(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋម៉ាល់ឌីវ នៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍១៩ចំណុច ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ រយៈពេល៣ថ្ងៃ។

តាមសេចក្តីថ្លែងការណ៍រួមដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញដូចខាងក្រោម៖

១៖ តបតាមការអញ្ជើញរបស់ លោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី ប្រធានាធិបតី នៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋម៉ាល់ឌីវ ពីថ្ងៃទី១៥ ដល់១៧ ខែមករា ឆ្នាំ២០២៣។ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានអមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស លោក ថោង ខុន
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូបផ្សេងទៀត។

២៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍ដោយមានការរៀបចំពិធី នៅ រដ្ឋធានីម៉ាល ។

៣៖ លោក ប្រធានាធិបតី អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី និង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបប្រជុំផ្លូវការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ ស្និទ្ធស្នាល និងមិត្តភាព។ ថ្នាក់ដឹកនាំទាំងពីរ បានពិនិត្យឡើងវិញនូវទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមទាំងការស្វែងរកមធ្យោបាយថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ទៅវិញទៅមក។

៤៖ ក្នុងអំឡុងទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ្វៃសល ណាស៊ីម អនុប្រធានាធិបតី លោក
ម៉ូហាមេដ ណាស៊ីដ ប្រធានសភា និងជាអតីតប្រធានាធិបតី លោក អាមេដ ម៊ូតថាស៊ីម
អាដណាន ប្រធានតុលាការកំពូល និងលោក អាប់ឌុលឡា សាហ៊ីឌ រដ្ឋមន្រ្តីការបរទេស
ម៉ាល់ឌីវ។ លោក ប្រធានាធិបតី សូលី បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការ ជូនជាកិត្តិយសដល់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូ។

៥. លោកប្រធានាធិបតី សូលី បានកោតសរសើររដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការរក្សាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ចខ្ពស់ និងឧស្សាហកម្មទេសចរណ៍រឹងមាំ និងការធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលនានា ដែលរដ្ឋាភិបាលម៉ាល់ឌីវសម្រេចបាន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី សូលី ក្នុងការលើកស្ទួយការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពសេដ្ឋកិច្ច ការពង្រីកវិស័យទេសចរណ៍ និងសុខុមាលភាពសង្គមរបស់ ម៉ាល់ឌីវ។

៦៖ លោកប្រធានាធិបតី សូលី បានអបអរសាទរសម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ និងបានចាត់ទុកដំណើរទស្សនកិច្ចជាលើកដំបូងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី នៅម៉ាល់ឌីវ ជាព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្ត និងជាកត្តាជម្រុញដ៏សំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាក់ស្តែង រួមមាន ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការបច្ចេកទេស។ លោកប្រធានាធិបតី សូលី បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការតែងតាំងឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ឱ្យទទួលបន្ទុកជាឯកអគ្គរាជទូតប្រចាំម៉ាល់ឌីវ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកប្រទេសម៉ាល់ឌីវ ជាមិត្តជិតស្និទ្ធ និងជាដៃគូដ៏សំខាន់របស់កម្ពុជា នៅក្នុងតំបន់។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជ្រើសរើសផ្លូវមួយខ្សែ នៅទីក្រុងមាត់សមុទ្រ និងដាក់ឈ្មោះជាផ្លូវមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ដើម្បីបើកទំព័រថ្មីនៃការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍភាពជាដៃគូរឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ ក្នុងគោលបំណងនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ និងពិភពលោក។

៧៖ លោកប្រធានាធិបតី សូលី បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យនៅកម្ពុជា ជាមួយនឹងគោលនយោបាយយកចិត្តទុកដាក់លើប្រជាជន ដោយរក្សានូវតុល្យភាពជីវិត និងជីវភាពរស់នៅរបស់ប្រជាជន និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើ សេដ្ឋកិច្ច។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអបអរសាទរ លោកប្រធានាធិបតី សូលី និងប្រជាជនម៉ាល់ឌីវ ចំពោះភាពធន់ ការជំរុញចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ និងការស្តារសេដ្ឋកិច្ចឱ្យរឹងមាំឡើងវិញក្រោយការរាលដាលនៃជំងឺកូវីដ-១៩។

៨៖ ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដែលនឹងលើកកម្ពស់វិធី និងមធ្យោបាយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យដែលមានសក្តានុពល សម្រាប់ផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ បានបង្ហាញបំណងឱ្យមានការរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកដំបូង រវាងក្រសួងការបរទេសរបស់ប្រទេសទាំងពីរ ឱ្យបានឆាប់។

៩៖ ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់នៃពាណិជ្ជកម្មទ្វេភាគី និងបានកត់សម្គាល់ថា ទំនាក់ទំនងសេដ្ឋកិច្ចមានសារៈសំខាន់សម្រាប់ការពង្រឹងទំនាក់ទំនងទ្វេភាគី។ ដោយទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាល់ឌីវ នៅមានកំរិតនៅឡើយដែលអាចធ្វើឱ្យប្រសើរឡើង ថ្នាក់ដឹកនាំទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ធ្វើការរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងការផ្លាស់ប្តូរទេសចរណ៍ និងបានលើកទឹកចិត្តឱ្យវិស័យឯកជនកម្ពុជា និងម៉ាល់ឌីវ សហការគ្នាជិតស្និទ្ធ ដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ច និងឱកាសធុរកិច្ចក្នុងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីចំណាប់អារម្មណ៍របស់ម៉ាល់ឌីវក្នុងការនាំចូលអង្ករពីកម្ពុជា និងស្វែងរកឱកាសបន្ថែមទៀតដើម្បីបង្កើនទំនាក់ទំនងធុរកិច្ចនៅក្នុងវិស័យនេះ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីការនាំចូលកសិផលកសិកម្មរបស់កម្ពុជាផ្សេងទៀត មានដូចជា ពោត ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី និងផ្លែឈើ, ផលិតផលកាត់ដេរ រួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ, និងផលិតផលក្រៅពីសម្លៀកបំពាក់ មានដូចជា គ្រឿងអគ្គិសនី អំពូលភ្លើងសម្រាប់តុបតែង ផលិតផលឈើ ផលិតផលប្លាស្ទីក ស្បែកសត្វកែច្នៃ។ ភាគីម៉ាល់ឌីវក៏បានរំពឹងដែរថា កម្ពុជានឹងពិចារណានាំចូលនូវគ្រឿងសមុទ្រ និងត្រីរបស់ម៉ាល់ឌីវ ផងដែរ។

១០៖ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរ លោកប្រធានាធិបតី សូលី ដែលសម្រេចជោគជ័យដ៏វិសេសវិសាល ក្នុងការជំរុញឱ្យមានការរីកលូតលាស់ផ្នែកឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច ហើយបានសម្តែងក្តីសង្ឃឹមថានឹងមានកិច្ចសហការកាន់តែច្រើនក្នុងវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ។ ដោយកត់សម្គាល់ថា ទាំងម៉ាល់ឌីវ និងកម្ពុជា មានសក្តានុពលដ៏ធំធេងក្នុងវិស័យទេសចរណ៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញស្ថាប័នពាក់ព័ន្ធទាំងអស់សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំសកម្មភាពផ្សព្វផ្សាយរួមគ្នា ដោយប្រើប្រាស់សក្តានុពលបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែប សំដៅបង្កើនការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ពិចារណាបង្កើតកិច្ចសហប្រតិបត្តិការវប្បធម៌ និងកម្មវិធីផ្លាស់ប្តូរផងដែរ។

១១៖ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ លោកប្រធានាធិបតី សូលី បានស្នើថា ម៉ាល់ឌីវនឹង
ផ្តល់កម្មសិក្សារហូតដល់ ២០ នាក់ សម្រាប់ប្រជាជនកម្ពុជា ធ្វើការនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងប្រទេសម៉ាល់ឌីវ ដើម្បីពង្រឹងជំនាញបដិសណ្ឋារកិច្ចរបស់ពួកគេបន្ថែមទៀត ដែលជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរ។ លោកប្រធានាធិបតី សូលី ក៏បានផ្តល់ជូនឱកាសសម្រាប់កម្ពុជា នូវវគ្គសិក្សាមុជទឹកកម្រិតបឋម ចំនួនមួយកន្លែង រៀបចំដោយឆ្មាំសមុទ្រជាតិ
ម៉ាល់ឌីវ សម្រាប់ឆ្នាំ២០២៣ និងផ្តល់អាហារូបករណ៍ចំនួនពីរកន្លែង ដល់កម្ពុជា ដើម្បីសិក្សានៅសាកលវិទ្យាល័យជាតិម៉ាល់ឌីវ។ ក្នុងន័យដូចគ្នានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី
ហ៊ុន សែន បានក៏ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន ១០ កន្លែង ដល់ម៉ាល់ឌីវ។

១២៖ ថ្នាក់ដឹកនាំទាំងពីរបានចែករំលែកទស្សនៈថា ការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ គឺជាតម្រូវការចាំបាច់ ដើម្បីសម្រួលដល់ធុរកិច្ច ការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន និងការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ ថ្នា្កក់ដឹកនាំទាំងពីរ បានណែនាំឱ្យអាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ ធ្វើការពន្លឿនការពិភាក្សា ដើម្បីបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។

១៣៖ ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យវារីវប្បកម្ម និងនេសាទ ថ្នាក់ដឹកនាំទាំងពីរបានប្រគល់ភារកិច្ចឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរពិចារណាបង្កើតយន្តការសហប្រតិបត្តិការ និងកម្មវិធីផ្លាស់ប្តូរ។

១៤៖ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវសេចក្តីពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការពហុភាគីរវាងម៉ាល់ឌីវ និងកម្ពុជា និងបានឯកភាពគ្នាថា តំណាងនៃប្រទេសទាំងពីរគួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធក្នុងវេទិកាតំបន់ និងអន្តរជាតិនានា រួមទាំងវេទិកាអង្គការសហប្រជាជាតិ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម។

១៥៖ ចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈទៅវិញទៅមកលើបញ្ហាផលប្រយោជន៍ និងកង្វល់រួម។ លោកប្រធានាធិបតី សូលី បានអបអរសាទរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា“ ព្រមទាំងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ លោកប្រធានាធិបតី សូលី បានសម្តែងនូវក្តីសង្ឃឹមថា កម្ពុជានឹងបន្តគាំទ្រកិច្ចប្រឹងប្រែងជាបន្តបន្ទាប់របស់ម៉ាល់ឌីវ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។

១៦៖ លោកប្រធានាធិបតី សូលី បានផ្តល់ការគាំទ្រពេញទំហឹងរបស់រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ ចំពោះសំណើដាក់ពាក្យសុំរបស់កម្ពុជា ចូលជាអ្នកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម។

១៧៖ លោកប្រធានាធិបតី សូលី និង សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងម៉ាល់ឌីវ និងកម្ពុជា នឹងកាន់តែរស់រវើកដោយសារលទ្ធផលនៃទស្សនកិច្ចផ្លូវការជាលើកដំបូងរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅម៉ាល់ឌីវ និងការចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការ ក្នុងអំឡុងនៃទស្សនកិច្ចនេះ។

១៨៖ ក្រោយបញ្ចប់ជំនួបផ្លូវការ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិត តុបករណ៍ទ្វេភាគី រវាងប្រទេសទាំងពីរ ដូចខាងក្រោម៖
ក. កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។
ខ. កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
គ. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស
នៃសាធារណរដ្ឋម៉ាល់ឌីវ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ
ព្រះរាជាណាចក្រកម្ពុជា ។
ឃ. អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ង. អនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។
ច. អនុស្សរណៈយោគយល់គ្នារវាងសភាពាណិជ្ជកម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ និងសភាពាណិជ្ជកម្មកម្ពុជា ។

១៩. សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកប្រធានាធិបតី សូលី និងប្រជាជនម៉ាល់ឌីវ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបដិសណ្ឋារកិច្ចដ៏រាក់ទាក់ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅប្រទេសម៉ាល់ឌីវ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ លោកប្រធានាធិបតី សូលីទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសមស្របទៅវិញទៅមក។ លោកប្រធានាធិបតី សូលី បានទទួលយកការអញ្ជើញដោយសេចក្តីរីករាយ និងបានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការអញ្ជើញនេះ។ កាលបរិច្ឆេទនៃដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងតាមរយៈផ្លូវការទូត៕