(ស្វាយរៀង)៖ លោក ចាន់ កុលបុត្រ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ បានធ្វើពិធីប្រគេនប្រកាសនីយប័ត្រ គណៈសង្ឃពុទ្ធសាសនា ប្រគេនព្រះតេជគុណ ង៉ែត ប៊ុនធឿន ព្រះចៅអធិការ វត្តទួលតាកែវ ឡើងជាព្រះគ្រូសាសនធម្មធារ៍ នៃគណៈមហានិកាយ។

លោក ចាន់ កុលបុត្រ បានថ្លែងថា កត្តាសុខសន្តិភាព គឺជាឱកាស ធ្វើឲ្យកម្ពុជាទទួលបានជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលវិស័យអាណាចក្រ និង វិស័យពុទ្ធចក្រ បានរីកចម្រើន ឥតឈប់ឈរ ដូច្នេះត្រូវរួមគ្នាថែរក្សាសុខសន្តិភាពឱ្យគង់វង្សជានិរន្ត ដើម្បីមានឱកាសក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ទៀត។

លោកបានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ របស់គណៈសង្ឃនាយក និង ក្រុមការងារគណបក្ស បានធ្វើការត្រួតពិនិត្យ និង វាយតម្លៃស្នាដៃ របស់ព្រះតេជគុណ ង៉ែត ប៊ុនធឿន មានស្នាដៃល្អ ក្នុងការគ្រប់គ្រងវត្ត និង សិស្សគណ បានរីកចម្រើន ហើយដើម្បីជាការលើកទឹកព្រះទ័យ ហើយឱ្យព្រះតេជគុណបន្តស្នាដៃបន្ថែមទៀតក្នុងការអភិវឌ្ឍព្រះពុទ្ធសាសនា និង ជាម្លប់សម្រាប់ពទ្ធបរិស័ទចំណុះជើងវត្ត ទើបព្រះគ្រូត្រូវបានប្រគេនប្រកាសឡើងជា ព្រះគ្រូសាសនធម្មធារ៍ នៃគណៈមហានិកាយ៕