(កំពង់ឆ្នាំង)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយល់ច្បាស់អំពីតម្រូវការចាំបាច់របស់ប្រទេស និងប្រជាជនអ៊ុយក្រែន បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើយ ទើបសម្តេចជំរុញឲ្យមានសកម្មភាពមនុស្សធម៌ ក្នុងវិស័យដោះមីននេះជួយដល់អ៊ុយក្រែន។

ជាក់ស្តែងនៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៣ អង្គភាព CMAC ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមផ្ដល់ការហ្វឹកហ្វឺន ដល់មន្រ្តីជំនាញអ៊ុយក្រែន លើបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដែលប្រព្រឹត្តទៅរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣។

លោកបន្តថា «ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយសង្គ្រាម មានសារសំខាន់ហេតុនេះហើយ បានជាសម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន បានឯកភាពគ្នា ក្នុងការជំរុញឲ្យមានការហ្វឹកហ្វឺន និងផ្តល់សម្ភារៈដល់អ្នកជំនាញដោះមីនអ៊ុយក្រែននេះ។ វគ្គហ្វឹកហ្វឺននេះ គឺជាការអនុវត្តន៍តាមស្មារតីនៃការសម្រេចចិត្តរបស់មេដឹកនាំនៃប្រទេសទាំង២ ជប៉ុន-កម្ពុជា»

លោកបន្តថា ផ្អែកលើការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនេះហើយ ទើបអង្គភាព CMAC បានរៀបចំការហ្វឹកហ្វឺនជូន មន្រ្ដី ជំនាញសកម្មភាពមីននៃអង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្ននៃប្រទេសអ៊ុយក្រែន ផ្តោតលើការប្រើប្រាស់សម្ភារៈបច្ចេកទេស បោសសម្អាតមីន ជាពិសេសឧបករណ៍រាវមីនប្រភេទ អាលីស (ALIS) ផលិតនៅប្រទេសជប៉ុន។

លោក ហេង រតនា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន និងជាពិសេសចំពោះភាពជាអ្នកដឹកនាំរបស់ JICA ដែលអនុញ្ញាតឱ្យមានការចាប់ផ្តើមដ៏ល្អមួយ ក្នុងការលើកកម្ពស់គម្រោងសាកល្បងនេះក្នុ ងការផ្តល់នូវបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនហៅថា ALIS ដល់អ្នកបោសសម្អាតមីននៃប្រទេសអ៊ុយក្រែន។

លោក ណូស៊ូម៉ុ យ៉ាម៉ាស្សីតាក់ (Mr. Nozomu Yamashita) ប្រធាននាយកដ្ឋានអភិបាលកិច្ច និងកសាងសន្តិភាពប្រចាំការិយាល័យចៃកា ទីក្រុងតូក្យូ បានឱ្យដឹងថា បទពិសោធន៍ដែលប្រទេសជប៉ុនធ្លាប់ឆ្លងក្នុងសង្រ្គាមកាលពី ៧៨ឆ្នាំកន្លងទៅ បានធ្វើឲ្យប្រទេសនេះ ខិតខំប្រឹងប្រែងក្នុងការបោសម្អាតសំណល់យុទ្ធភណ្ឌសង្រ្គាម ដែលនៅសេសសល់ និងបានបង្កើតនូវបច្ចេកវិទ្យា ដើម្បីបម្រើឲ្យក្នុងវិស័យបោសសម្អាតមីនព្រមទាំងបានជួយដល់ប្រទេស ដែលរងគ្រោះដោយសារសោដនាកម្មនេះផងដែរ។ អង្គភាពស៊ីម៉ាក់ គឺជាស្ថាប័នជំនាញ និងជាដៃគូដែលអាចផ្តល់ការហ្វឹកហ្វឺនដល់ប្រទេសដទៃ ជាក់ស្តែង អ្នកឯកទេស CMAC ចាប់ផ្តើមហ្វឹកហ្វឺនដល់អ្នកអ្នកបោសសម្អាតមីនអ៊ុយក្រែនជាដើម។

លោក Vladyslav Fedortsov អនុប្រធាននាយកដ្ឋានមជ្ឈមណ្ឌលអន្តរតំបន់បោសសម្អាតមីនមនុស្សធម៌ និងការឆ្លើយតបគ្រាអាសន្ន និងជាប្រធានក្រុមសិក្ខាកាមអ៊ុយក្រែន បានបញ្ជាក់ថា នាមជាប្រទេសដែលរងការឈ្លានពានពីប្រទេសមួយផ្សេងទៀត សំណល់យុទ្ធភណ្ឌសង្រ្គាម នៅតំបន់សមរភូមិ និងបង្កវិនាសកម្មយ៉ាងធំធេង ដល់ប្រជាជនអ៊ុយក្រែន។ ក្នុងនាមអ្នកបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ពួកយើងពិតជាយល់ច្បាស់ពីបញ្ហាប្រឈមនេះ។ ប្រទេសអ៊ុយក្រែនមានជំនឿយ៉ាងមុតមាំថា បទពិសោធន៍ដែលផ្តល់ដោយអង្គភាពស៊ីម៉ាក់ ក្នុងវិស័យបោសសម្អាតមីននេះនឹងផ្តល់លទ្ធភាព ចំណេះជំនាញប្រកបដោយវិជ្ជាជីវៈ ដើម្បីរំដោះបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌនៅក្នុងប្រទេសអ៊ុយក្រែន៕