(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២៣៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយ:ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិស្វាយកាល់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លោក ឡង គីសឹង អភិបាលស្រុក ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសន្ទុក បានថ្លែងនូវការស្វាគមន៍ចំពោះថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ផ្ទះជូនអតីតយុទ្ធជនពិការនៅស្រុកសន្ទុក និងបានបញ្ជាក់ថាលោកពលបាលទោ ស៊ុន វណ្ណា អាយុ៥៩ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាពកងពលលេខ៤ ហើយបានត្រូវរបួសពិការដាច់ជើងខាងឆ្វេងនៅឆ្នាំ១៩៨៩ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិសំឡូត ខេត្តបាត់ដំបង។
លោកមានភរិយា និងកូនក្នុងបន្ទុកចំនួន៦ ហើយសព្វថ្ងៃប្រកបរបរធ្វើស្រែ បន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពគ្រួសារ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ហើយមានជម្រកស្លាក់នៅមិនសមរម្យ ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២៣៩ ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន អង្ករចំនួន ១០០គីឡូក្រាម មីចំនួន៤កេស ទឹកត្រី ទទឹកស៊ីអ៉ីវចំនួន៤យួរ និងសម្ភារៈសម្រាប់ ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងថវិកាមួយចំនួនផងដែរ ៕