(ភ្នំពេញ)៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ក្រោមការបញ្ជាពីលោកវរសេនីយ៍ឯក ស៉ឺម ពិសិដ្ឋ អធិការខណ្ឌ នៅវេលាទាបភ្លឺថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានឃាត់ខ្លួនក្មេងទំនើង២នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមផ្លូវសាធារណៈក្នុងមូលដ្ឋានខណ្ឌទួលគោក។

សមត្ថកិច្ចបានបញ្ជាក់ថា ក្មេងទំនើងទាំងពីរនាក់នេះ បានបង្ហោះម៉ូតូលើផ្លូវសាធារណ: នៅចំណុចបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន ឃើញក៏ឃាត់ខ្លួនតែម្ដង។

យុវជនទាំង២នាក់នោះ ទី១៖ឈ្មោះ តុង គីមតង ហៅតង (ជាអ្នកឌុប) និងទី២៖ឈ្មោះ សម យ៉ាឧត្តម ហៅឧត្តម (ជាអ្នកជិះពីក្រោយ)។ វត្ថុតាងដកហូត៖ ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GI-1617 ជារបស់ឈ្មោះ តុង គីមតង។ បច្ចុប្បន្នក្មេងទំនើង និងវត្ថុតាងខាងលើ កម្លាំងបញ្ជូនយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាសួរ និងចាត់ការបន្តតាមនីតិវិធី៕