(កណ្ដាល)៖ ជំនន់ទឹកភ្លៀងបានវាយប្រហារធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋស្រុកអង្គស្នួល, ស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ សរុបចំនួន៨៣៧ គ្រួសារ និងដីស្រែជាង៣,៧០០ហិកតា។ តែទោះជាយ៉ាងណា បើយោងតាមអភិបាលស្រុកអង្គស្នួល និងអភិបាលស្រុកកណ្ដាលស្ទឹង បានថ្លែងថា ស្ថានភាពទឹកបានស្រកចុះបន្តិចហើយ។
លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ក្រុងតាខ្មៅតែបន្តិចបន្តួចទេ ដោយប៉ះពាល់២ភូមិ គឺភូមិព្រែកថី និងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ដែលធ្វើឲ្យមានការបាក់ដីច្រាំងស្ទឹងបន្តិចបន្តួច ហើយបណ្តាលឲ្យប្រជាពលរដ្ឋប្រមាណ២០គ្រួសារទទួលរងផលប៉ះពាល់ តែមិនមានភាពធ្ងន់ធ្ងន់នោះឡើយ។
ដោយឡែកលោក អ៊ួច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងថា ក្នុងស្រុកកណ្ដាលស្ទឹងមានឃុំចំនួន៣ ដែលរងការជនលិចដោយជំនន់ទឹកភ្លៀងរួមមាន៖ ឃុំដើមឬស ឃុំជើងកើប និងឃុំកណ្ដោក មានប្រជាពលរដ្ឋចំនួន ៨០៥គ្រួសារ រងផលប៉ះពាល់ លិចផ្ទះប្រជាពលរដ្ឋចំនួន ៦៨១ខ្នង ខូចខាតផ្ទះចំនួន ៤ខ្នង ផ្ទៃដីស្រែដែលជនលិចមានចំនួន ៣៦១,៦ហិតា។ បើតាមលោកអភិបាលស្រុក គិតមកដល់ថ្ងៃនេះ ទឹកជំនន់បានស្រកបន្តិចហើយ។
លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានថ្លែងថា ទឹកជំនន់មានការស្រកចុះហើយ ដែលមិនមានហានិភ័យអ្វីគួរឱ្យបារម្ភនោះឡើយ។ លោកថា ចាប់តាំងពីខេត្តកំពង់ស្ពឺ បានសម្រេចបើកទ្វារទឹកចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាំឱ្យទឹកបុកខ្លាំងមកស្ទឹងព្រែកត្នោត និងបានហូរចាក់តាមដងព្រែក អូរ ប្រឡាយ ក្នុងភូមិសាស្រ្តស្រុកអង្គស្នួល នាំឱ្យប៉ះពាល់ឃុំដែលនៅជាប់ដងស្ទឹងគឺឃុំលំហាច ឃុំព្រៃពួច និងឃុំក្រាំងម្កាក់ សរុបភូមិប៉ះពាល់ចំនួន ៦ ភូមិ រួមមាន៖ ភូមិយសមេត្រី ភូមិពាម ភូមិស្រែខ្សាច់ ភូមិប្រាំបីមុម ភូមិអន្លង់ស្វាយ និងភូមិត្រពាំងរកា ប៉ះពាល់ស្រូវប្រាំងចំនួន ១០ហិចតា ដំណាំមួយចំនួន និងវត្តចំនួន០២ ព្រមទាំងមានការជម្លៀសប្រជាពលរដ្ឋ រកទីទួលសុវត្ថិភាពចំនួន ១២គ្រួសារ។ តែយ៉ាងណាសម្រាប់ពួកគាត់ បានទទួលបានអំណោយគ្រប់ៗគ្នាផងដែរ។
សូមជម្រាបថា ចាប់តាំងពីមានបញ្ហាទឹកជំនន់ចាប់ផ្ដើមវាយលុកភ្លាមៗ គេឃើញថា អាជ្ញាធរស្រុកអង្គស្នួល អាជ្ញាធរស្រុកកណ្ដាលស្ទឹង អាជ្ញាធរក្រុងតាខ្មៅ សហការជាមួយកងកម្លាំង និងមន្រ្តីជំនាញធនធានទឹក មមាញឹកចុះជួយដល់ប្រជាពលរដ្ឋ ទាន់ពេលវេលា ហើយបានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះភ្លាមៗផងដែរ៕