(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងលោក សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ និងវាយតម្លៃអំពីស្ថានភាពជំនន់ទឹកភ្លៀងរដូវប្រាំង ដែលជន់លិចស្រែស្រូវប្រជាកសិករ ក្នុងស្រុកកណ្តៀង និងស្រុកបាកាន ដើម្បីធ្វើការស្នើសុំស្បៀងសង្គ្រោះបន្ទាន់ និងស្រូវពូជ ពីគណៈកម្មាធិការស្បៀងបម្រុងកម្ពុជា សម្រាប់ស្តារលទ្ធភាពឡើងវិញ។
បើតាមតារាងទិន្នន័យបច្ចុប្បន្នកម្ម ស្តីពីការរងគ្រោះដោយជំនន់ទឹកភ្លៀង របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ផ្ទៃដីដំណាំស្រូវដែលរងផលប៉ះពាល់ខូចខាតច្រើនជាងគេ គឺក្នុងស្រុកកណ្តៀង រួមមានឃុំអន្លង់វិល ឃុំស្យា និងឃុំកញ្ជរ ចំនួន១,២៤០ហិកតា, ស្រុកបាកាន នៅឃុំស្វាយដូនកែវ ក្នុងភូមិកំប៉ាង ភូមិកំពោតអាង និងភូមិច្រប់ ចំនួន១១៥ហិកតា។ ដោយឡែកឃុំ/សង្កាត់ និងស្រុក/ក្រុងដ៏ទៃទៀត ក៏ទទួលរងផលប៉ះពាល់ខ្លះផងដែរ តែពុំសូវធ្ងន់ធ្ងរនោះទេ ពោលគឺអាចសង្គ្រោះបាន។
ក្នុងតារាងទិន្នន័យនោះ បានបន្ថែមថា ផ្ទៃដីអនុវត្តសរុបលើដំណាំស្រូវ មានចំនួន១៥,៤៦១ហិកតា ស្មើនឹង៥៥ភូមិ ១២ឃុំ ៤ស្រុក និង១ក្រុង។ ផ្ទៃដីសរុបដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង លើដំណាំស្រូវ មានចំនួន១,៩៣៧ហិកតា ស្មើនឹង១២.៥៣% នៃផ្ទៃដីអនុវត្ត។ សម្រាប់ផ្ទៃដីសរុបដែលសង្គ្រោះបានលើដំណាំស្រូវ មានចំនួន១៩២.៥០ហិកតា ស្មើនឹង៩.៩៤% នៃផ្ទៃដីប៉ះពាល់។ ដោយឡែកផ្ទៃដីដែលប៉ះពាល់ ប្រសិនបើទឹកនឹងស្រកយឺត រយៈពេលមួយអាទិត្យទៀតនឹងមានការខូចខាត។
ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា ក្រោយពីការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងរដូវប្រាំង ក្នុងស្រុកកណ្តៀង និងស្រុកបាកាននោះរួចមក យើងឃើញថា ដំណាំស្រូវទាំងអស់ អាចនឹងប្រឈមការខូចខាតទាំងស្រុង ដែលអាចនិយាយបានថាស្នើនឹងសូន្យ។ លោកបានបន្ថែមថា នៅចំពោះមុខនេះ ដោយមានការចូលរួមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, គណៈកម្មាធិការស្បៀងបម្រុងកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់ គឺយើងត្រៀមធ្វើផែនការ ដើម្បីអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដោយជំហានដំបូង គឺត្រូវដោះស្រាយស្បៀងសង្គ្រោះបន្ទាន់ជាចំបាច់ ព្រមទាំងបន្តផ្តល់ស្រូវពូជ ជាបន្តបន្ទាប់ ដើម្បីឱ្យបងប្អូនយើងមានលទ្ធភាពស្តារឡើងវិញ យ៉ាងយូរឱ្យបាននៅអំឡុងខែកុម្ភៈខាងមុខ។
លោកបានផ្តាំផ្ញើ និងលើកទឹកចិត្ត ជូនចំពោះបងប្អូនប្រជាកសិករ សូមកុំអស់សង្ឃឹម ត្រូវខិតខំបង្កបង្កើនផលស្រូវបន្តទៀត, លោកនឹងនៅពីក្រោយជួយដោះស្រាយគ្រប់បែបយ៉ាង ធ្វើយ៉ាងណាសម្រួលដល់កិច្ចការងារបង្កបង្កើនផលស្រូវឱ្យបានចប់ចុងចប់ដើម៕