(ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ពានបេតុខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ ភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បានឈានដល់ការ តភ្ជាប់តួស្ពានហើយ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់ទាំងស្រុង នៅដើមខែមេសា ឆ្នាំ២០២៣ខាងមុខនេះ។
ពិធីតភ្ជាប់តួស្ពានបេតុងខ្សែកាបឆ្លងទន្លេសាបនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ពុង ឃាវសែ ព្រមទាំងមានការចូលរួមពីមន្ត្រីជំនាញចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនរូបទៀត។
លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេសាបស្របនឹងស្ពានបាឡេ នៅចំណុចមុខឃ្លាំងសាំង ស្ថិតក្នុងខណ្ឌឫស្សីកែវ តភ្ជាប់ទៅតំបន់ អភិវឌ្ឍន៍ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ គិតត្រឹមថ្ងៃ១៦ ខែមករា នេះ ការដ្ឋានសាងសង់សម្រេចបាន៩៣% នៃគម្រោង ហើយគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាប នេះមានប្រវែង ៩២២ម៉ែត្រ ទទឹង ២០,៥ម៉ែត្រ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើងមានទទឹង ១,២៥ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។ សសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ និង២ខ្សែមក, កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ម៉ែត្រ, កម្ពស់នាវាចរ ក្រោមស្ពាន អប្បរមា នៅ រដូវប្រាំង ២០,៥ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។
ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មី តភ្ជាប់ចរាចរក្នុងទីក្រុង ទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME នា២០២៣ខាងមុខនេះ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក ការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែស្របជាមួយ ស្ពានបាឡេនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧កន្លងមក ហើយស្ពាននេះគ្រោងបញ្ចប់ទាំងស្រុងនៅដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៕