(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ដ្រីជំនាញចុះពិនិត្យស្ថានភាពទឹកជំនន់ខុសរដូវ នៅស្ទឹងព្រែកត្នោត បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា បណ្ដាលឲ្យទឹកជន់ឡើងខ្លាំង និងមួយផ្នែកបានប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅខណ្ឌដង្កោ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ខុសរដូវនេះ បានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១ពាន់ខ្នងផ្ទះ មាន២៥ភូមិ ស្មេីនឹង១០សង្កាត់ នៅខណ្ឌដង្កោ ដែលបង្ខំឲ្យម្ចាស់ផ្ទះទាំងអស់ចាកចេញឡើងគោករកកន្លែងសុវត្ថិភាព ពួកគាត់សង់ខ្ទមប្រក់តង់ស្នាក់នៅបណ្ដោះអាសន្ន។
ដោយមានការណែនាំពីលោក ឃួង ស្រេង អាជ្ញាធរមូលដ្ឋាន បានសហការជាមួយមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ។ មិនតែប៉ុណ្ណោះបានច្រកដីខ្សាច់ទប់ទឹក ដែលកំពុងហៀរចេញពីស្ទឹងមកលើផ្លូវប្របមាត់ស្ទឹង ហើយបើគ្មានការទប់ទេនោះទឹក និងហូរ ផ្ដាច់ផ្លូវលិចតំបន់ក្នុងសណ្ដរស្ទឹង ព្រមទាំងគំរាមកំហែងដល់ផ្លូវទំនប់សណ្ដរស្ទឹងមិនខានឡើយ។
សូមរំលឹកថា ពាក់ព័ន្ធស្ថានភាពស្ទឹងព្រែកត្នោតនេះ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ក្រុមការងារដែលជាមន្ដ្រីជំនាញ ប្រចាំការទាំងយប់ ទាំងថ្ងៃ ដើម្បីទប់ស្កាត់ទឹកជំនន់ស្ទឹងព្រែកឆ្នោត ក្នុងអំឡុងពេលទឹកជំនន់ខុសរដូវ ដោយសារតែមានភ្លៀងធ្លាក់ជាច្រើននៅអាងស្ទឹងព្រែកត្នោត នៅខេត្តកំពង់ស្ពឺ។
មន្ដ្រីក្រសួងធនធានទឹក បានអះអាងថា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ភ្លៀងខុសរដូវបានធ្លាក់ជាច្រើននៅអាងស្ទឹងព្រែកត្នោត ក្នុងកម្រិត២០០មីល្លីម៉ែត្រ ទៅ៣០០មីល្លីម៉ែត្រ ហើយបានធ្វើឲ្យមានជំនន់កេីតមានឡេីង នៅតាមដងស្ទឹងព្រែកត្នោត។
ជាក់ស្តែងនៅថ្ងៃទី១៣-១៤ ខែមករានេះ ក្រុមការងារបានប្រចាំការតាមដាន និងវាយតម្លៃស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត ទាំងនៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយបានចាត់វិធានការណ៍ជាក់ស្តែង ទាំងយប់ទាំងថ្ងៃ ដែលធ្វើឲ្យរហូតមកដល់ពេលនេះ ស្ថានភាពទឹកពុំមានហូរចូលតំបន់ក្នុងសណ្តរទេ មានតែការលិចតាមមាត់ស្ទឹង ក្រៅសណ្តរ តែប៉ុណ្ណោះ ដែលជាធម្មតាតែងតែលិចនៅពេលមានជំនន់។
តាមការវាយតម្លៃរបស់មន្ដ្រីជំនាញ ស្ថានភាពទឹកនឹងចាប់ផ្ដើមស្រក ហើយវិលទៅរកសភាពធម្មតាវិញ ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ស្អែកនេះតទៅ។ មន្ដ្រីបានបង្ហើបថា ស្ថានភាពជំនន់ខុសរដូវនេះ គឺតែងតែកើតឡើងក្នុងរយៈពេល២០ឆ្នាំម្ដង៕