(ភ្នំពេញ)៖ ម្ចាស់ម៉ូតូចំនួន១០នាក់ទៀតហើយ បានរកឃើញម៉ូតូរបស់ខ្លួនវិញ ក្នុងយុទ្ធនាការបង្ក្រាបទីតាំងបញ្ចាំដោយខុសច្បាប់ជាពិសេសនៅឃ្លាំងរំសេវ ខណ្ឌទួលគោក ដោយអ្នកខ្លះបាត់ម៉ូតូរបស់ខ្លួនកាលពីប៉ុន្មានឆ្នាំកន្លងមក ប៉ុន្ដែរកឃើញនៅទីតាំងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាប ហើយការប្រគល់ម៉ូតូជូនរងគ្រោះវិញនេះ បានធ្វើឡើងក្រោមវត្តមានលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការផ្ទាល់ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យទីតាំងបញ្ចាំដែលសង្ស័យទទួលបញ្ចាំខុសច្បាប់ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ បានប្រគល់ម៉ូតូជូនម្ចាស់ដើមវិញ ចំនួន១០នាក់ ក្រោយពិនិត្យឯកសារឃើញត្រឹមត្រូវថាពួកគាត់ជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។
ម្ចាស់ម៉ូតូទាំងនេះ សុទ្ធតែបង្ហាញអារម្មណ៍ដូចៗគ្នាថា ពួកគាត់បានបង្ហាញនូវក្ដីត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីអស់សង្ឃឹមជាយូរណាស់មកហើយក្នុងការតាមរកម៉ូតូរបស់ខ្លួន ដែលត្រូវបានចោរលួច ឬប្លន់កាលពីពេលកន្លងទៅ។ ប្រជាពលរដ្ឋបានថ្លែងអំណរអស់គុណជាខ្លាំងចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរ ក្នុងការចុះបង្ក្រាបនៅទីតាំងហាងបញ្ចាំ នឹងបានធ្វើការដកហូតម៉ូតូចេញពីទីតាំងហាងបញ្ចាំខុសច្បាប់ទាំងអស់នោះ។
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋថា ក្នុងនាមជាអាជ្ញាធរមានតួនាទីក្នុងការបម្រើប្រជាពលរដ្ឋដែលមានបញ្ហា ព្រមទាំងសន្យាថានឹងខិតខំប្រឹងប្រែងក្នុងការបង្ក្រាបឲ្យខានតែបាន ចំពោះទីតាំងហាងបញ្ចាំកុងស៊ី និងល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់ ដើម្បីលុបបំបាត់នូវអំពើចោរកម្ម លួច ឆក់ ប្លន់។
លោក ឃ្លាំង ហួត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបាត់ម៉ូតូ សូមមកធ្វើការត្រួតពិនិត្យម៉ូតូនៅឃ្លាំង OCIC ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីមកស្វែងរកម៉ូតូដែលបានបាត់ ទាំងអស់នោះ ហើយត្រូវកាន់ឯកសារពាក់ព័ន្ធភ្ជាប់មកជាមួយដូចជាអត្តសញ្ញាណប័ណ្ណ ការគ្រីម៉ូតូ និងពាក្យបណ្ដឹងដែលបានដាក់បញ្ជាក់ថាបាត់ម៉ូតូ។
ជាចុងក្រោយអភិបាលរងរាជធានីភ្នំពេញ បានផ្ដាំផ្ញើទៅដល់ហាងបញ្ចាំកុងស៊ីទាំងអស់ថា បើរកស៉ីស្របច្បាប់ត្រូវតែបំពេញនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ បើរកស៉ីមិនត្រូវច្បាប់ ត្រូវត្រៀមខ្លួន ហើយបើកន្លែងដែលទទួលរបស់ចោរ ទៀតនោះ គឺមិនមានការលើកលែងឡើយ អាជ្ញាធរនឹងចុះបង្ក្រាបឲ្យខានតែបាន។
ឆ្លងកាត់ករណីនេះ អាជ្ញាធរក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ កុំទាន់អស់សង្ឃឹម ហើយត្រូវបន្ដផ្ទៀងផ្ទាត់ភិនភាគម៉ូតូរបស់ខ្លួននៅពេលអាជ្ញាធរផ្សព្វផ្សាយ ព្រោះក្រែងពើបប្រទះម៉ូតូរបស់ខ្លួន។
គួរជម្រាបថា ក្នុងប្រតិបត្តិការពិនិត្យទីតាំងសង្ស័យបញ្ចាំដោយខុសច្បាប់នេះនាពេលកន្លងទៅ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូប្រមាណជាង១,០០០គ្រឿង ដែលគ្មានឯកសារត្រឹមត្រូវ ហើយបានយកទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់៕