(ភ្នំពេញ)៖ អ្នកជំនាញស្រាវជ្រាវពូជស្រូវនៅកម្ពុជា បានណែនាំពូជថ្មី ដល់កសិករកម្ពុជា មានឈ្មោះថា «ចំប៉ីស៧០» ដែលជាប្រភេទអង្ករក្រអូប ដាំដុះក្នុងរយៈពេលខ្លី ធន់នឹងអាកាសធាតុ មិនប្រកាន់រដូវ ខណៈពូជស្រូវនេះ ត្រូវបានធ្វើការស្រាវជ្រាវ និងបង្កាត់ពូជ អស់រយៈពេល៩ឆ្នាំហើយនៅកម្ពុជា។
លោក អន ឈួន អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) ដែលជាអ្នកស្រាវជ្រាវពូជស្រូវមួយរូបបានឱ្យដឹងថា នៅចុងឆ្នាំ២០២២ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា( CARDI) បានបញ្ចេញពូជស្រូវថ្មីមួយប្រភេទ ដែលមានឈ្មោះថា ចំប៉ីស៧០ ដជាប្រភេទស្រូវស្រាលក្រអូប។
លោកបានពន្យល់ពីលក្ខណៈពិសេស របស់ពូជអង្ករចំប៉ីស៧០ នេះថា អង្ករក្ខណៈសល្អ មានប្រវែងប្រហាក់ប្រហែលនឹងពូជផ្ការំដួល និងមានក្លិនក្រអូប តែមិនក្រអូបខ្លាំងដូចផ្ការំដួលទេ។ តែអ្វីដែលពិសេសពូជស្រូវថ្មីនេះ ជាពូជមិនប្រកាន់រដូវ មានរយៈពេលធ្វើខ្លី ពី៩០ថ្ងៃ ទៅ៩៥ថ្ងៃ ដែលកសិករអាចធ្វើបានចាប់ពី២ ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់ទីផ្សារបានមួយឆ្នាំពេញ ខុសពីពូជផ្ការំដួលដែលអាចធ្វើបានតែម្តង ក្នុងមួយឆ្នាំប៉ុណ្ណោះ។
លោកបន្តថា តាមការពិសោធ ការដាំដុះពូជនេះ អាចទទួលបានទិន្នផល ចាប់ពី៤តោន ទៅ៤.៥តោន ក្នុងមួយហិកតា។
លោកបានពន្យល់បន្ថែមថា «ពូជចំប៉ីស៧០ បានឆ្លងកាត់ការបង្កាត់ពីពូជផ្ការំដួល ជាមួយពូជ CNI 9024 ហើយយើងត្រូវការជ្រើសរើសតាំងពីបង្កាត់រហូតដល់ពេលបញ្ចេញនេះ ត្រូវចំណាយពេល៩ឆ្នាំ គឺយើងចាប់ផ្តើមបង្កាត់តាំងពីឆ្នាំ២០១៣ រហូតដល់ពេលយើងបានបញ្ចេញ នៅក្នុងឆ្នាំ២០២២។ ឥលូវនេះយើងកំពុងធ្វើពូជគ្រឹះ ដើម្បីផ្គត់ផ្គង់ទៅសហគមន៍ ដើម្បីឱ្យសហគមន៍ យកទៅផលិតពូជបន្តទៀត»។
បើទោះបីជាពូជស្រូវចំប៉ីស៧០ មិនទាន់មានផលិតចេញជាអង្ករដាក់លក់ នៅលើទីផ្សារក៏ពិតមែន តែលោកលើកទឹកឱ្យកសិករ ជ្រើសរើសពូជស្រូវនេះយកទៅដាំដុះ ព្រោះពូជថ្មីនេះជាប្រភេទស្រូវធន់នឹងអាកាសធាតុ ធន់នឹងសត្វល្អិត មិនរើសប្រភេទដី និងមិនប្រកាន់រដូវទៀតផង ហើយដាំដុះក្នុងរយៈពេលខ្លី ដែលនឹងធ្វើឱ្យកសិករកាត់បន្ថយថ្លៃចំណាយថ្លៃដើមផ្សេងៗ ដូចជាថ្លៃជីជាដើម។
លោកជឿជាក់ថា នាពេលខាងមុខពូជស្រូវថ្មីមួយប្រភេទនេះ នឹងទទួលបានការគាំទ្រពីអ្នកបរិភោគ ទាំងក្នុងប្រទេស ក៏ដូចជាទីផ្សារអន្តរជាតិព្រោះ ជាប្រភេទពូជផ្តល់នូវអង្ករស្តង់ដារ ដែលត្រូវនឹងតម្រូវការរបស់ទីផ្សារអន្តរជាតិ។
លោកលើកឡើងបន្ថែមថា «ដោយសារតែពូជនេះ ជាប្រភេទអង្ករក្រអូប ហើយប្រើរយៈពេលខ្លី សង្ឃឹមនឹងទទួលបានការគាំទ្រពីកសិករ ដែលកសិករអាចកាត់បន្ថយទៅលើថ្លៃដើមផលិត ដូចជាការបូមទឹក ការប្រើប្រាស់ជីទាបជាងពូជដែលមានអាយុកាលវែង ដែលធ្វើឱ្យកសិករទទួលបានផលចំណេញ។ ក្នុងនាមជាអ្នកស្រាវជ្រាវ ខ្ញុំសង្ឃឹមថា អង្ករថ្មីនេះ នឹងអាចជ្រៀតចូលទីផ្សារអន្តរជាតិបាននាពេលខាងមុខ ព្រោះជាប្រភេទពូជផ្តល់នូវអង្ករស្តង់ដារ ដែលត្រូវនឹងតម្រូវការរបស់ទីផ្សារអន្តរជាតិ។»
លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ អ្នកជំនាញកំពុងធ្វើការផ្សព្វផ្សាយដល់កសិករ និងសហគមន៍ពីអត្ថប្រយោជន៍នៃពូជស្រូវថ្មី។ តាមរយៈការផ្សព្វផ្សាយ និងការដាំដុះសាកល្បង ដែលមានការចូលពីកសិករកន្លងមក ឃើញថាពួកគាត់បានបង្ហាញការពេញចិត្ត ហើយសង្ឃឹមថា ចាប់ពីឆ្នាំ២០២៣នេះ កសិករនឹងជ្រើសរើសពូជថ្មីនេះយកទៅដាំដុះ។
CARDI នឹងចាប់ផ្តើមផ្គត់ផ្គង់ពូជស្រូវថ្មីនៅទូទាំងប្រទេស តាមរយៈកសិករ រោងម៉ាស៊ីន និងសហគមន៍កសិកម្មជាដើម។
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា បើទោះបីជាជួបបញ្ហាលំបាកមួយចំនួន តែ CARDI នៅតែអាចអភិវឌ្ឍន៍ពូជស្រូវថ្មីមួយដែលល្អ និងមានសារៈសំខាន់សម្រាប់កសិករ។
លោកបន្ថែមថា «ការអភិវឌ្ឍន៍បាននូវពូជថ្មីនេះ អាចទុកថាជាមោទនភាពមួយដ៏ធំ របស់ CARDI និងវិស័យកសិកម្ម ក៏ដូចជាមុខមាត់របស់កម្ពុជាផងដែរ»។
សូមជម្រាបថា ពូជស្រូវចំប៉ីស៧០ គឺជាឈ្មោះតំណាងឱ្យចំណងទំនាក់ទំនងកាទូត រវាងកម្ពុជា និងអូស្រ្តាលី ខួបលើកទី៧០។ ការអភិវឌ្ឍន៍ពូជស្រូវនេះ បានប្រើប្រាស់ថវិកាមកពី២ប្រភព គឺពីរដ្ឋាភិបាលកម្ពុជា និងមួយផ្នែកទៀតគាំទ្រដោយថវិកាពីរដ្ឋាភិបាលអូស្រ្តាលី៕