(ម៉ាល់ឌីវ)៖ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតងូតទឹកលំហែនៅកោះម៉ាល់ឌីវ មុននឹងទស្សនកិច្ចជាផ្លូវការនឹងចាប់ផ្តើមនៅថ្ងៃស្អែក។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ឆ្លៀតមុជទឹកសមុទ្រនៅប្រទេសម៉ាល់ឌីវ ដែលកន្លែងមុជទឹកនៅជាប់ជាមួយបន្ទប់ស្នាក់នៅទាំងទឹកប្រៃនិងទឹកសាប»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសម៉ាល់ឌីវកាលពីវេលាម៉ោងប្រមាណ ១២៖៤០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង១០៖៤០នាទីព្រឹកម៉ោងនៅប្រទេសម៉ាល់ឌីវ។
ដំណើរអញ្ជើញដល់របស់ឋម្តេចតេជោ ត្រូវបានបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ពីលោក អាប់ឌុលឡា សាហ៊ីដ (Abdulla Shahid) រដ្ឋមន្រ្តីការបរទេសម៉ាល់ឌីវ លោក អ៊ុង ស៊ាន ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាព របស់កម្ពុជាប្រចាំប្រទេសម៉ាល់ឌីវ ព្រមទាំងវត្តមាន ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលម៉ាល់ឌីវ និងឥស្សរជនការទូត កម្ពុជា ប្រចាំប្រទេសម៉ាល់ឌីវ ជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូហោះចេញពីប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ដើម្បីទស្សនកិច្ចនៅប្រទេសម៉ាល់ឌីវរយៈពេល៣ថ្ងៃ។
ដំណើរទស្សនកិច្ចជាលើកដំបូងនេះ តបតាមការអញ្ជើញរបស់លោក អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ។
ថ្នាក់ដឹកនាំដែលអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស, លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា ផងដែរ។
បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបពិភាក្សាផ្លូវការជាមួយប្រធានាធិបតី អ៉ីប្រាហ៉ីម ម៉ូហាមេដ សូលី។ សម្តេចតេជោ និងប្រធានាធិបតីម៉ាល់ឌីវ នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងតំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួនស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលការចូលជួបសម្តែង ការគួរសមដាច់ដោយឡែកពីគ្នា ដោយអនុប្រធានាធិបតី ប្រធានសភា ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ។
ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសម៉ាល់ឌីវ នាពេលនេះ ត្រូវបានរំពឹងថា នឹងផ្ដល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការពិនិត្យមើលឡើងវិញ នូវវិសាលភាពទាំងមូលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្វែងរកអភិក្រមថ្មីៗ ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ សុខាភិបាល វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។
កម្ពុជា និងម៉ាល់ឌីវ បានបង្កើតចំណងការទូតជាមួយគ្នាតាំងតែពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៥ ប៉ុន្តែប្រទេសទាំងពីរមិនទាន់មានស្ថានទូតប្រចាំប្រទេសនៅឡើយទេ ហើយកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគក៏មានកម្រិតទាបនៅឡើយ។
ម៉ាល់ឌីវ មានផ្ទៃដីត្រឹមតែ ៣០០គីឡូម៉ែត្រការ៉េប៉ុណ្ណោះ បានទទួលឯករាជ្យពីចក្រភពអង់គ្លេស កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៦៥។
ប្រទេសនេះស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌា ដោយមានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសស្រីលង្ការ និងឥណ្ឌា និងមានប្រជាពលរដ្ឋត្រឹមតែជាងកន្លះលាននាក់តែប៉ុណ្ណោះ ភាគច្រើនជាមូស្លីម ខណៈដែលពុទ្ធសាសនាក៏ធ្លាប់មានប្រវត្តិមកដល់ដែនកោះនេះផងដែរ។
ម៉ាល់ឌីវតូច ប្រជាជនតិច ប៉ុន្តែអត្រាផលិតផលនៅក្នុងស្រុកសរុបរបស់ប្រទេសនេះ គឺមានរហូតដល់ទៅ ១១,៣៨ ពាន់លានដុល្លារ ពោលគឺលំដាប់ទី១៦២ នៅលើពិភពលោក តែប្រសិនបើនិយាយអំពីអត្រាផលិតផលនៅក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់ៗគឺ ២៩ ០០០ ដុល្លារ នៅក្នុងមួយឆ្នាំ ពោលគឺលំដាប់ទី ៦២ នៅលើពិភពលោក។
ម៉ាល់ឌីវ ជាប្រទេសដែលប្រកាន់យករបបប្រធានាធិបតីអាស្រ័យរដ្ឋធម្មនុញ្ញ ដោយប្រធានាធិបតី ជាប្រមុខរដ្ឋផង ជាប្រមុខរដ្ឋាភិបាលផង។
នៅមុនឆ្នាំ១៩៧០ សេដ្ឋកិច្ចសំខាន់របស់ប្រទេសនេះ គឺកសិកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះ គឺទេសចរណ៍ ដោយវិស័យនេះ គឺជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេសដល់ទៅ ២៨ ភាគរយ ប៉ុន្តែចំណូលរបស់រដ្ឋាភិបាល ពោលគឺដល់ទៅ ៩០ ភាគរយ គឺបានមកពីពន្ធទាក់ទងនឹងវិស័យទេសចរណ៍ និងការនាំចេញនាំចូល។
នេសាទ និងវារីវប្បកម្មក៏ជាប្រភពចំបងនៃអត្រាផលិតផលសរុបរបស់ប្រទេសកោះមួយនេះផងដែរ។ វិស័យនេះ ជាប្រភពចំណូលដែលរួមវិភាគទានដល់អត្រាផលិតផលនៅក្នុងស្រុកសរុបប្រមាណជា ១៥ភាគរយ ហើយវិស័យនេះបានផ្តល់ការងារធ្វើដល់ពលរដ្ឋប្រមាណជា ៣០ភាគរយ៕