(កំពង់ស្ពឺ)៖ សិក្ខាកាមជាយោធិន ចំណុះអង្គភាពឱ្យកងយោធពលខេមរភូមិ ចំនួនសរុប ៣១១នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី៣៣ ដោយប្រើពេលហ្វឹកហ្វឺនរយៈពេល២ខែ ព្រមទាំងបន្តបើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី៣៤ ដែលមានសិក្ខាកាមចំនួន ២៨១នាក់ ផងដែរ។

ពិធីបិទវគ្គ និងបើកវគ្គបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការអមដំណើរដោយនាយទាហានជាន់ខ្ពស់ ក្នុងអគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិជាច្រើនរូប នៅឯទីលានសាលាហ្វឹកហ្វឺនជំនាញទ័ពពិសេស ស្ថិតក្នុងភូមិសាស្ត្រភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នេះគឺជាមោទនភាពរបស់ជាតិ ដែលមានយោធិនជំនាញបន្ថែមទៀតសម្រាប់បន្តវេនបម្រើឱ្យភារកិច្ចការពារប្រទេស និងប្រជាជន ពីព្រោះថាកងទ័ព គឺជាធនធានមនុស្ស ដែលប្រកបដោយមនសិកាស្នេហាជាតិ សាសនា ព្រះមហាក្សត្រ និងមានការប្តេជ្ញាចិត្តប្ដូរផ្ដាច់ ការពារបូរណភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ មនុស្សធម៌ គុណធម៌ជាមួយនឹងការត្រៀមខ្លួន បូជាលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងថា កងទ័ពបានចូលរួមយ៉ាងសកម្មនៅក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ បេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការចូលរួមដោះមីនជាដើម។ ដែលនេះជាជំហានថ្មីមួយទៀតនៃចក្ខុវិស័យគោលនយោបាយការពារជាតិ គឺការកំណត់យកទិសដៅនៃការធ្វើទំនើបកម្មក្នុងកងទ័ព ហើយដំណើរការនៃទំនើបកម្មនេះ ក្លាយទៅជាផ្នែកមួយដ៏សំខាន់បន្ថែមទៀត នៃកិច្ចការកែទម្រង់កងទ័ព ដែលបាននឹងកំពុងអនុវត្តដោយសម្រេចបាននៅសមិទ្ធផលជាច្រើនរួចមកហើយ រហូតមកដល់បច្ចុប្បន្ននេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា៖ «ដូច្នេះ ទាំងយោធាចារ្យ និងសិក្ខាកាមត្រូវខិតខំបន្តសិក្សាស្រាវជ្រាវ ដុសខាត់ចំណេះដឹងឱ្យបានជាប់ជាប្រចាំ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ទាំងក្នុងពេលចំពោះមុខ និងតទៅអនាគត។ ជាពិសេសខណៈពេលដែលបញ្ហាប្រឈម និងការគំរាមកំហែងទាំងឡាយមានលក្ខណៈកាន់តែស្មុគស្មាញ និងគ្រោះថ្នាក់ ទាំងបញ្ហាសន្តិសុខបែបប្រពៃណី ដូចជាការប្រយុទ្ធរវាងកម្លាំងទល់នឹងកម្លាំង និងបែបមិនប្រពៃណីជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៉ីនធឺរណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតជាដើម»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាស្ថាបនិក កត្តាសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ស្ថេរភាពនយោបាយ និងការរីកចម្រើនផ្នែកសង្គមសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ន គឺជាដំណាក់កាលដ៏សុខសាន្តមួយ ដែលកើតមានដោយកម្រនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។

ទន្ទឹមនឹងនេះដែរ នាយឧត្តមសេនីយ៍ បានបន្ថែមថា សន្តិភាពសំដៅដល់បរិយាកាសគ្របដណ្ដប់ក្រោមម្លប់ឯកភាពជាតិ និងបូរណភាពទឹកដី ការផ្ដល់នូវសិទ្ធិអំណាច សេរីភាព ដល់ប្រជាពលរដ្ឋ ក្នុងការរស់រានមានជីវិត ទទួលបានការអប់រំ និងការប្រកបរបរទទួលទានដោយសេចក្តីសុខសាន្ត គ្មានការព្រួយបារម្ភ ឬភ័យខ្លាចអំពីអំពើអសន្តិសុខ និងសង្គ្រាម។ ទាំងនេះ គឺជាសិទ្ធិអំណាច និងក៏ជាសុភមង្គលដែលប្រជាជនកម្ពុជា ស្រេកឃ្លានទន្ទឹងសុបិន្តចង់បានអស់រយៈពេលជាង ៥០០ឆ្នាំមកហើយ។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបន្តខិតខំរួបរួមគ្នាថែរក្សានៅអំណោយពរជ័យដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ឱ្យបានគង់វង្សយូរអង្វែងតទៅមុខទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ ការងារហ្វឹកហ្វឺនបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិតាមរយៈការផ្តល់នូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដឱ្យដល់កងទ័ព ជាពិសេសយោធិនដែលមានវ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ក្នុងស្មារតីនេះការងារហ្វឹកហ្វឺនត្រូវបានចាត់ទុកជាការងារអាទិភាពចាំបាច់បំផុត ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានផ្តាំផ្ញើដល់នាយទាហានជាសិក្ខាកាម ដែលបញ្ចប់វគ្គ និងបន្តហ្វឹកហ្វឺនជំនាញឆ័ត្រយោងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងហ្វឹកហ្វឺននៅទីនេះ និងពេលវិលត្រឡប់ទៅតាមបណ្ដាកងឯកភាព ឱ្យបានកាន់តែប្រសើរ ដើម្បីពេលអនាគត់អស់លោកមានសមត្ថភាពគ្រប់គ្រាន់ ក្លាយជាថ្នាក់ដឹកនាំ ក្លាយជានាយទាហានប្រកបដោយសមត្ថភាព ក្នុងការចូលរួមបម្រើឱ្យបុព្វហេតុការពារជាតិមាតុភូមិបានរឹងមាំ ពិសេសត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។

បើតាមលោកឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានកងទ័ពពិសេស បានឱ្យដឹងថា សម្រាប់សិក្ខាកាមដែលបញ្ចប់វគ្គជំនាញឆ័ត្រយោងជំនាន់ទី៣៣ ទាំង៣១១នាក់ រួមមាន៖ ពីនិស្សិតនាយទាហានទ័ពជើងគោកជំនាន់ទី១២ ចំនួន ២៤៧នាក់ និងក្រៅពីនោះជាសិក្ខាកាមមកពីអង្គភាពបញ្ជាការដ្ឋានទ័ពពិសេស, កងពលធំអន្តរាគមន៍លេខ២, យោធភូមិភាគទី៣, ទី៥, និងសិក្ខាកាមមកពីបញ្ជាការដ្ឋានកាំភ្លើងធំទ័ពជើងគោក រួមជាមួយគ្រូបង្វឹក និងអ្នកបម្រើការ សិក្ខាកាមទាំងអស់ ទទួលបាននិទ្ទេសល្អ ៣៣នាក់, និទ្ទេសល្អបង្គួរ ២៣១នាក់, និទ្ទេសមធ្យម ០៩នាក់ និងនិទ្ទេសក្រោមមធ្យម ០៣នាក់។

ដោយឡែកសម្រាប់វគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី៣៤ ទាំង២៨១នាក់ រួមមាន៖ សិក្ខាកាមជានាយទាហានសកម្មជំនាន់ទី២៤ ចំនួន ១៩៦នាក់ សិក្ខាកាមមកពីបញ្ជាការដ្ឋានទ័ពពិសេស ៥០នាក់ និងក្រៅពីនោះជាគ្រូបង្វឹកនិងអ្នកបម្រើការ ដោយប្រើរយៈពេលហ្វឹកហ្វឺន ២ខែដូចគ្នា៕