(កណ្តាល)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៤៤ ទិវាជ័យជម្នះ ៧ មករា ដោយមានការចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋសរុបជាង៣០០នាក់ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ថ្លែងក្នុងពិធីខួបដ៏មានអត្ថន័យនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ និងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជូនចំពោះបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋនៅឃុំត្រពាំងវែង។
ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បានបញ្ជាក់ថា មានជ័យជម្នះ ៧ មករា ទើបយើងមានអ្វីៗនៅថ្ងៃនេះ។ ៧ មករា ឆ្នាំ១៩៧៩ បានសង្គ្រោះជាតិ និងប្រជាជនកម្ពុជា ឱ្យមានជីវិតរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ៧ មករា គឺជាការបើកឡើងវិញនូវទំព័រសករាជថ្មី គឺ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
លោក ម៉ម ប៊ុននាង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ៧ មករា គឺជានិមិត្តរូបនៃ សន្តិភាព វិបុលភាព និងការអភិវឌ្ឍ ដែលផ្តើមចេញពីការតស៊ូលះបង់អាយុជីវិតរបស់អ្នកស្នេហាជាតិនៃគណបក្សប្រជាជនកម្ពុជា និងវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះ បង់ យ៉ាងធំធេង ក្នុងការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍។
លោកបានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យកម្ពុជាឆ្លងផុតនូវឧបសគ្គរាប់មិនអស់ប្រកប ដោយ ភាពសុទិដ្ឋិនិយមលើមាគ៌ាសន្តិភាព, ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ព្រមជាមួយនឹងភាពលេច ឡើងខ្ពស់ត្រដែត នៃកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
លោក ម៉ម ប៊ុននាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារ ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយឲ្យបាននៅគង់វង្ស ស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា ទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
ក្នុងឱកាសនោះផងដែរ លោក ម៉ម ប៊ុននាង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ចាំបាច់បំផុតត្រូវតែទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងមូលដ្ឋាន និងដូសជំរុញតាមកាលកំណត់ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តបង្កើនភាពស៊ាំក្នុងសហគមន៍ តាមការរៀបចំរបស់អាជ្ញាធរមូលដ្ឋាន និងបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ។
លោក បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្ត ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀន អំពើចោរកម្ម ល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានឱ្យកាន់តែប្រសើរ។
ទន្ទឹមនោះ លោក ម៉ម ប៊ុននាង បានអញ្ជើញប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍ។
ក្នុងឱកាសនោះផងដែរ លោក បានឧបត្ថម្ភដល់សមាជិកនៃអង្គពិធី ក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល ឧបត្ថម្ភគម្រោងអភិវឌ្ឍប្រព័ន្ធលូបង្ហូរទឹករបស់ឃុំត្រពាំងវែង ថវិកា ៩,០០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១៥,០០០,០០០រៀល៕