(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំពពេល នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានអញ្ជើញចុះផ្ទាល់ សំណេះសំណាលជាមួយសាសនិកឥស្លាម នៅឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីព្រឹទ្ធាចារ្យ កឹម ទួន មកពីគ្រប់វិហារ និងសារ៉ាវទាំងអស់ក្នុងឃុំពពេល ។
លោក កែវ ពិសិដ្ឋ បានថ្លែងទៅកាន់សាសនិកខ្មែរឥស្លាមយ៉ាងដូច្នេះថា តាងនាមគណបក្សប្រជាជន សូមនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺថាសម្តេចទាំង២ មិនដែលរើសអើងសាសនាណាទេ ចង់ឲ្យមានការសុខដុមនីយកម្មជនជាតិ និងសាសនា ដែលសាសនាទាំងអស់ មិនដែលប្រៀនប្រដៅឲ្យមនុស្សធ្វើអាក្រក់ មនុស្សមិនឈ្នានីសគ្នា មានសីលធម៌ល្អ ដែលទាំងនេះ គឺជាគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា។
លោក កែវ ពិសិដ្ឋ បានបន្តទៀតថា នៅពិភពលោកនេះ ប្រទេសខ្លះមិនមានសុខដុននីយកម្មសាសនាដូចប្រទេសកម្ពុជាយើងទេ តែសម្រាប់ប្រទេសកម្ពុជា មានប្រទេសជាច្រើនបានសរសើរប្រមុខដឹកនាំប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេស ដោយមានគ្រប់សាសនា បានរស់នៅសុខដុមរម្យនានឹងគ្នា ហើយលោកនឹងទទួលយកបុណ្យ ពីព្រះអាឡោះផងដែរ ។
លោក កែវ ពិសិដ្ឋ បានលើកឡើងទៀតថា ការស្វែងយល់ពីសាសនាឥស្លាមនៅរដូវបួសនេះ មានសារសំខាន់ ដោយថា ពិធីនេះ បានអោយអ្នកមានទ្រព្យធន ចេះចែករំលែកដល់អ្នកក្រ ចេះដាក់ខ្លួនអោយទាបស្មើអ្នកក្រ ផ្តល់អាហារដល់អ្នកក្រ ។
ការបួសនេះគឺការបង្កើតទំនាក់ទំនងល្អ អ្នកជិតខាងល្អ មានការសាមគ្គីគ្នារវាងសហគមន៍ទាំងមូល ពោលគឺថា ក្នុងរដូវបួសនេះ អ្នកដែលបានផ្តល់អាហារដល់ អ្នកបួស គឺបានបុណ្យស្មើអ្នកបួសដូចគ្នា។
សាសនិកខ្មែរឥស្លាមមួយរូប បានបញ្ជាក់ថា ក្នុងរដូវបួសរ៉ាម៉ាឌន ដែលមានរយៈពេលមួយខែនេះ តាមច្បាប់សាសនាតម្រូវអោយសាសនិកគ្រប់រូប ដែលមានអាយុ ចាប់ពី ១៥ឆ្នាំឡើងទៅ ទាំងប្រុស ទាំងស្រី ដែលមានសុខភាពល្អ ទើបអនុញ្ញាតអោយបួសប្រណិប័តន៍តាមសាសនាឥស្លាម បាន ។
ជាមួយនឹងការចុះសំណេះសំណាលចង់ដឹងសុខទុក្ខដោយផ្ទាល់នាពេលនេះ លោក កែវ ពិសិដ្ឋ ក៏បានផ្តល់ះអំណោយ ជាគ្រឿងភេសជ្ជៈ និងសៀវភៅធម៌មួយចំនួន សម្រាប់ចែកជូនដល់ប្រជាជនសាសនិកឥស្លាម នារដូវរ៉ាម៉ាដុននេះផងដែរ ។
អំណោយចែកជូនដល់ព្រះវិហារចំនួន ៣ ដោយព្រះវិហារនីមួយៗ ទទួលបាន ស្ករស ចំនួន ២០គីឡូក្រាម, ទឹកដោះគោបចំនួន ២០កំប៉ុង កាហ្វេ ៤គីឡូ តែ ២គីឡូ សៀវភៅធម៌ ចំនួន ១០ក្បាល និងថវិកា ចំនួន ៥០០,០០០រៀល ។
ដោយឡែកសារ៉ាវ ចំនួន ៧ ក្នុងនោះសារ៉ាវនីមួយៗ ទទួលបាន ៖ ស្ករស ចំនួន ១០គីឡូក្រាម, ទឹកដោះគោបចំនួន ១០កំប៉ុង កាហ្វេ ២គីឡូ តែ ១គីឡូ សៀវភៅធម៌ ចំនួន ០២ក្បាល និងថវិកា ចំនួន ២០០,០០០រៀល ។