(កោះកុង)៖ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ ក្រសួងការជាតិ និងជាប្រធានគណៈកម្មការសាងសង់ ជួសជុលផ្នូរយុទ្ធជនខេត្តកោះកុង អញ្ជើញជាតំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកោះកុង នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្ត ទក្ខិណានុប្បទាន អភិសេកបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី មុនថ្ងៃសម្ពោធទីលានយុទ្ធជនពលី និងសមិទ្ធផលនានា នៅខេត្តកោះកុង។
ដោយឡែកពិធីសម្ពោធជាផ្លូវការនឹងធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ពោធទីលានផ្នូរយុទ្ធជនពលីនាសម័យសង្គ្រាមស៉ីវិលនៅកម្ពុជា និងសមិទ្ធផលនានា ព្រមទាំងរៀបចំអបអរខួប៤៤ឆ្នាំ ទិវាជ័យជម្នះ ៧មករា នៅខេត្តកោះកុង។
ទីលានផ្នូរយុទ្ធជនពលី នាសម័យសង្គ្រាម បានចាប់ផ្តើមបើកការដ្ឋានសាង់សងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងត្រូវបញ្ចប់ការសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២២។
លានផ្នូរយុទ្ធជនពលីមានផ្ទៃដីជិត១ហិកតា ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការសាងសង់ផ្នូរនេះឡើង គឺដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមក្នុងនោះមានសពចំនួន ៤៤៧នាក់ មកពីបណ្តាលរាជធានី-ខេត្តចំនួន១៨ ដែលមានឈ្មោះ ទីកន្លែងកំណើតត្រូវបានយកមកបញ្ចុះនៅទីនេះផងដែរ។ ដោយឡែកថ្មីៗនេះ មានសពយុទ្ធចំនួន៥រូបទៀត ដែលមានឈ្មោះ និងសពមន្ត្រីអគ្គិសនីម្នាក់ ក៏ត្រូវបាននាំមកបញ្ចុះនៅទីលានផ្នូរយុទ្ធពលី សរុបធ្វើឱ្យសពយុទ្ធពលីដែលបញ្ចុះនៅទីនេះមានចំនួន៥៣នាក់។
នាយឧត្តមសេនីយ៍ យន្ត មីន បានលើកឡើងថា ការសាងសង់ទីលានផ្នូរយុទ្ធជនពលីនាពេលនេះ គឺជាកិច្ចតបស្នងសងគុណយុទ្ធមិត្ត ជានាយទាហាន ពលទាហាន ដែលបានលះបង់ អាយុជីវិតក្នុងសម័យសង្គ្រាម ដើម្បីបូរណភាពទឹកដី ការពារប្រទេសជាតិ មាតុភូមិ និងការពារអាយុជីវិតប្រជាពលរដ្ឋ ដើម្បីឈានរកសន្តិភាពជូនប្រទេសជាតិ ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាដើម។ ដោយសារតែមានការលះបង់ជីវិតរបស់អតីតយុទ្ធជនពលីនេះហើយ ដែលជាចំណែកមួយធ្វើឱ្យខេត្តកោះកុង និងប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ពេញលេញដូចពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនផ្សេងៗទៀតជាដើម។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ទីលានផ្នូរសពអតីតយុទ្ធ នៅខេត្តកោះកុងនេះ គឺបានសាងសង់ឡើងតាមរចនាបទខ្មែរសុទ្ធសាធទាំងកូនកាត់បែបបុរាណ និងសម័យ បន្ថែមពីនេះក្រុមការងារជំនាញបានកែលម្អបន្ថែមទៀត នូវរចនាបទអង្គរ ហើយប្រវត្តិទីតាំងនេះបានដាក់សាកសពយុទ្ធពល ដែលពលីជីវិត ដើម្បីបូរណភាពទឹកដីនេះ តាំងពីខែកក្កដា ឆ្នាំ១៩៧៩មកម្ល៉េះ។
នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា «ប្រសិនបើខ្ញុំអាចនិយាយជាមួយអតីតយុទ្ធជនពលីបាន គឺពាំនាំថា ការលះបង់ជីវិតរបស់បងប្អូនសម្រាប់មាតុភូមិកម្ពុជា គឺមិនអត់ប្រយោជន៍នោះទេ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងថា ដើម្បីជាកិច្ចតបស្នងសងគុណដល់ការលះបង់របស់យុទ្ធជនពលី រដ្ឋាភិបាល ដែលមានក្រសួងការពារជាតិជាសេនាធិការ បានរៀបចំសាងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត ដើម្បីបញ្ចុះសព ជាពិសេសអាចឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំធ្វើបុណ្យតាមប្រពៃណីសាសនា អុជធូបបូជា ឱ្យសាកសមនឹងការលះបង់របស់បងប្អូនអតីតយុទ្ធជនពលីជីវិតនាសម័យសង្គ្រាម ដែលបានក្លាយជាចំណែកមួយឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ដូចពេលបច្ចុប្បន្ននេះ។
នាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា ការតាំងចិត្ត និងការលះបង់របស់យុទ្ធជនពលីទាំងអស់ ដើម្បីឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព គឺទទួលបានផ្លែផ្លាហើយ ដូច្នេះ ការរៀបចំសាងសង់ទីលានផ្នូរយុទ្ធជនពលីជីវិត នាសម័យសង្គ្រាមនេះ គឺជាកិច្ចតបស្នងជូនពួកគាត់ ដើម្បីស្របទៅតាមទិសស្លោក របស់ថ្នាក់ដឹកនាំ គឺ «ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកឃើញដល់អ្នកដាំ»៕