(កណ្ដាល)៖ ប្រធានមន្ទីរសាធារណការខេត្តកណ្ដាល លោក ម៉ឹង យូឡេង បានថ្លែងថា ផ្ដើមឆ្នាំ២០២៣នេះ មន្ត្រីទាំងអស់ត្រូវដាក់ចិត្តដាក់កាយខិតខំបំពេញការងារតួនាទីរបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេសសហការផ្ទៃក្នុងឲ្យបានរឹងមាំ ជាមួយនឹងការទទួលខុសត្រូវលើកិច្ចការរបស់ខ្លួនឲ្យបានខ្ចាប់ខ្ចួន។
លោកប្រធានមន្ទីរ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៣ ដែលការប្រជុំប្រព្រឹត្តិកាលពីចុងសប្ដាហ៍កន្លងទៅនេះ។
លោក ម៉ឹង យូឡេង បានថ្លែងបន្តថា អស់លោកដែលកាន់មុខជំនាញរៀងៗខ្លួន ត្រូវមានការតាំងចិត្តធ្វើការឲ្យល្អប្រសើរ ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ខណ:ដែលការងារខាងយើងនេះ គឺច្រើនណាស់ បើសិនតែខកខានបន្តិច នោះការងារកាន់តែច្រើនឡើងៗជាក់ជាមិនខានឡើយ។
ជាមួយគ្នានេះ លោកប្រធានបានជំរុញមន្ត្រីកាន់ស្ថានីយ៍ថ្លឹងរថយន្តទាំងអស់ ត្រូវម៉ត់ចត់ជាងមុន ដ្បិតគេនៅតែរកឃើញរថយន្តដឹកល់សទម្ងន់បើកបរលើផ្លូវនៅឡើយ ដែលជាហេតុនាំឲ្យផ្លូវមានសភាពឆាប់ខូចជាដុំៗ ដែលកត្តានេះ នាំឲ្យមហាជនរិះគន់ពីគុណភាពធ្វើ តែតាមពិតមកពីរថយន្តធ្ងន់លើសទេតើជាអ្នកបំផ្លាញ។ ដូច្នេះទាំងមន្ត្រីស្ថានីយ៍ថ្លឹងរថយន្ត និងមន្ត្រីថែទាំផ្លូវ ត្រូវធ្វើការលើរឿងនេះឲ្យទាន់ពេល ពិសេសពេលមានផ្លូវខូចងុចតួច សូមរួសរាន់ទៅជួសជុលភ្លាម កុំបង្អង់ទុកឲ្យខូចធំ។
លោកប្រធានបានកោតសរសើរចំពោះស្នាដៃជាច្រើន ដែលមន្រ្តីថ្នាក់ក្រោមទាំងអស់គ្រប់ជំនាញសម្រឹចបានច្រើន ហើយក៏លើកទឹកចិត្តឲ្យសម្រឹចតាមផែនការផងដែរ ព្រោះសម្រាប់ឆ្នាំ២០២៣នេះ គឺថ្នាក់លើនៅរង់ចាំមើលថា តើមន្ត្រីណាសកម្ម ឬអសមត្ថភាព ដើម្បីងាយស្រួលតំឡើងតំណែង ឬត្រូវដូរមនុស្សថ្មី៕