលបានចំណាយកម្លាំងកាយចិត្តព្រម ទាំងទ្រព្យធនផ្ទាល់ខ្លួនដើម្បីរួមចំណែកកសាងនូវសមិទ្ធផលនានាក្នុងវត្តសិលាគិរីរុក្ខារាម ឱ្យមានការរីកចម្រើនសម្រាប់ជាទីសក្ការៈគោរពបូជារបស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗគ្នា។

សូមបញ្ញាក់ផងដែរថា ក្នុងឱកាសនេះលោកអភិបាលខេត្តរតនគិរី និងលោកស្រីបានចូលបច្ច័យក្នុងការកសាងបល្ល័ងព្រះនាពេលនេះ ចំនួន៥ពាន់ដុល្លារ, លោក លី ឧសភា ៣ពាន់ដុល្លារ, លោក អ៊ុន ស៊ីដេត ៣ពាន់ដុល្លារ, លោក ទុន ពៅ ៣ពាន់ដុល្លារ, លោក សែម សឿន (ប្រេងយើង) ៣ពាន់ដុល្លារ, លោក គ្រី សុធា ៣ពាន់ ដុល្លារ, លោក ស៊ុយ សារ៉ែន (ភូមិ២ការចាញ) ៥០០ដុល្លារ និងលោក អាចារ្យប៉ាន់ (សំអាងការ) ៥០០ដុល្លារ៕