(សៀមរាប)៖ លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តសៀមរាប បានជំរុញដល់សមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ប្រចាំក្រុង ស្រុក ធ្វើការជ្រើសរើសសិស្សក្រីក្រ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងមូលដ្ឋានខ្លួន ដែលគ្មានលទ្ធភាពក្នុងការទៅរៀនបន្តនៅថ្នាក់ឧត្តមសិក្សានោះ ផ្តល់អាហារូបករណ៍ជូនដល់ពួកគាត់ បានបន្តសិក្សានៅថ្នាក់ឧត្តមសិក្សា នៅខេត្តសៀមរាប។
លោកលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំបូកសរុបការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ព្រមទាំងប្រកាសតែងតាំងសមាជិកថ្មី់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការសាខាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ខេត្តសៀមរាប។
យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានសមាគមចលនាយុវជនកម្ពុជា ប្រចាំក្រុង ស្រុក ស្តីពីសកម្មភាពក្នុង ចលនាមនុស្ស និងការងារសង្គម ដែលសមាគមចលនាយុវជនកម្ពុជា១៥៧ ក្រុង ស្រុក បានអនុវត្តប្រចាំឆ្នាំ២០២២ ដោយផ្តោតលើការចុះជួយសង្រ្គោះ និងផ្តល់នូវស្បៀងអាហារ សម្ភារៈប្រើប្រាស់ដល់គ្រួសាររងគ្រោះ និងលទ្ធផលដែលសមាជិក សមាជិកានៃសមាគមចលនាយុវជនកម្ពុជា ១៥៧ បានចូលរួមយ៉ាងសកម្ម លើការងារសង្គម និងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ-១៩ និងការងារអប់រំសិក្សា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។
លោក ហ៊ុន ប៉ូគា បានលើកឡើងថា ការងារមនុស្សធម៌ និងការងារសង្គម គឺជាភារកិច្ចស្នូលរបស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្នុងពេលកន្លងមក រាល់សកម្មភាពទាំងឡាយដែលកើតមាននៅក្នុងខេត្តសៀមរាប សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំតាមបណ្តាក្រុង ស្រុក បានធ្វើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងសហភាពសហព័ន្ធយុជនកម្ពុជា ខេត្ត ក្រុង ស្រុក ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ បងប្អូនជួបការខ្វះខាតស្បៀងអាហារ និងគ្រួសាររស់នៅជាមួយមេរោគអេដស៍។
លោក ហ៊ុន ប៉ូគា បានបន្តថា ធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើលទ្ធផលដែលនៅគ្រប់បណ្តាសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុង ស្រុក អនុវត្តបានក្នុងឆ្នាំ២០២២ ដែលបានគោរពទៅតាមគោលការណ៍របស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលជាបន្ទាត់មួយសម្រាប់សមាជិកសមាជិកាយកទៅអនុវត្ត ប្រកបដោយ កម្លាភាព យុត្តិធម៌ មិនលំអៀងនោះឡើយ។ ក្នុងនោះដែរ លោកក៏បានធ្វើការក្រើនរំលឹកដល់ អនុសាខានៅតាមបណ្តាក្រុង ស្រុក បង្កើនការពង្រីកនូវសមាជិកនៅតាមបណ្តាឃុំ សង្កាត់ ព្រមទាំងធ្វើការបណ្តុះបណ្តាលដល់សមាជិកខ្លួន ឲ្យស្គាល់ពីតួនាទី ភារកិច្ចរបស់ខ្លួន ដើមី្បយកទៅបម្រើការងារស្នូលរបស់ខ្លួនឲ្យចំគោលដៅមិនលំអៀង ព្រមទាំងត្រូវធ្វើការពង្រឹងផងដែរ អំពីរបបកិច្ចប្រជុំប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ ត្រូវធ្វើរបាយការណ៍ឲ្យបានជាប្រចាំ អំពីសកម្មភាព លទ្ធផលការងារដែលអនុវត្តបាន ប្រចាំខែ សំដៅធ្វើការវាយតម្លៃលើកសរសើរ ដល់អង្គភាព និងបុគ្គលផងដែរ។
ទន្ទឹមនឹងនោះដែរ លោកបានធ្វើការបកស្រាយបំភ្លឺ នូវរាល់សំណួរសំណូមពរ របស់ប្រធាននៅតាមបណ្តាក្រុង ស្រុក ដែលបានលើកឡើង ព្រមទាំងបានដាក់នូវវិធានការ មួយចំនួនដល់សមាជិក សមាជិកាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ទាំងអស់ ដើមី្បបញ្ជៀសនូវរាល់ការភន្តច្រឡំពីមហាជននៅក្នុងមូលដ្ឋាន មកលើសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ ។
ជាមួយនេះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារស្នូល ព្រមទាំងត្រូវសកម្មចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្នុងការរៀបចំនូវព្រឹត្តិការណ៍ធំៗនៅខេត្ត សំដៅស្តារនូវសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្រោយពីមានភាពធូស្រាលនៃកូវីដ១៩ និងត្រូវបន្តអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ទោះបីបានទទួលចាក់វ៉ាក់សាំងគ្រប់ដូស និងត្រូវទៅចាក់វ៉ាក់សាំងនូវដូសបន្តបន្ទាប់ផងដែរ៕