(ភ្នំពេញ)៖ ពេលឃើញការស្លាប់របស់ប្រជាពលរដ្ឋអ៊ុយក្រែន ដោយារការវាយប្រហារតាមផ្លូវ អាកាសរបស់រុស្ស៉ី កាលពីថ្ងៃសៅរ៍ ទី១៤ ខែមករា កន្លងទៅនេះ បានធ្វើរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នឹកដល់ស្ថានភាពដ៏កម្សត់របស់កម្ពុជា ពេលជួបវិបត្តិភ្លើងសង្គ្រាមកាល ពីអតីតកាលផងដែរ។

លោករដ្ឋមន្ត្រី បានគូសរំលេចលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣នេះថា ឃើញប្រជាជនក្រុង Dnipro ច្រើននាក់ ត្រូវស្លាប់ក្នុងពេលកំពុងជួបជុំសប្បាយរវាងអ្នកសារព័ត៌មាន និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏នឹកឃើញខ្លួនឯង ក្នុងសម័យសង្គ្រាមក្នុងស្រុក ទសវត្សរ៍៨០។

លោករដ្ឋមន្ត្រី បានរំលឹកថា នៅពេលនោះ ពេលទៅក្រៅប្រទេសស្លៀកពាក់ម៉ាភ្លឹង ទទួលទានម្ហូបកម្រិតខ្ពស់ ចួលរួមសប្បាយជាមួយប្រជាជនស្រុកគេ តែក្នុងចិត្តគិតថា បន្តិចទៀតត្រូវត្រលប់ទៅស្រុក ស៉ីអត់ស៉ីឃ្លាន ត្រូវចុះសមរភូមិ ជិះឡានតាមផ្លូវត្រៀមទប់ការបាញ់ពួនស្ទាក់ ស្រៀវពោះមិនដឹងឡានជាន់មីន ឬអត់?

លោករដ្ឋមន្ត្រី ក៏បានរំលឹកដល់ការរៀបរាប់របស់លោកស្រី ឡូរ៉ង់ ពិច ដែលសរសេរពីពេលរត់ចូលថៃ ចំពេលបុណ្យចូលឆ្នាំ ឃើញកម្លោះក្រមុំថៃ ស្លៀកខោអាវស្អាតៗជិះឡានដេញជះទឹកគ្នា ហើយ ពេលឃើញខ្មែររត់ចូលប្រទេសគេនាំគ្នាសម្លឹងដូចឃើញមនុស្សមកពីស្ថានផ្សេង …។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា មនុស្សខ្មែរជំនាន់ក្រោយនេះ មិនយល់ពីអារម្មណ៍នេះទេ។ ទន្ទឹមគ្នានេះយុវជនដែលឆ្លងកាត់សង្គមកម្ពុជា ក្នុងដំណាក់កាលនៃភ្លើងសង្គ្រាមដ៏វេទនារូបនេះ បានបួងសួងមនុស្សខ្មែឬគ្រប់ជំនាន់ទៅមុខ លែងជួបអារម្មណ៍ដូចអតីតកាលនោះទៀត។

សូមបញ្ជាក់ថា ទីក្រុងឌីនីប្រូ (Dnipro) របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ បានរងការវាយប្រហារទ្រង់ទ្រាយធំតាមផ្លូវអាកាសពីកងកម្លាំងរបស់រុស្ស៉ី។ របាយការណ៍បានបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យ ពលរដ្ឋអ៊ុយក្រែន ប្រមាណ ២០នាក់ បានស្លាប់ និងប្រមាណ ៤០នាក់ បានបាត់ខ្លួន និងរងរបួសជាច្រើននាក់ទៀត ក្នុងហេតុការណ៍វាយប្រហារនោះ។

អាជ្ញាធររបស់អ៊ុយក្រែន បានឱ្យដឹងដែរថា ការវាយប្រហារនេះ បានបំផ្លាញអគារអាផាតមិនចំនួន ៧២ខ្នង និងជាង ២៣០ខ្នងទៀតរងការខូចខាត។

ទុកវេទនារបស់ប្រជាពលរដ្ឋអ៊ុយក្រែននៅពេលនេះ គឺមិនខុសពីស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពីចុងទសវត្សរ៍៦០ រហូតដល់ទសវត្សរ៍៩០នោះទេ។ ក្នុងវេលានោះ កម្ពុជា កំពុងជួបវិបត្តិសង្គ្រាមស៊ីវិលយ៉ាងស្រួចស្រាវបំផុត ពលរដ្ឋកម្ពុជាបានស្លាប់ របួស និរាសព្រាត់ប្រាស់យ៉ាងខ្លោចផ្សារបំផុត៕