(កំពង់ធំ)៖ កាលពីថ្ងៃអាទិត្យ ទី១៥ ខែមករា ឆ្នាំ២០២៣ ការិយាល័យបោះឆ្នោតសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២ បានប្រព្រឹត្តទៅនៅខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីបណ្តារមន្ទីរអង្គភាពពាក់ព័ន្ធ អ្នកសង្កេតការណ៍ ភ្ញៀវកិត្តិយស បេក្ខជនឈរឈ្មោះបោះឆ្នោត ព្រមទាំងអាជីវករ ពាណិជ្ជករ ជាច្រើនរូប។
លោក ងួន រាសី បានថ្លែងថា សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ ត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងជាមណ្ឌលសភាពាណិជ្ជកម្មតែមួយ តាមរយៈអនុក្រឹត្យលេខ១២៥ អនក្រ.បក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។
កន្លងមក សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ បានដំណើរការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង ទៅតាមអាណត្តិរបស់ខ្លួនស្របតាមនីតិវិធី សរុបចំនួន៣លើករួចមកហើយ ក្នុងនោះសមាជិកជ្រើសតាំងមួយចំនួន ត្រូវបានផ្លាស់ប្តូរ។
លោក គឹម មាសសុខសីហា បានណែនាំអំពីនីតិវិធី នៃការបោះឆ្នោតទៅតាមលំដាប់លំដោយ ដូចជាការពិនិត្យហិបឆ្នោត ការគូសសន្លឹកឆ្នោត ការរាប់សន្លឹកឆ្នោត ការវាយតម្លៃចំណាត់ថ្នាក់បេក្ខជនជាប់ឆ្នោតនិងការបោះឆ្នោតជ្រើសរើស ប្រធានសម្រាប់ការដឹកនាំសភាពពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២ ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦។
លោក គឹម មាសសុខសីហា បានថ្លែងថា សម្រាប់ការិយាល័យបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសម្រាប់អាណត្តិទី២ លើកទី២ នេះមានចំនួន៣ការិយាល័យ ឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបមានចំនួន ៧០៤នាក់ ស្រីចំនួន ៣៣៣នាក់ និងបេក្ខជនឈរឈ្មោះចំនួន ០៨នាក់ ស្រី០១នាក់។
ជាក់ស្ដែងលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃនេះ បេក្ខជនជាប់ឆ្នោតមានចំនួន ០៧រូប ក្នុងចំណោមបេក្ខជនជាប់ឆ្នោតជាសមាជិកជ្រើសតាំងទាំង ៧រូប មានបេក្ខជនថ្មីចំនួន ០៤រូប ដែលមិនធ្លាប់ឈរឈ្មោះបោះឆ្នោត។
លោកបានបន្តទៀតថា ក្រោយពីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងរួចមកលទ្ធផលឃើញថា
*លោក តាន់ ប៊ុនឆេង ទទួលបានសំឡេង ៤៦៦សម្លេង ចំណាត់ថ្នាក់លេខ១
*លោក គីវ អៀង ទទួលបាន ៤៤៨សម្លេង ចំណាត់ថ្នាក់លេខ២
*លោក ថេង ឡូ ទទួលបាន ៤៤៥ សម្លេង ចំណាត់ថ្នាក់លេខ៣
*លោកស្រី ជ័យ ម៉ាលីន ទទួលបាន ៤៤៣ សម្លេងចំណាត់ថ្នាក់លេខ៤
*លោក សៀង វីរ: ទទួលបាន ៤៤៣ សម្លេង ចំណាត់ថ្នាក់លេខ៤
*លោក លឹម ភ័ណ្ទ ទទួលបាន ៤៣៧ សម្លេង ចំណាត់ថ្នាក់លេខ៦
*លោក ប៉ាវ គឹមស៊្រុន ទទួលបាន ៤៣៧ សម្លេង ចំណាត់ថ្នាក់លេខ៦
*លោក លីវ សុខគ្រី ទទួលបាន ៣៣ សម្លេងចំណាត់ថ្នាក់លេខ៨។
បន្ទាប់មកទៀតដំណើរការបោះឆ្នោតជ្រើសរើសយកប្រធានសម្រាប់ការដឹកនាំសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ អាណត្តិទី២ លើកទី២ លទ្ធផលគឺ លោកឧកញ៉ា ហេង សំណាង ត្រូវបានជាប់ឆ្នោតជាប្រធាន សម្រាប់ការដឹកនាំបន្តទៀត។
ក្រោយពីការជាប់ឆ្នោតជាប្រធានសម្រាប់ការដឹកនាំសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ នៅអាណត្តិថ្មីនេះ លោកឧកញ៉ា ហេងសំណាង បានប្តេជ្ញាចិត្ត និងបន្តសហការជាមួយមន្ទីរអង្គភាពជុំវិញខេត្តឲ្យបានល្អ រដ្ឋបាលខេត្ត សភាពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងបន្តខិតខំទាក់ទាញអ្នកវិនិយោគិនក្នុង និងក្រៅប្រទេសឲ្យមកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ធំ និងព្រះវិហារ សំដៅដើម្បីបង្កើនសេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក គឹម មាសសុខសីហា បានផ្ដាំផ្ញើសូមបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការល្អជាមួយមន្ទីរ-អង្គភាព ពាក់ព័ន្ធជុំវិញខេត្ត សភាពាណិជ្ជកម្មជាតំណាងវិស័យឯកជន ដែលការពារផលប្រយោជន៍ដល់បងប្អូន ពាណិជ្ជករ សេវាករ អាជីវករ ក្នុងខេត្ត និងមានភាពវៃឆ្លាតក្នុងការស្វែងរក និងទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស ឲ្យមកវិនិយោគក្នុងខេត្តកំពង់ធំ -ព្រះវិហារសំដៅបង្កើនសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែល្អប្រសើរ៕