(កោះកុង)៖ ដើម្បីលើកស្ទួយផ្នែកវិស័យអប់រំ យុវជន និងកីឡា សាលាអប់រំសិស្សឆ្នើមមកម្ពុជា សាខាខេត្តកោះកុង នៅថ្ងៃទី១៤ ខែមករា បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ លិខិតសសើរ និងមេដាយអន្តរជាតិ ជូនដល់សិស្សទទួលសិស្សនិទ្ទេសល្អ ១០២នាក់។
ពីធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរងខេត្ត លោក ស្រី ចុង សុទា នាយិកាសាលាអប់រំសិស្សឆ្មើមកម្ពុជា សាខាខេត្តកោះកុង ស្ថាបនិក លោកគ្រូអ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោកស្រី ចុង សុទា បានថ្លែងឲ្យដឹងថា បន្ទាប់ពីបានអនុវត្តន៍ការងារ១ឆ្នាំកន្លង គឺឆ្នាំសិក្សា២០២១-២០២២ សាលាបានធ្វើការជាច្រើនដែលផ្តល់ឱកាសសិស្សក្នុងខេត្តកោះកុង បានការអប់រំមួយដែលត្រឹមត្រូវ និងអាចចូលរួមប្រឡងកម្រិតអន្តរជាតិ ដែលទទួលស្គាល់កម្រិតអន្តរជាតិ។
លោកស្រីនាយិកាបានបន្តថា សាលាអប់រំសិស្សឆ្នើមកម្ពុជា មានកម្រិតសិស្សមតេ្តយ្យភាសាអង់គ្លេស កម្រិតបឋមសិក្សាពេញលេញពីថ្នាក់ទី១ដល់ថ្នាក់ទី៦ កម្រិតមធ្យមសិក្សា និងមានបង្រៀនភាសាចិន ភាសាថៃ និងបង្រៀនគិតលេខដោយមិនប្រើប្រាស់ម៉ាស៉ីនគិតលេខ ក្នុងនោះសិស្សសិក្សាទទួលបាននិទ្ទេសល្អជោគជ័យក្នុងការសិក្សាមានចំនួន១០២នាក់។
លោកស្រី ឈី វ៉ា បានថ្លែងថា ប្រទេសមានសន្តិភាព ស្ថិរភាព និងមានការអភិវឌ្ឍគ្រប់វិស័យ ដោយសារការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកស្រី បានសម្តែងសេចក្តីរីករាយ និង គាំទ្រចំពោះការប្រគល់មេដាយអន្តរជាតិ លិខិតសរសើរ វិញ្ញាបនបត្រ សញ្ញាបត្រជាតិ និងអន្តរជាតិ របស់សាលាអប់រំសិស្សឆ្នើមកម្ពុជា ក្នុងខេត្តកោះកុង និងចូលរួមសាទរចំពោះលោកប្រធានក្រុមប្រឹក្សាភិបាល ស្ថាបនិក និងនាយិការបស់សាលាអប់រំសិស្សឆ្នើមកម្ពុជា ដែលបានប្រឹងប្រែងអភិវឌ្ឍកម្មវិធីសិក្សា និងពង្រឹងគុណភាពសិក្សាឱ្យដើរទាន់ប្រទេសជឿនលឿនក្នុងពិភពលោក និងបានប្រឹងប្រែងដើម្បីឱ្យសិស្សបានចូលរួមប្រឡងថ្នាក់អន្តរជាតិជាច្រើនទាំងក្នុងនិងក្រៅប្រទេស។
ក្នុងន័យនេះ លោកស្រីជឿជាក់ថា សាលានឹងបានដើរតួនាទីសំខាន់មួយទៀតក្នុងការរួមចំណែកក្នុងវិស័យអប់រំក្នុងខេត្តកោះកុង ដើម្បីឱ្យសិស្សានុសិស្សខេត្តកោះកុងមានឱកាសរៀនសូត្រចំណេះដឹងថ្មីៗទាន់សម័យ និងចូលរួមប្រកួងប្រជែងជាមួយសិស្សនៅក្រៅប្រទេស ដែលអាចក្លាយជាធនធានសកម្មក្នុងសេដ្ឋកិច្ច ដើម្បីមកជួយដឹកនាំអភិវឌ្ឍន៍ខេត្តកោះកុង នាពេលអនាគត៕