(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមសណ្ដរស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានខណ្ឌដង្កោ បន្ដប្រុងប្រយ័ត្ន ស្របពេលដែលស្ថានភាពទឹកមិនទាន់មានការស្រកចុះនៅឡើយ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅតាមទំនប់សន្តរស្ទឹងព្រែកត្នោត ជាពិសេសសង្កាត់គង់ណយ និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ បន្តប្រុងប្រយ័ត្នពីស្ថានភាពទឹក។
លោកបានបន្ថែមថា ក្នុងករណីមានហេតុការណ៍បន្ទាន់ ត្រូវរាយការណ៍សុំជំនួយពីអាជ្ញាធរមូលដ្ឋានភ្លាម គ្រាដែលអាជ្ញាធរបានត្រៀមជានិច្ច ដើម្បីអន្ដរាគមន៍ជួយប្រជាពលរដ្ឋ។
គួរជម្រាបថា អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ដ្រីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ខុសរដូវ នៅស្ទឹងព្រែកត្នោត បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បណ្ដាលឲ្យទឹកជន់ឡើងខ្លាំង និងមួយផ្នែកបានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅខណ្ឌដង្កោ។
ដោយមានការណែនាំពីលោក ឃួង ស្រេង អាជ្ញាធរមូលដ្ឋាន បានសហការជាមួយមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។ មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹក ដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹក និងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។
មន្ដ្រីក្រសួងធនធានទឹក បានអះអាងថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ភ្លៀងខុសរដូវបានធ្លាក់ជាច្រើននៅអាងស្ទឹងព្រែកត្នោត ក្នុងកម្រិត២០០មីល្លីម៉ែត្រ ទៅ៣០០មីល្លីម៉ែត្រ ហើយបានធ្វើឲ្យមានជំនន់កេីតមានឡេីង នៅតាមដងស្ទឹងព្រែកត្នោត។
តាមការវាយតម្លៃរបស់មន្ដ្រីជំនាញធនធានទឹក ស្ថានភាពទឹកនឹងចាប់ផ្ដើមស្រក ហើយវិលទៅរកសភាពធម្មតាវិញ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ស្អែកនេះតទៅ។ មន្ដ្រីបានបង្ហើបថា ស្ថានភាពជំនន់ខុសរដូវនេះ គឺតែងតែកើតឡើងក្នុងរយៈពេល២០ឆ្នាំម្ដង៕