(កោះកុង)៖ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកោះកុង នឹងអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធទីលានផ្នូរយុទ្ធជនពលីនាសម័យសង្គ្រាមស៉ីវិលនៅកម្ពុជា និងសមិទ្ធផលនានា នៅខេត្តកោះកុង។

ទីលានផ្នូរយុទ្ធជនពលី បានចាប់ផ្តើមបើកការដ្ឋានសាង់សងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងត្រូវបញ្ចប់ការសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២២។

លានផ្នូរយុទ្ធជនពលីជីវិតក្នុងសម័យសង្គ្រាមទំហំដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការសាងសង់ផ្នូរនេះឡើង គឺដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុងនោះមានសពចំនួន ៤៤៧នាក់ មកពីបណ្តាលរាជធានី-ខេត្តចំនួន១៨ ដែលមានឈ្មោះ ទីកន្លែងកំណើតត្រូវបានយកមកបញ្ចុះនៅទីនេះផងដែរ។ ដោយឡែកថ្មីៗនេះ មានសពយុទ្ធចំនួន៥រូបទៀត ដែលមានឈ្មោះ និងសពមន្ត្រីអគ្គិសនីម្នាក់ ក៏ត្រូវបាននាំមកបញ្ចុះនៅទីលានផ្នូរយុទ្ធពលី សរុបធ្វើឱ្យសពយុទ្ធពលីដែលបញ្ចុះនៅទីនេះមានចំនួន៥៣នាក់។

នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់ បានបញ្ជាក់ថា ការសាងសង់ទីលានផ្នូរយុទ្ធជនពលីនាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ដោយសារតែមានការលះបង់ជីវិតរបស់អតីតយុទ្ធជនពលីនេះហើយ ដែលជាចំណែកមួយធ្វើឱ្យខេត្តកោះកុង និងប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនផ្សេងៗទៀតជាដើម។

នាយឧត្តមសេនីយ៍ យន្ត មីន បានបង្ហាញសុទិដ្ឋិនិយមថា ទីលានផ្នូរយុទ្ធជនពលីជីវិតនេះនឹងក្លាយជាទីកន្លែងគោរពបូជាពិសំណាក់ប្រជាពលរដ្ឋមានជំនឿ និងក្លាយជាកន្លែង សម្រាប់ប្រជាពលរដ្ឋនៅជិតទីលានផ្នូរនេះ ហាត់ប្រាណជាដើម។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ យន្ត មីន ក៏បានអំពាវនាវដល់បងប្អូនដែលបានបាត់សាច់ញ្ញាតិអញ្ជើញទៅរក និងទៅធ្វើបុណ្យឧទ្ទិសកុសលជូនពួកគាត់ ខណៈសពដែលបានបញ្ចុះនៅក្នុងទីលាននោះ គឺបានបញ្ជាក់ឈ្មោះ និងភូមិឃុំ ដែលពួកគាត់បានរស់នៅផងដែរ។

បើតាមនាយឧត្តមសេនីយ៍ យន្ត មីន បានឱ្យដឹងថា ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ គឺបានសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធទាំងកូនកាត់បែបបុរាណ និងសម័យ បន្ថែមពីនេះក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩មកម្ល៉េះ។

សូមជម្រាបថា សពអតីតកម្មាភិបាល និងអតីតយុទ្ធទាំង ៤៤៧សព រួមមានមកពីខេត្តកោះកុង ចំនួន២៨៧សព, ខេត្តកំពត ៤៤សព, ខេត្តកំពង់ស្ពឺ ៣៤សព, ខេត្តកណ្តាល ២៥សព, ខេត្តតាកែវ ១៧សព, ខេត្តព្រះសីហនុ ៨សព, ក្រុងភ្នំពេញ ៤សព, ខេត្តពោធិ៍សាត់ ៤សព, ខេត្តព្រៃវែង ២សព, ខេត្តស្វាយរៀង ៧សព, ខេត្តកំពង់ចាម ៤សព, ខេត្តកំពង់ឆ្នាំង ៤សព, ខេត្តកែប ២សព, ខេត្តសៀមរាប ១សព, ខេត្តរតនគីរី ១សព, ខេត្តក្រចេះ ១សព, ខេត្តបាត់ដំបង ១សព និងខេត្តកំពង់ធំ ១សព៕