(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានប្រកាសស្វាគម៍អ្នកឧកញ៉ា គួច ម៉េងលី ដែលគ្រោងនាំគ្រឹះស្ថានសិក្សារបស់ខ្លួន ឡើងទីផ្សារមូលបត្រកម្ពុជា (SCX) និងលក់ភាគហ៊ុន ១០លានដុល្លារ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO)។
បើគ្មានអ្វីប្រែប្រួលទេ អ្នកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងនាំយកក្រុមហ៊ុនខ្លួន ឡើងផ្សារមូលបត្រកម្ពុជា នៅចុងខែមីនា ឆ្នាំ២០២៣ខាងមុខនេះ។ ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងក្លាយជាស្ថាប័នអប់រំឯកជនដំបូងគេ ដែលឡើងលើទីផ្សារមូលបត្រ ក្នុងគោលដៅស្វែងរកថវិកា ដើម្បីពង្រីកសាលាអន្តរទ្វីបអាមេរិកកាំង (AIS) ទូទាំងប្រទេសឲ្យគ្រប់ ១៦០សាខា។
ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការស្វែងយល់អំពីវិស័យមូលបត្រនៅកម្ពុជា និងការត្រៀមខ្លួនវិនិយោគលើមូលបត្រកម្មសិទ្ធិ» នៅចុងសប្តាហ៍មុន លោក ស៊ូ សុជាតិ បានឲ្យដឹងថា មានក្រុមហ៊ុនធំៗជាច្រើននៅកម្ពុជា កំពុងសម្លឹងមើលឱកាស និងត្រៀមខ្លួនបោះជំហានចូលទីផ្សារមូលបត្រ បន្ទាប់ពីមើលឃើញពីភាពចំណេញ និងការរីកចម្រើនឥតឈប់ឈរលើវិស័យមូលបត្រនេះ។ លោកក៏បានប្រកាសស្វាគមន៍ ចំពោះអ្នកឧកញ៉ា គួច ម៉េងលី ដែលមានឆន្ទៈឡើងផ្សារមូលបត្រ ហើយក៏ជាផ្នែកមួយជួយទីផ្សារមួយនេះ កាន់តែរីកចម្រើនផងដែរ។
«យើងស្វាគមន៍ប្រសិនជាអ្នកឧកញ៉ា បោះផ្សាយលក់មូលបត្រ រួចហើយអាចបោះផ្សាយលក់បណ្ណបំណុល ឬសញ្ញាបណ្ណថែមទៀត»។ នេះជាការបញ្ជាក់របស់លោក ស៊ូ សុជាតិ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់ថា លោកចង់លក់ភាគហ៊ុន ៥.៩% ហើយសង្ឃឹមថានឹងប្រមូលថវិកា ១០លានដុល្លារអាមេរិក។
មូលហេតុដែលឡើងផ្សារមូលបត្រ នៅចុងខែមីនា ឆ្នាំ២០២៣នេះ ត្រូវបានអ្នកឧកញ៉ាពន្យល់បែបនេះ «ដោយសារមើលឃើញថា និយ័តករមូលបត្រកម្ពុជា (SERC) កាន់តែអភិវឌ្ឍន៍ទៅមុខ មានដំណើរការច្បាស់លាស់ ហើយគោលការណ៍ក៏អាចទទួលយកបាន ដូច្នេះហើយទើបពួកយើងព្យាយាម ចុះបញ្ជីអំឡុងឆ្នាំ២០១៨ ប៉ុន្តែបន្ទាប់មកវិបត្តិជំងឺកូវីដ-១៩ ក៏មកដល់។ ត្រឹមតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ (២០១៩) ពួកយើងបានពង្រីកសាខារហូតដល់ទៅ ៣ទីតាំងក្នុងពេលតែមួយ ជាលទ្ធផលប្រាក់ចំណេញ ក៏ធ្លាក់ចុះតាមនោះ។ បើសិនជាពួកយើងចេញ IPO ភាគហ៊ុននឹងមានតម្លៃថោក ទាំងនោះហើយជាហេតុផលដែលរារាំងដំណើរការ។ ដោយឡែក ហេតុផលមួយទៀតនោះ គឺ SERC មិនទាន់រួចរាល់សម្រាប់ការចុះបញ្ជីភាគហ៊ុននៅពេលនោះ»។
លោកបន្ថែម «ពួកយើងគិតថាឆ្នាំ២០២៣នេះ គឺជាពេលវេលាដ៏ត្រឹមត្រូវ មុនការបោះឆ្នោត។ ទី១ គឺពួកយើងជឿជាក់លើការរីកចម្រើន ទី២ គឺពួកយើងជឿជាក់លើការគាំទ្រពីអតិថិជន មាតាបិតា និងអ្នកវិនិយោគ ហើយទី៣ គឺជាការបង្ហាញការគាំទ្រជាមួយរដ្ឋាភិបាលថា ប្រទេសកម្ពុជាបច្ចុប្បន្នមានស្ថិរភាព»។
បើតាមអ្នកឧកញ៉ា គួច ម៉េងលី អ្វីដែលត្រូវការបន្ថែមទៀតនោះ គឺពេលវេលា ពីព្រោះថាការចេញ IPO គឺត្រូវការរយៈពេល ១ឆ្នាំ។ ទោះជាយ៉ាងណាក្តី ដោយសារតែ ម៉េងលី ជេ. គួច អេឌ្យូខេសិន បានត្រៀមខ្លួនរួចរាល់ គឺចំណាយពេលតែ៣ខែកន្លះតែប៉ុណ្ណោះ។ ចាប់ពីចុងខែ១២ ឆ្នាំ២០២២ លោកសង្ឃឹមថា នឹងអាចដាក់ចេញនៅចុងខែមីនា ឆ្នាំ២០២៣នេះ។
លោកបន្តថា គោលបំណងដែលដាក់ចេញ IPO គឺដើម្បីផ្សព្វផ្សាយសាលា និងអនុញ្ញាតវិនិយោគិន មានឱកាសក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន ហើយម៉េងលី ជេ. គួច អេឌ្យូខេសិន ជឿជាក់ថា វិនិយោគិនភាគច្រើន គឺជាមាតាបិតាសិស្ស និងប្រជាជនកម្ពុជា ដែលមានកូនៗរៀននៅសាលានេះ។ ដូច្នេះ ការណ៍ដែលចូលរួមជាមួយ IPO ម៉េងលី ជេ. គួច អេឌ្យូខេសិននឹងទទួលបានការគាំទ្រកាន់តែខ្លាំងឡើង គួបផ្សំនឹងកម្ចីធនាគារទៀតនោះ នឹងពង្រីកសាខា ២០ទៀត ដែលបានកក់ដី និងអគាររួចហើយ និងអាចពង្រីកដល់តំបន់ដែលអ្នកគាំទ្រស្នើសុំឱ្យ ម៉េងលី ជេ. គួច អេឌ្យូខេសិន ទៅបើក ហើយពេលនេះ ម៉េងលី ជេ. គួច អេឌ្យូខេសិន មានកន្លែងរាប់រយដែលង់ពង្រីកនៅគ្រប់ជ្រុងជ្រោយនៃប្រទេសកម្ពុជា។
អ្នកឧកញ៉ា បានថ្លែងទៀតថា «ពួកយើងនៅមានសាលា ១៦០កន្លែងទៀត ដែលចង់ពង្រីក ខណៈបច្ចុប្បន្ន ពួកយើងទើបតែមាន១៥សាខាទេ ដូច្នេះពួកយើងមានដំណើរវែងឆ្ងាយទៀត។ ជាមួយគ្នានេះ ពួកយើងចង់ឱ្យវិនិយោគិនចូលរួម ហើយវិនិយោគលើក្រុមហ៊ុនពួកយើង និងអាចទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment, FDI)។ ជាអតិបរមា យើងដាក់ចេញ២០ភាគរយបើមានតម្រូវការបន្ថែម។ ពួកយើងសង្ឃឹមថា នឹងមានភាគហ៊ុនគ្រប់គ្រាន់សម្រាប់វិនិយោគិន និងប្រជាជនគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា»។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា ធ្លាប់បានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជារំពឹងថា ក្រុមហ៊ុនធំៗនៅកម្ពុជា នឹងអាចបោះជំហានមកចូលក្នុងទីផ្សារមូលបត្រនាពេលអនាគត បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនធំៗចូលមក ដោយសារតែផ្សារមូលបត្រនៅមានទំហំតូច ការលក់ភាគហ៊ុនមានតិចតួចៗនៅឡើយ ហើយការបោះផ្សាយលក់ម្ដងៗ មានត្រឹមតែជាង ២០លានដុល្លារប៉ុណ្ណោះ។
លោកបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំរំពឹងថាពេលអនាគត ក្រុមហ៊ុនធំៗទាំងនោះនឹងបោះជំហានចូលផ្សារមូលបត្រកម្ពុជា បោះលក់ភាគហ៊ុន និងអាចលក់ភាគហ៊ុនបានចូលខ្ទង់រយលានដុល្លារ ឬពាន់លានដុល្លារ។ ខ្ញុំមានទំនុកចិត្តថា នៅពេលនោះមកដល់ក្រុមហ៊ុនធំៗនឹងពិចារណា ក្នុងការបោះជំហានចូលទីផ្សារមូលបត្រ។ បច្ចុប្បន្នការលក់ភាគហ៊ុន នៅផ្សារមូលបត្រមានចន្លោះ២០-៣០លានដុល្លារប៉ុណ្ណោះ កត្តាទាំងនេះជាការជំរុញឲ្យក្រុមហ៊ុនធំៗ មិនទាន់ចាប់អារម្មណ៍នៅឡើយទេ ប៉ុន្ដែប្រសិនបើផ្សារមូលបត្រលក់ម្ដងបាន ១០០-២០០លានដុល្លារ ច្បាស់ណាស់ក្រុមហ៊ុនធំៗទាំងនោះ នឹងបោះជំហានចូលទីផ្សារមូលបត្រតែម្ដង»។
លោក ហុង សុហួរ បានឲ្យដឹងទៀតថា បច្ចុប្បន្នផ្សារមូលបត្រមានក្រុមហ៊ុនចុះបញ្ជី១៦ ដែលក្រុមហ៊ុន៩ បានចុះបញ្ជីជាភាគហ៊ុន និង៧ទៀត បានចុះបញ្ជីជាសញ្ញបណ្ណហើយក្រុមហ៊ុនទាំង១៥នេះ បានកៀរគរទុនពីទីផ្សារមូលបត្រប្រមាណជា ១.១២២ប៊ីលានរៀល (២៨១លានដុល្លារ)។
លោកបានលើកឡើងថា ពិតមែនតែទីផ្សារកម្ពុជា មានទំហំតូចបើប្រៀបធៀបនឹងប្រទេសជិតខាង តែទំហំជួញដូរមានការកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៩មក ដែលក្នុងឆ្នាំ២០១៨ និងឆ្នាំមុនៗនោះ ទំហំជួញដូរប្រចាំថ្ងៃ មានប្រមាណជាង ១០០លានរៀល (២ម៉ឺនដុល្លារ) ឬតិចជាងនេះ ហើយកើនឡើងដល់ប្រមាណ ៦៣០លានរៀល (ជិត១៦ម៉ឺនដុល្លារ ក្នុងឆ្នាំ ២០១៩ តែបានធ្លាក់ចុះបន្តិចមកត្រឹមប្រមាណ ៤៧០លានរៀល (ជាង១១ម៉ឺនដុល្លារ) ក្នុងឆ្នាំ ២០២០ ដោយតែការមកដល់នៃជំងឺកូវីដ១៩។
លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ ដោយសារតែប្រសិទ្ធភាព និងភាពវៃឆ្លាត នៃការគ្រប់គ្រងស្ថានការណ៍បានល្អ ពីសំណាក់រាជរដ្ឋាភិបាល កម្ពុជាបានត្រលប់ទៅរកផ្លូវកំណើនឡើងវិញហើយ ដោយទំហំជួញដូរបានកើនដល់ជាង ១ប៊ីលានរៀល (២៧ម៉ឺនដុល្លារ)៕