(ភំ្នពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅសាលនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក, លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន, តំណាងប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន និងតំណាងប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ព្រមទាំងលោក-លោកស្រីអនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ប្រធាន-អនុអង្គភាព មេបញ្ជាការ-មេបញ្ជាការរង នៃវរសេនាតូច និងមន្ត្រីក្រោមឱវាទ ចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កឹង ឃន ព្រមទាំងលោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានសម្ដែងការអបអរសាទរ ចំពោះនាយ-នាយនគរបាលរង នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដែលទទួលបានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត តែងតាំងមុខតំណែង និងតម្លើងឋានន្តរស័ក្តិ ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បាននាំនូវការផ្ដាំផ្ញើពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់នាយ-នាយនគរបាលរងទាំងអស់ ដែលបានទទួលមុខតំណែងថ្មី និងការបំពាក់ឋានន្តរស័ក្តិនាថ្ងៃនេះ ត្រូវធ្វើជាកងកម្លាំងគំរូ គឺត្រូវគោរពវិន័យលេខ០០៦ របស់កងកម្លាំងនគរបាលជាតិកម្ពុជា និងច្បាប់ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខណ្ឌមន្រ្តីនគរបាលជាតិ។

លោកឧត្តមសេនីយ៍ឯក កឹង ឃន បានផ្ដាំផ្ញើបន្ថែមដល់មន្ដ្រីចំណុះនាយកដ្ឋាននគរបាលការពារព្រំដែនទឹកទាំងអស់ ឲ្យបន្ដពង្រឹងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យកងកម្លាំងនគរបាលជាតិ ខិតខំរៀនសូត្របង្កើនចំណេះដឹង សម្រាប់អនុវត្តភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ ឲ្យប្រកបដោយជោគជ័យ និងប្រសិទ្ធិភាពខ្ពស់ ក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ ដើម្បីជាកិច្ចចូលរួមចំណែកលើកស្ទួយកិត្យានុភាព និងឧត្តមភាពរបស់កងកម្លាំងនគរបាលជាតិកម្ពុជា៕