(កណ្ដាល)៖ ប្រជាពលរដ្ឋរស់នៅភូមិព្រែកថី និងភូមិព្រែកសំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ កំពុងមមាញឹកក្នុងការរើឥវ៉ាន់ចាកចេញពីផ្ទះរបស់ពួកគេ និងព្រួយបារម្ភជាខ្លាំង ក្រោយស្ថានភាពទឹកហូរតាមព្រែកបុកកាន់តែខ្លាំង បណ្ដាលឲ្យផ្ទះរលំចូលស្ទឹង កាន់តែច្រើនឡើងៗ ។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វីដេអូដែលត្រូវបានប្រជាពលរដ្ឋថតបាន និងបានផ្ញើមកអង្គភាពព័ត៌មាន Fresh News ក្រោយផ្ទះថ្មមួយខ្នងបានបាក់ដីមាត់ច្រាំងព្រែក បណ្ដាលឲ្យធ្លាក់ចូលទៅក្នុងព្រែក ទាំងស្រុងតែម្ដង ជាមួយនឹងផ្ទះជាច្រើនផ្សេងទៀតក៏បានរលំជាអន្លើៗផងដែរ។
ចំពោះស្ថានភាពនេះ ប្រជាពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង ដោយសារទឹកបានហូរមកពីខាងលើគឺខេត្តកំពង់ស្ពឺ រួចសម្រុកមកក្រុងតាខ្មៅតាមព្រែកនេះ បណ្ដាលឲ្យហូរច្រោះដីកាន់តែខ្លាំងឡើងៗ បណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ បាក់កាន់តែច្រើនៗ សរុបមកទល់នឹងល្ងាចនេះមានចំនួន ២៧ខ្នងផ្ទះហើយ ដែលទទួលរងគ្រោះទាំងស្រុងតែម្ដង។
ជាមួយនឹងស្ថានភាពជំនន់ទឹកភ្លៀងនេះ គេសង្កេតឃើញអាជ្ញាធរក្រុងតាខ្មៅ ក៏ដូចជាថ្នាក់ដឹកនាំខេត្តកណ្ដាលដឹកនាំដោយលោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត ក៏បានចុះមកសួរសុខទុក្ខ និងបាននាំយកអំណោយ មកជូនពួកគាត់ផងដែរ ព្រមទាំងបានផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់មួយនេះ៕