(ម៉ាល់ឌីវ)៖ ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយលោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ប្រធានាធិបតីម៉ាល់ឌីវ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអរគុណដល់ប្រធានាធិបតីម៉ាល់ឌីវ ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងបានប្រកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតម៉ាល់ឌីវ មកសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជាវិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំពិតជាមានការអរគុណជាមួយនឹងការដែលឯកឧត្តមប្រធានាធិបតី បានផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ផ្តល់នូវការហ្វឹកហាត់ សម្រាប់អ្នកហែលទឹករបស់កម្ពុជា និងផ្តល់ជាមួយមន្ត្រីដែលត្រូវធ្វើបដិសណ្ឋារកិច្ចចំនួន២០នាក់ ដែលពួកគេនឹងទទួលបាននូវការបណ្តុះបណ្តាល សម្រាប់ការជំរុញវិស័យទេសចរណ៍នៅកម្ពុជា ខ្ញុំក៏សុំយកឱកាសនេះបញ្ជាក់ជូនថា កម្ពុជាបានផ្តល់ឱកាសផ្តល់អាហារូបករណ៍ចំនួន១០រូប សម្រាប់និស្សិតរបស់ម៉ាល់ឌីវ ដើម្បីសិក្សានៅថ្នាក់ឧត្តមសិក្សានៅកម្ពុជា»

ទាក់ទងនឹងការផ្តល់អាហារូបករណ៍នេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានជួបប្រធានសាលារួចហើយ ដែលពេលនេះលោកជារដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ហើយដែលសាលានេះមានទីតាំងនៅទីក្រុងភ្នំពេញ ហើយក៏មានការតភ្ជាប់ជាមួួយនឹងសហរដ្ឋអាមេរិកផងដែរ។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ស្នើឱ្យការផ្តល់អាហារូករណ៍ទៅវិញទៅមករវាងនិស្សិតកម្ពុជា និងម៉ាល់ឌីវនេះ នឹងកើតចេញជារូបរាងក្នុងឆ្នាំនេះ ដែលអាចឱ្យនិស្សិតទាំងសងខាង អាចធ្វើការផ្លាស់ប្តូររៀនសូត្របាន ដែលនេះជាចំណុចចាប់ផ្តើមមួយនៃកិច្ចប្រតិបត្តិការរវាងកម្ពុជា និងម៉ាល់ឌីវ ទាំងក្នុងកម្រិតនយោបាយផង និងកម្រិតដ៏ទៃទៀត ដែលអាចទាក់ទងនិងការបណ្តុះបណ្តាលធនធានមនុស្ស។

ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យម៉ាល់ឌីវ ពិនិត្យមើលលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលទាក់ទងជាមួយនឹងវិស័យវប្បធម៍ និងបានឱ្យស្នើឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា- ម៉ាល់ឌីវ ពិនិត្យមើលដើម្បីពង្រីកទៅដល់វិស័យគ្របដណ្តប់ទៅលើវិស័យវប្បធម៍នៃប្រទេសទាំង២។ ទាក់ទងនឹងវិស័យទេសចរណ៍ដែរ សម្តេចបញ្ជាក់ថា ម៉ាល់ឌីវ គឺជាភាពអស្ចារ្យ នៅក្នុងមហាសាគររបស់មហាសមុទ្រឥណ្ឌា ដែលមានមណ្ឌលទេសចរណ៍ដ៏គួរឲ្យទាក់ទាញបំផុត និងបានកោតសរសើរដល់ប្រទេសម៉ាល់ឌីវ ដែលបានធ្វើការអភិវឌ្ឍនមហាសាគរ ក្លាយជាកន្លែងដ៏គួរឱ្យទាក់ទាញដូចនេះ៕