(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង ១,៥០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ភូមិរវៀងលិច ស្ថិតក្នុងឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

សម្រាប់ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះ បានចំណាយថវិកាសរុបចំនួន ១៣,០០០,០០០រៀល ក្នុងនោះដែរថវិកាចំនួន ១០លានរៀលជារបស់លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី និងថវិកា ៣លានរៀល ជារបស់លោក ខាត់ សុខន និងភរិយា។

ថ្លែងនាឱកាសនោះលោកបណ្ឌិត ម៉ា ឈឿន ក៏បានណែនាំដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ភូមិ ឃុំ ស្រុក រួមគ្នាការពារសុខសន្តិភាពឲ្យខានតែបានដាច់ខាត បន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព និងរួមគ្នាថែរក្សាការពារប្រយោជន៍សាធារណៈ ពិសេសផ្លូវថ្នល់ដែលជាហេដ្ឋារចនាសម្ពន្ធដ៏សំខាន់សម្រាប់បម្រើដល់ការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

សូមជម្រាបដែរថា នៅព្រឹកនេះដែរលោកបណ្ឌិត ម៉ា ឈឿន ក៏បានជួបប្រជុំជាមួយមេឃុំទាំង១០ក្នុងស្រុកជើងព្រៃ ស្តីពីបច្ចុប្បន្នភាពសមាជិកគណបក្សប្រជាជនកម្ពុជាមានដូចជា៖ ការវិវត្តន៍នៃចំនួនសមាជិកបក្សថ្មី ការគ្រប់គ្រងចំនួនសមាជិកបក្សចាស់ និងការងារបន្តចុះពង្រឹងសកម្មភាពចិញ្ចឹមចលនាបក្សនៅទូទាំងស្រុក និងការកសាងផែនការឆ្ពោះទៅកាន់ភាពជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ខាងមុខផងដែរ៕