(វៀតណាម)៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ប្រតិភូអ្នកសារព័ត៌មានកម្ពុជា ត្រូវបានភាគីក្រសួងព័ត៌មានវៀតណាម ដែលជាម្ចាស់ផ្ទះ នាំទៅទស្សនាខេត្ត Quang Ning នាទីក្រុងហាឡុង ដែលល្បីល្បាញ ដោយសារកោះដុះចេញពីទឹកសមុទ្រ ច្រូងច្រាង មានចំនួនរាប់ពាន់រាប់ម៉ឺនកោះ ហើយជាខេត្តនៅភាគឥសាន្ត ប្រទេសជាប់សមុទ្រ និងជាប់ប្រទេសចិន មានព្រំដែនគោក១០២គីឡូម៉ែត្រ។

ក្រៅពីដើរទស្សនាទីក្រុង តំបន់មាត់សមុទ្រ ដែលមានកោះដុះនោះ អ្នកសារព័ត៌មានកម្ពុជា ក៏ត្រូវបានអញ្ចើញចូលទស្សនា និងពិភាក្សាការងារជាមួយ អគ្គនាយកនិពន្ធ ស្ថានីយទូរទស្សន៍របស់ខេត្ត ដែលមានទីស្នាក់ការ នៅក្រុងហាឡុងផងដែរ។

ថ្លែងទៅកាន់ លោកអគ្គនិពន្ធនាយកទូរទស្សន៏ ខេត្ត Quang Ning លោក ហាស់ សំអាត  ប្រធានដឹកនាំអ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណ លោក ប៊ិច ដែលជាអគ្គនាយក ដែលបានអនុញ្ញាតឲ្យ អ្នកសារព័ត៌មានកម្ពុជា បានចូលជួបពិភាក្សាការងារ និងទស្សនាស្ថានីយទូរទស្សន៍របស់លោក ហើយលោកក៏បានផ្ដាំផ្ញើ នូវការសួរសុខទុក្ខ ពីសំណាក់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាផងដែរ។

លោកអគ្គនាយកទូរទស្សន៏ខេត្ត Quang Ning បានឲ្យដឹងថា ស្ថានីយទូរទស្សន៏ខេត្ត Quang Ning មានអាយុកាល៦០ឆ្នាំមកហើយ ហើយខេត្តនេះ មានទីក្រុងសំខាន់ៗចំនួន៤ និងស្រុកចំនួន៨ និងមានប្រជាជនរស់នៅជាង ១,២លាននាក់ ហើយចំណូលសេដ្ឋកិច្ចខ្លាំងបំផុត សំរាប់ខេត្តនេះ មានចំនួន៣ធំៗគឺ ទី១-ថាមពលអគ្គិសនី, ទី២-រ៉ែធ្យូងថ្ម ដែលមានចំនួន៤០លានតោន ក្នុង១ឆ្នាំ និងទី៣ វិស័យទេសចរណ៏ ដែលមានកោះកើតឡើងពីបណ្ដុំថ្មដុះចេញ ពីទឹកសមុទ្រនៅជិតៗគ្នាច្រើនជាងគេ ហើយល្បីល្បាញពេញពិភពលោក ដោយក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិមកទស្សនា ដើរកំសាន្តពី៥,៥ ទៅ៨លាននាក់។
 
សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ ក្រុមប្រតិភូអ្នកសារព័ត៌មានកម្ពុជា ក៏ត្រូវបានអញ្ជើញទៅទស្សនាខេត្ត Hoa binh ជួបពិភាក្សាការងារជាមួយ អ្នកសារព័ត៌មានប្រចាំខេត្ត និងទស្សនាវារីអគ្គិសនីធំជាងគេទី២ នៅប្រទេសវៀតណាមផងដែរ រួមទាំងបឹងសិប្បនិម្មិតធំជាងគេ នៅប្រទេសវៀតណាម។ ខេត្ត Hoa binh ជាខេត្តនៅភាគកណ្ដាលវៀតណាមខាងជើង សំបូរទៅដោយភ្នំ និងជនជាតិភាគតិចរស់នៅ៕