(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ ពិធីបិទវគ្គបណ្តុះបណ្តាលជំនាន់ទី៣ និងពិធីបើកវគ្គបណ្តុះបណ្តាលជំនាន់ទី៤ និងបាឋកថាចែករំលែកបទពិសោធន៍នៃកម្មវិធីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នាសណ្ឋគាររ៉េស៉ីដង់ សុខា ភ្នំពេញ។
កម្មវិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងដោយមានការអញ្ជើញចូលរួមពី លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លេខាទូតទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល គ្រូបង្គោល និងសិក្ខាកាមនៃវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៣ និងជំនាន់ទី៤ សរុបប្រមាណ៤៣១នាក់ ក្នុងនោះសិក្ខាកាមជំនាន់ទី៣ មានចំនួន១៧០នាក់ និងជំនាន់ទី៤ មានចំនួន១៨៨នាក់។
នៅក្នុងឱកាសនេះ ទាំងលេខាទូតទី២ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា និងប្រធានគ្រប់គ្រងកម្មវិធី និងគាំទ្រការគ្រប់គ្រងហិវញ្ញវត្ថុសាធារណៈ និងថវិកានៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងមន្ត្រីជំនាញនាំមុខវិស័យសាធារណៈនៃធនាគារពិភពលោក បានអបអរសាទរ ចំពោះសិក្ខាកាមជំនាន់ទី៣ទាំងអស់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ប្រកបដោយជោគជ័យ នៅសាលាភូមិន្ទរដ្ឋបាល។ ការដឹកនាំល្អ និងនវានុវត្តន៍ល្អ នៅក្នុងវិស័យសាធារណៈ គឺបានជួយទៅដល់រាជរដ្ឋាភិបាល និងពង្រឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលវាមានសារៈសំខាន់សម្រាប់ធានាស្ថេរភាព សន្តិភាព និងវិបុលភាព នៅក្នុងប្រទេស។
លោក យក់ ប៊ុនណា បានថ្លែងថា គោលបំណងសំខាន់នៃកម្មវិធីបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ការគាំទ្រផ្នែកចំណេះដឹង ការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំនិងការគ្រប់គ្រង ការផ្លាស់ប្តូរនៅក្នុងអង្គភាព និងការរៀបចំនៅកន្លែងបំពេញការងារប្រកបដោយកិច្ចសហការល្អ និងមានផលិទ្ធភាពខ្ពស់ ដោយផ្តល់នៅធនធានចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់មន្ត្រីរាជការ ដែលមានតួនាទីក្នុងកម្រិតដឹកនាំ គ្រប់គ្រង នៅតាមក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកនាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់បន្តថា វគ្គនេះ បានបណ្តុះបណ្តាលចំនួន ៣ជំនាន់រួចមកហើយ ដែលសិក្ខាកាមចូលរួម គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់កម្រិតប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល តាមបណ្តាក្រសួង ស្ថាប័ន ចំនួន៣១ និងមានមុខតំណែងអភិបាលក្រុង ស្រុក នាយករដ្ឋបាល ឬមុខតំណែងប្រហាក់ប្រហែល រហូតដល់អភិបាលរាជធានីខេត្ត ទាំង២៥ សរុបចំនួន៤៨៣នាក់ ស្រី៧៦នាក់ ដោយទទួលបានការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ និងការសិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល។ បច្ចុប្បន្ននេះ សិក្ខាកាមជំនាន់ទី៤ ដែលកំពុងទទួលការបណ្តុះបណ្តាល មានចំនួន១៨៨នាក់ ស្រីចំនួន៣៦នាក់ មកពីក្រសួង ស្ថាប័ន ចំនួន២៨ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង២៥រាជធានីខេត្ត។
បន្ទាប់មកលោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងមតិចែករំលែកបទពិសោធន៍ការងារជាមួយអ្នកចូលរួមពិធីដោយបានធ្វើបទបង្ហាញក្នុងបាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដែលមានខ្លឹមសារសំខាន់ៗ ទី១៖ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍, ទី២៖ គុណាធិបតេយ្យ, ទី៣៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, ទី៤៖ តួនាទីរបស់រដ្ឋាភិបាល និងទី៥៖ សេចក្តីសន្និដ្ឋាន។
ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ជូនដល់សិក្ខាកាមនាថ្ងៃនេះ លោកបានលើកយកទ្រឹស្តី ផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែង ព្រមទាំងចំណេះដឹង និងបទពិសោធន៍ការងាររបស់លោកផ្ទាល់ ក្នុងរយៈពេល ៤៣ឆ្នាំ នៅក្នុងការងាររដ្ឋបាលសាធារណៈ។បាឋកថានាថ្ងៃនេះ នឹងផ្តល់ជាចំណេះដឹង និងបទពិសោធន៍ សម្រាប់សិក្ខាកាមទាំងអស់ ដើម្បីជាមូលដ្ឋាន នៃការគិតគូរថ្មីៗ ក្នុងក្របខណ្ឌនៃការដឹកនាំ និងគ្រប់គ្រងអង្គភាព ក៏ដូចជាការផ្តល់សេវាសាធារណៈ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំកម្ពុជា និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានសហការជាមួយសាលាភូមិន្ទរដ្ឋបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីគាំទ្រ និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជាន់ខ្ពស់ ដែលជាតួអង្គដ៏សំខាន់ នៅក្នុងវិស័យនៃការកែទម្រង់សំខាន់ៗក្នុងក្របខណ្ឌនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ចុងបញ្ចប់នៃកម្មវិធី លោក ព្រុំ សុខា បានអញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមវគ្គសិក្សាភាពជាអ្នក ដឹកនាំ និងនវានុវត្តន៍ជំនាន់ទី៣ ដែលបានបញ្ចប់ប្រកបដោយជោគជ័យ នៅសាលាភូមិន្ទ រដ្ឋបាល ផងដែរ៕