(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមិថុនានេះ បានចេញសេចក្តីបំភ្លឺមួយ ឆ្លើយតបតនឹងលិខិតមួយរបស់ សាកលវិទ្យាលអន្តរជាតិ ដែលបង្ហោះនៅលើ បណ្តាលទំនាក់ទំនងសង្គម Facebook ហើយត្រូវបានចែកចាយតៗគ្នា ទាក់ទងទៅនឹងការតម្រូវឲ្យសិស្ស និស្សិត បង់ពន្ធ២០ភាគយ លើថ្លៃអាហារូបករណ៍ ដើម្បីបង់ជូនអគ្គនាយកដ្ឋានពន្ធដារ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ច្បាស់ថា ច្បាប់ស្តីពីសារពើពន្ធ នៃព្រះរាជាណាចក្រកម្ពុជា មិនមានមាត្រាណាមួយចែង អំពីការប្រមូលពន្ធលើអាហារូបករណ៍ពីសិស្ស-និស្សិត នៅតាមសាកលវិទ្យាល័យនោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មិនមានគោលការណ៍ ក្នុងការប្រមូលពន្ធលើអាហារូបករណ៍ សិស្ស និស្សិត នៅតាមសាកលវិទ្យាល័យនានានោះទេ ព្រោះរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ ចំពោះការពង្រឹងគុណភាពសេវាអប់រំ ដែលជាកិច្ចការអាទិភាពចម្បងមួយ របស់រាជរដ្ឋាភិបាល។
អគ្គនាយកដ្ឋានពន្ធដារ បានសង្គត់ធ្ងន់ថា «សូមស្នើដល់គ្រឹះស្ថានសិក្សា-អប់រំទាំងឡាយ ដែលបានប្រមូលពន្ធពីសិស្ស កុំអនុវត្តផ្ទុយពីច្បាប់ និងសូមបញ្ចប់សកម្មភាពខុសច្បាប់នេះ ជាបន្ទាន់»៕