(រតនគិរី)៖ សមណសិស្សចំនួន១២៩អង្គ/នាក់ នៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានចូលរួមប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាសិក្សា២០២២-២០២៣ ដែលបានរៀបចំធ្វើឡើងនៅសាលាបឋមសិក្សាសម្តេចក្រុមព្រះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។

ការប្រឡងនេះមានការនិមន្ត និងអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងពីសំណាក់ព្រះរតនសោភិត គឹម សុជាតិ ព្រះមេគណខេត្តគណៈមហានិកាយ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

លោក ទេព ណារ៉ា ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ឲ្យដឹងថា ការប្រឡងចែកចេញជា៣កម្រិត ដែលកម្រិតទី១ ថ្នាក់ត្រី មានសមណសិស្សចំនួន៦៥អង្គ/នាក់ កម្រិតទី២ ថ្នាក់ទោ មានសមណសិស្ស ចំនួន៤២អង្គ/នាក់ និងកម្រិត៣ ថ្នាក់ឯកមានសមណសិស្ស ចំនួន ២២អង្គ/នាក់ ហើយមុខវិជ្ជាដែលត្រូវប្រឡងរួមមាន ប្រជុំកងធម៌ មុខវិជ្ជា ពុទ្ធប្បវត្តិ មុខវិជ្ជា ព្រះវិន័យ និងមុខវិជ្ជាសាសនាសុភាសិត។

លោក ញ៉ែម សំអឿន បានលើកឡើងថា ការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ឆ្នាំសិក្សា២០២២-២០២៣ គឺជាការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើន និងមានសេចក្តីថ្លៃថ្នូរ ជូន ជាតិមាតុភូមិ ព្រោះព្រះពុទ្ធសាសនាជាមូលដ្ឋានគ្រិះ នៃចរិយាធម៌ គុណធម៌ សីលធម៌ និងការពង្រឹងនូវគុណភាពលើអភិបាលកិច្ច គ្រប់លំដាប់ថ្នាក់ ក្នុងជួរមន្រ្តីសង្ឃ ដើម្បីឱ្យកិច្ចការព្រះពុទ្ធសាស មានសណ្តាប់ធ្នាប់ល្អ ដើម្បីធានាបាននូវ ការសាមគ្គីភាពក្នុងជួរពុទ្ធសានិកជន ជាប្រការដ៏សំខាន់បំផុត។

លោកបន្តថា តាមរយៈការសិក្សាធម្មវិន័យ ប្រទេសជាតិទទួលបាននូវអ្នកមានចំណេះដឹងជាច្រើន ជាពហុសូត្រ ដែលជាសរសទ្រូងដ៏រឹងមាំ ក្នុងការរួមចំណែកថែរក្សាការពារវប្បធម៌ ប្រពៃណី អរិយធម៌ តាមគន្លងព្រះពុទ្ធ ដែលជា អត្តសញ្ញាណជាតិ។ ការយកចិត្តទុកដាក់សិក្សាផ្នែកព្រះពុទ្ធសាសនា ជាការចាំបាច់ត្រូវ ពង្រឹង និងពង្រីកពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ដោយប្រកាន់យកព្រះពុទ្ធឱវាទ ជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំ ចរិយាធម៌ និងស្មារតីជម្រុះចោល នូវការលោភលន់ ការច្រណែន និន្ទា គំនុំគំគួន និងអំពើហិង្សា ដែលធ្វើឱ្យបាត់បង់ នូវគុណតម្លៃ គុណប្រយោជន៍ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូល៕