(ភ្នំពេញ)៖ លោកអនុសេនីយ៍ឯក ង៉ាត់ សុភា នាយប៉ុស្តិ៍រដ្ឋបាលឃ្មួញ សហការជាមួយនគរបាលខណ្ឌសែនសុខទទួលការងារអត្តសញ្ញាណកម្ម ក្រោមការណែនាំរបស់លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកាន់តែទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានប្រើប្រាស់គ្រប់ៗគ្នា ដើម្បីបម្រើឲ្យតម្រូវការចាំបាច់ផ្សេងៗ ពិសេស អាចបម្រើឲ្យការងារបោះឆ្នោតនៅពេលខាងមុខ នាឆ្នាំ២០២៣។
ការបន្តចុះផ្សព្វផ្សាយកាន់តែទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានប្រើប្រាស់គ្រប់ៗគ្នា ដើម្បីបម្រើឲ្យតម្រូវការចាំបាច់ផ្សេងៗ ពិសេស អាចបម្រើឲ្យការងារបោះឆ្នោតនៅពេលខាងមុខ នាឆ្នាំ២០២៣ របស់កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលឃ្មួញ ខណ្ឌសែនសុខ បានធ្វើឡើងក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ក្រោយទទួលបានបទបញ្ជាពី ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីកាន់តែងាយស្រួលក្នុងការគ្រប់គ្រង ដែលជាឯកសារបញ្ជាក់ អត្តសញ្ញាណដ៏សំខាន់ សម្រាប់យកធ្វើជាសក្ខីកម្ម និងលិខិតស្នាមចាំបាច់ដទៃទៀត។
លោកអនុសេនីយ៍ឯក ង៉ាត់ សុភា បានឲ្យដឹងថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានអត្តសញ្ញាណប័ណ្ណផុតសុពលភាពក្នុងឆ្នាំ២០២២-ឆ្នាំ២០២៣ និងទើបគ្រប់អាយុ (អាយុ១៥ឆ្នាំ) ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងការបម្រើឲ្យតម្រូវការចាំបាច់ផ្សេងៗ ពិសេស អាចបម្រើឲ្យការងារបោះឆ្នោតនៅពេលខាងមុខ នាឆ្នាំ២០២៣ សូមភ្ជាប់នូវឯកសារមួយចំនួន ដូចខាងក្រោម៖
*ទី១៖ ករណីអត្តផុតសុពលភាពក្នុងឆ្នាំ២០២២-២០២៣ (គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ចុះក្រោម) សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋមកថតអត្តសញ្ញាណប័ណ្ណឡើងវិញ ដោយមានភ្ជាប់ឯកសារមកជាមួយដូចជា អត្តសញ្ញាណប័ណ្ណផុតសុពលភាពច្បាប់ដើម សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារថតចម្លងមួយសន្លឹក សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតថតចម្លងមួយសន្លឹក។
*ទី២៖ ករណីគ្រប់អាយុ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានកូនក្មួយ ទើបគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ (អាយុ ១៥ឆ្នាំឡើងគិតត្រឹមថ្ងៃមកថត) សូមភ្ជាប់ឯកសារមកថតអត្តសញ្ញាណប័ណ្ណមាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារថតចម្លងមួយសន្លឹក សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតមួយសន្លឹក ពិសេស អាចទំនាក់ទំនងសួរព័ត៌មានបានតាមរយៈលេខទូរសព្ទ ០៨៩ ៧៧ ៨៨ ៦២ (នាយប៉ុស្ដិ៍) ០៩៣ ៨៧ ៩៨ ៣៣ (នាយរងប៉ុស្ដិ៍) ឬតាមរយៈហ្វេសប៊ុកផេក ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃ្មួញ៕