(បាត់ដំបង)៖ កម្មករស៊ីឈ្នូលបើករថយន្ត២នាក់ប្តីប្រពន្ធ ត្រូវបានរថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយបើកបុករងបួសយ៉ាងធ្ងន់ធ្ងរព្យាបាលជិតមួយឆ្នាំមិនទាន់ជាសះស្បើយនោះទេ ហើយគិតត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ ជនរងគ្រោះទាំង២នាក់ មិនទាន់ទទួលបានសំណងពីអ្នកបើករថយន្តបង្កនៅឡើយទេ។

ជាមួយនឹងស្ថានភាពដ៏លំបាកសម្រាប់ជីវភាពរបស់ខ្លួន ដោយសារធ្លាក់ខ្លួនពិកាផងនោះ ជនរងគ្រោះទាំង២នាក់ សូមទទូចឲ្យតុលាការខេត្តបាត់ដំបង ពន្លឿនសំណុំរឿងដើម្បីទទួលបានសំណងយកមកព្យាបាលរបួស និងជំងឺបន្ត ទៀត ព្រមទាំងដោះស្រាយជីវភាពប្រចាំថ្ងៃព្រោះខ្លួនអស់លទ្ធភាពហើយ។

លោក វ៉ាន់ ពៅ អាយុ៣៨ឆ្នាំ និងប្រពន្ធឈ្មោះ សាំង សារ៉ាន់ អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា ពួកគាត់ជាជនរងគ្រោះដោយកាលពីយប់ម៉ោង ៨៖១៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ពួកគាត់ជាកម្មករស៊ីឈ្នួលបើករថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ាន់ដាយពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ3D-4776 បើកបរលើផ្លូវជាតិលេខ៥៩ ទិសដៅពីត្បូងទៅជើង។

ពេលដល់ចំណុចកើតហេតុ នៅភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រាប់តែមានមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-2376 ជារថយន្តរបស់ឈ្មោះ ញ៉ែប សុខសាន្ត បើកបរទិសដៅ ពីជើង ទៅត្បូងបញ្ច្រាស់ទិសគ្នា ហើយបានរេចង្កូតទៅបុករថយន្តរបស់ពួកគាត់ដែលកំពុងបើកបរកន្លងផ្លូវផ្នែកខាងស្តាំដៃធម្មតា។

ស្រ្តីជាប្រពន្ធ សាំង សារ៉ាន់ បញ្ជាក់ថា ក្រោយពេលកើតហេតុ ឈ្មោះ វ៉ាន់ ពៅ ដែលជាប្តីរបស់គាត់កៀបជាប់នឹងរថយន្ត រងរបួសធ្ងន់ធ្ងរ ត្រូវបានអ្នកស្រុកនាំគ្នាទាញទ្វាររថយន្តដើម្បីយកចេញ ចំណែកគាត់វិញ ដែលរួមដំណើរជាមួយប្តី បានផ្តោងចេញតាមកញ្ចក់រថយន្តធ្លាក់ទៅលើដីតែរងរបួសស្រាល។

អ្នកស្រី សាំង សារ៉ាន់ បន្ថែមថា ក្រោយពេលទៅដល់មន្ទីរពេទ្យប្តីរបស់ខ្លួនសន្លប់បាត់បង់ស្មារតី រងរបួសធ្ងន់ធ្ងរ ដោយជើងត្រូវបែកឆ្អឹង និងឆ្អឹងផាលត្រគៀក ត្រូវបានបាក់ស្រាំប្រេះ ធ្វើការវះកាត់ ដេររាប់រយថ្នេរ រហូតដល់ពេលនេះ ប្តីរបស់អ្នកស្រី ដូចមនុស្សពិការនៅមិនទាន់អាចធ្វើការអ្វីបាននៅឡើយទេ សូម្បីតែក្រោកឈរក៏ពិបាកដែរ។

ពួកគាត់បញ្ជាក់ថា ពួកគាត់ជាជនរងគ្រោះជិតមួយឆ្នាំហើយ នៅមិនទាន់ទទួលសំណងពីភាគីបង្កនៅឡើយទេ ខណៈរថយន្តបង្កត្រូវបានតុលាការអនុញ្ញាតឲ្យយកទៅប្រើប្រាស់ជាធម្មតា។ ពួកគាត់សូមអំពាវនាវ និងទទូចដល់តុលាការ ខេត្តបាត់ដំបង ជួយពន្លឿនសំណុំរឿងនៃការដោះស្រាយ ដើម្បីឲ្យពួកគាត់ទទួលបានសំណងឲ្យបានសមរម្យ ដើម្បីយកព្យាបាលជំងឺបន្តផង ព្រោះពួកគាត់មិនមានលទ្ធភាពបន្តការព្យាបាលទៀតទេ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីសាលាដំបូងខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះថា តំណាងអយ្យការប្រគល់តែកន្ទុយសណ្តោង តែប៉ុណ្ណោះ​ ចំណែករថយន្តនៅរក្សាទុកនៅនគរបាលរហូតមកដល់ពេលនេះ។

លោកបានបញ្ជាក់ថា «រីឯចំណាត់ការយើងបានចាត់ការជាបន្តបន្ទាប់​។ ពេលនេះដល់ដំណាក់កាលពិនិត្យលើការចោទប្រកាន់ហើយ»