(ព្រៃវែង)៖ មានករណីបាក់ស្រុតផ្លូវកៅស៊ូប្រវែងវែង១០០ម៉ែត្រ ស្ថិតនៅភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដែលតភ្ជាប់ពីឃុំកំពង់ពពិលដល់ឃុំមេសរប្រចាន់។
បើតាមការលើកឡើងរបស់ពលរដ្ឋដែលរស់នៅក្នុងភូមិឃុំខាងលើ បានឲ្យដឹងថា ការបាក់ស្រុតផ្លូវនេះមានរយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែបាក់បន្តិចបន្តួចប៉ុណ្ណោះមិនទាន់ដល់ផ្លូវកៅស៊ូទេ លុះដល់ថ្ងៃទី១៦ ខែមករានេះ ទើបបាក់ដល់ផ្លូវកៅស៊ូតែម្តង ប៉ុន្តែមិនមានបាក់ស្រុតដល់ផ្ទះពលរដ្ឋ នឹងគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋណាម្នាក់ឡើយ។
ពលរដ្ឋបានអំពាវនាវដល់មន្ទីរដែលពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដី សូមជួយធ្វើការជួសជុលផ្លូវបាក់ស្រុតនេះឡើងវិញផង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ព្រោះផ្លូវនេះមានពលរដ្ឋធ្វើដំណើរទៅមកច្រើន ជាពិសេសសិស្សានុសិស្សទៅសាលារៀន និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។
គូររំលឹកថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២៖៣០នាទីរសៀល មានករណីបាក់ស្រុតផ្ទះចំនួន៣ខ្នងស្ថិតនៅភូមិជំនីក ឃុំកំពង់ពពិលស្រុកពារាំង ខេត្តព្រៃវែងផ្ទះ ដែលរងការខូចខាតនោះ
*ទី១៖ ទំហំ៦ម៉ែត្រ គុណនិង៨ម៉ែត្រ ជាប្រភេទផ្ទះថ្ម។
*ទី២៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។
*ទី៣៖ ផ្ទះទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ជាប្រភេទផ្ទះឈើ។
រីឯម្ចាស់ផ្ទះរងគ្រោះទី១៖ ឈ្មោះ ផល ណាក់ (ប្ដីប្រពន្ធ)។ ២៖ ឈ្មោះស៊ឺន ដា (ប្ដីប្រពន្ធ)។៣៖ ឈ្មោះ ឈីត ស្រីដា (ប្ដីប្រពន្ធ)។ ផ្ទះទាំង៣ខ្នងខាងលើ បានបាក់ស្រុតភ្លាមៗ ចូលក្នុងទន្លេបាត់ ដោយពុំបានជញ្ជូនទ្រព្យសម្បត្តិអ្វីទាន់ឡើយ។ តាមការស្មានខូចខាតគិតជាទឹកប្រាក់ប្រហែល៤០០.០០០.០០០រៀល៕