(ភ្នំពេញ)៖ ព្រះតេជគុណ សាន សុជា និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បាននិមន្ត និងធ្វើដំណើរ តាមយន្តហោះទៅកាន់ទ្វីបអឺរ៉ុប ដើម្បីចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី ចូលរួមកម្មវិធីពិសេសនៅប្រទេសម៉ូណាកូ ព្រមទាំងចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទនៅទីក្រុងប៉ារីស លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា»។

ដំណើរពិសេសនៅទ្វីបអឺរ៉ុបនេះ មានរយៈពេលចំនួន ៦ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ដែលមានឈ្មោះថា «Rome Monaco Paris (RMP) Friendship Tour January 2023 Provisional Program» ឬហៅជាខេមរភាសាថា «ដំណើរទស្សនកិច្ចមិត្តភាពទៅកាន់ទីក្រុងរ៉ូម ម៉ូណាកូ ប៉ារីស (RMP) ខែមករា ឆ្នាំ២០២៣»។

អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News អំពីកម្មវិធីសំខាន់ៗមួយចំនួន រួមមាន៖

* នៅថ្ងៃទី១៩ ខែមករា លោកនឹងត្រូវបានព្រះរាជានុញ្ញាតចូលគាល់ សម្ដេចប៉ាប ហ្វ្រង់ស៉ីស (Holiness Pope Francis) នៅវិមានវ៉ាទីកង់ ប្រទេសអ៉ីតាលី
* នៅថ្ងៃទី២១ ខែមករា លោកនឹអញ្ជើញចូលរួមកម្មវិធីពិសេសនៅទីក្រុងម៉ូណាកូ ប្រទេសម៉ូណាកូ ដែលក្នុងនោះក៏មានការចូលគាល់ព្រះអង្គម្ចាស់ អាល់ប៊ឺតទី២ នៃម៉ូណាកូ (His Serene Highness Prince Albert II of Monaco)
* នៅថ្ងៃទី២២ ខែមករា លោកនឹអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងសន្និសីទនៅទីក្រុងប៉ារីស ប្រទេសបារាំង លើប្រធានបទស្តីអំពី «ការកែប្រែជំនឿ នេក្ខម្មបារមី និងបរិស្ថានវិទ្យា - Conversion, Spiritual Detachment and Ecology» ។

អ្នកឧកញ៉ា គួច ម៉េងលី បានរៀបរាប់ពីកម្មវិធីសំខាន់ៗ នៃដំណើរទស្សនកិច្ចនេះទៀតថា លោកក៏នឹងចូលរួមកម្មវិធីសប្បុរសធម៌ជនភៀសខ្លួន ហើយបរិច្ចាគ ៥០០០ដុល្លារ ដើម្បីជួយជនភៀសខ្លួន ដែលខាងកាកបាទក្រហមអ៉ីតាលី និងវិហារសាសនានៅអ៉ីតាលី Caritas Monaco ទទួលខុសត្រូវ។ ក្នុងឱកាសនោះ លោកនឹងរៀបរាប់ពីរឿង ដែលលោកជាជនភៀសខ្លួន អំឡុងពេលកម្ពុជាមានសង្គ្រាម។

អ្នកឧកញ៉ា គួច ម៉េងលី ក្នុងនាមជាភ្ញៀវកិត្តិយស លោកក៏នឹងជួបលោកស្រីប្រធាន Brigitite Boccone, សមាជិក និងភ្ញៀវកិត្តិយស នៃក្រុមប្រឹក្សាជាតិ នៃប្រទេសម៉ូណាកូផងដែរ។ លោកឲ្យដឹងដែរថា កម្មវិធីបែបនេះ យូរៗម្តងទើបមាន ដែលត្រូវបានរៀបចំដើម្បីអញ្ជើញបុគ្គលសំខាន់ៗ ដែលមានឥទ្ធិពលដល់សង្គម ដើម្បីផ្លាស់ប្តូរទស្សនៈ។

«នៅឆ្នាំ១៩៥០ សម្តេចឪ (ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ) យាងទៅគាល់សម្តេចប៉ាប ហើយនៅឆ្នាំ១៩៨៦ សម្តេចព្រះមហាឃោសនន្ទ បានយាងទៅចូលគាល់សម្តេចប៉ាប ហើយនៅឆ្នាំ២០២៣នេះ មានខ្ញុំនិងព្រះតេជគុណ​ សាន សុជា»។ នេះជាការបញ្ជាក់របស់អ្នកឧកញ៉ា គួច ម៉េងលី។

លោកបន្ថែមថា «ខ្ញុំជាបុគ្គលម្នាក់ ក្នុងចំណោមបុគ្គលតិចណាស់ ដែលបានជួបសម្តេចប៉ាប ហើយខ្ញុំសប្បាយចិត្ត និងមានមោទនភាព។ ខ្ញុំជឿថា នេះជារឿងមួយល្អសម្រាប់ប្រទេសខ្មែរ ហើយជារឿងមួយដែលឆ្នាំនេះ គឺជាឆ្នាំបោះឆ្នោត អញ្ចឹងខ្ញុំចង់ជួបពាក្យពេចន៍ ទៅកាន់ពិភពលោកឲ្យបានដឹងថា ខ្មែរយើងជាប្រទេសពោរពេញដោយសន្តិភាព ពោរពេញដោយភាពត្រជាក់ត្រជុំ ហើយប្រជាជនកំពុងមានសេដ្ឋកិច្ចដំណើរការល្អ។ ខ្ញុំនឹងព្យាយាម តំណាងឲ្យប្រទេសខ្មែរទាំងមូល នៅលើឆាកអន្តរជាតិទាំងផ្នែកសាសនា ឲ្យបានមានមិត្តភាព និងភាពរលូន ជាពិសេសជាមួយមេដឹកនាំសាសនា ដូចជាសម្តេចប៉ាប ព្រះអង្គម្ចាស់ម៉ូណាកូ និងក្នុងសន្និសីទក្រុងប៉ារីស ឲ្យបានល្អ»

សូមជម្រាបថា ថ្មីៗនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ត្រូវបានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជប្រកាសនីយប័ត្រ ផ្តល់គោរម្យងារកិត្តិយស ជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍»