(ភ្នំពេញ)៖ សារធាតុញៀនរាប់ពាន់គីឡូក្រាម ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចកម្ពុជា ធ្វើការបង្ក្រាបបាន និងបញ្ជូនទៅតុលាការ នាពេលកន្លងមក។
ការដុតបំផ្លាញចោល នូវសារធាតុញៀនរាប់ពាន់គីឡូក្រាមនេះ ត្រូវបានរៀបចំឡើងនៅក្នុងទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលរៀបចំឡើង ក្នុងបរិវេណវិទ្យាល័យបឹងត្របែក ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពីមន្ត្រីពាក់ពាន់ជាច្រើនទៀត។
យោងតាមរបាយការណ៍ របស់គណៈកម្មការដុតបំផ្លាញគ្រឿងញៀន បានឲ្យដឹងថា សារធាតុញៀនដែលត្រូវដុតបំផ្លាញចោល នៅព្រឹកនេះមានចំនួនសរុបជាង ១,៥៦៤គីឡូក្រាម រួមមាន៖
- សារធាតុញៀន ប្រភេទមេតំហ្វេតាមីនមានទម្ងន់ ៦៧.៤១គីឡូក្រាម
- សារធាតុញៀន ប្រភេទហេរ៉ូអ៊ីនមានទម្ងន់៣៤៥.៣២ក្រាម
- សារធាតុញៀនប្រភេទកញ្ឆាស្ងួតមានទម្ងន់ ១៤៩៤.៨៥ គីឡូក្រាម
- សារធាតុញៀនប្រភេទកញ្ឆាទឹក មានទម្ងន់ ១,៥គីឡូក្រាម ៕