(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត Kim Chang-yup ប្រធានការិយាល័យកណ្តាល នៃអង្គការ KOFIH នៅប្រទេសកូរ៉េ បានថ្លែងប្ដេជ្ញាចិត្ដជួយបន្ដការគាំទ្រ និងសហការជាមួយក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខាភិបាល ពិសេសបន្ដពង្រីកកម្មវិធីផ្សេងៗទៀតដល់ខេត្ដគោលដៅចំនួន៣ រួមមាន បាត់ដំបង បៃលិន និងខេត្ដពោធិ៍សាត់។
ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ក្នុងឱកាសទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងសុខាភិបាល។
លោកបានថ្លែងបន្ដថា KOFIH នឹងប្តេជ្ញាបន្តគាំទ្រ និងសហការជាមួយក្រសួងសុខាភិបាល នៅក្នុងខេត្តគោលដៅចំនួនបីបន្ថែមទៀត ខេត្ដបាត់ដំបង បៃលិន និងខេត្ដពោធិ៍សាត់ ដែលជាខេត្ដដែលបានអនុវត្ដគម្រោងជួយឧបត្ថម្ភកន្លងមក និងពង្រីកទៅកម្មវិធីផ្សេងៗទៀតឱ្យកាន់តែទូលំទូលាយ។
តំណាងឱ្យ KOFIH លោកបានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលតែងតែសហការ និងផ្តល់ការគាំទ្រដល់ការអនុវត្តគម្រោងនានា ដែលសបញ្ជាក់អំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។
ទន្ទឹមនឹងនោះលោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់អង្គការ KOFIH ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ បានគូសបញ្ជាក់ថា KOFIH បានគាំទ្រវិស័យសុខាភិបាលចាប់តាំងពីឆ្នាំ២០១២ តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រួមមាន៖
*គម្រោងសាងសង់អគារផ្នែកសុខភាពមាតា និងកុមារក្នុងមន្ទីរពេទ្យបង្អែកមោងឫស្សី រួមមានការសាងសង់អគារ និងបំពាក់សម្ភារៈបរិក្ខារពេទ្យ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៤។
*គម្រោងសាងសង់សាលាភូមិភាគសុខាភិបាលបាត់ដំបង និងបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនាឆ្នាំ២០១៦។
*គម្រោងកម្មវិធីសុខភាពមាតា និងកុមារនៅខេត្តបាត់ដំបង ឆ្នាំ២០១៤-២០១៥ បានអនុវត្តចប់នាឆ្នាំ២០១៥ និងបន្តឆ្នាំ២០១៦-២០១៧ ព្រមទាំងបានអនុវត្តចប់នាឆ្នាំ២០១៧។
លើសពីនោះ KOFIH បានបន្តកិច្ចសហប្រតិបត្តិការ ដោយបានពង្រីកតំបន់គោលដៅគឺគម្រោងពង្រីកកម្មវិធីសុខភាពមាតា និងកុមារទៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ រយៈពេល ២០១៧-២០២១ បាននឹងកំពុងអនុវត្ត ព្រមទាំងបានពង្រីកកម្មវិធីបន្ថែម គឺគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធសេវាថែទាំ ព្យាបាលជំងឺមិនឆ្លង ដែលបាននឹងកំពុងអនុវត្តនៅខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តពោធិ៍សាត់ មានរយៈពេល ២០២១-២០២៥។
លោកស្រីរដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល បានលើកឡើងទៀតថា ក្នុងកាលៈទេសៈដែលកម្ពុជា និងពិភពលោកទាំងមូលបានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ KOFIH ក៏បានជួយដល់ខេត្តគោលដៅទាំងបីរបស់ខ្លួនដែរ ដូចជាផ្នែកមន្ទីរពិសោធន៍ និងសម្ភារៈបរិក្ខារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ។
ជាការឆ្លើយតបលោកវេជ្ជបណ្ឌិត Kim Chang-yup ក៏បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជាបើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញ តាំងពីខែវិច្ឆិកា ឆ្នាំ២០២១៕