(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋដល់ខ្នងផ្ទះ នៅស្រុកទឹកឈូ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងឱ្យបានដឹងថា តើពលរដ្ឋគាត់មានសុខទុក្ខយ៉ាងណា មានការលំបាក ឬបញ្ហាអ្វីខ្លះ នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីអាចជួយដោះស្រាយ រួមសុខរួមទុក្ខក្នុងលក្ខណៈគ្រួសារតែមួយ។
នៅក្នុងដំណើរអញ្ជើញសួរសុខទុក្ខនាពេលនោះ លោកបណ្ឌិតអភិបាលខេត្ត បានលើកបញ្ជាក់ថា រូបលោកធ្វើដំណើរមកនេះ គឺក្នុងនាមជាកូន ជាប្អូន ជាបង ជាពូ ឬជាអ៊ុំម្នាក់ នៅក្នុងគ្រួសារតែមួយ ជាមួយប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ មិនបានមកក្នុងឋានៈជាអភិបាលខេត្តអីនោះទេ ដូច្នេះហើយបើពុកម៉ែ បងប្អូន កូនក្មួយ មានសុខទុក្ខយ៉ាងណា មានបញ្ហាប្រឈម ការលំបាកអ្វី អាចប្រាប់ផ្ទាល់មកកាន់រូបលោកតែម្តង។
លោកអភិបាលខេត្ត បន្តថា អ្វីដែលជាបញ្ហាកង្វល់ អ្វីដែលជាបញ្ហាប្រឈម អ្វីដែលជាបញ្ហាដែលប្រជាពលរដ្ឋ ដោះស្រាយមិនចេញ ឬក៏មានការថ្នាំងថ្នាក់អំពីអ្វីមួយ ឬប្រជាពលរដ្ឋបានរងនូវការងារណាមួយ ដែលគិតថាមិនល្អចំពោះគ្រួសារសារ អាចរៀបរាប់ប្រាប់មកកាន់លោកបាន ដើម្បីលោកបានចូលរួមរំលែកដោះស្រាយ រួមទាំងសុខ ទាំងទុក្ខជាមួយនឹងប្រជាពលរដ្ឋ ជាលក្ខណៈគ្រួសារ៕